Tuesday, August 26, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមក្មេងទំនើង ៤០នាក់ វ៉ៃប៉ូលិស ជិះម៉ូតូបំបុក ជាប់ខ្នោះ៨ 

ក្មេងទំនើង ៤០នាក់ វ៉ៃប៉ូលិស ជិះម៉ូតូបំបុក ជាប់ខ្នោះ៨ 

ភ្នំពេញ ៖ ក្មេងទំនើង ១ក្រុមធំ មានគ្នាប្រមាណ ៤០នាក់ ជិះម៉ូតូប្រមាណ ២០គ្រឿង ប្រដាប់ដោយដែកបំពង់ទីបនិងដងឆត្រ បានធ្វើដំណើរប្រសាចពេញដងផ្លូវ លុះសមត្ថកិច្ចល្បាតប្រទះឃើញ ឃាត់សាកសួរ បែរជានាំគ្នាបើកម៉ូតូរត់គេច ថែមទាំងប្រើដងឆត្រ វាយសមត្ថកិច្ចនិងជិះម៉ូតូបំបុកម៉ូតូសមត្ថកិច្ច បណ្តាលឱ្យដួលរងរបួស២ នាក់ទៀត ទីបំផុតត្រូវបានសមត្ថកិច្ចចាប់ក្របួចជាប់ ចំនួន ៨នាក់។

ប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើងនេះ បានធ្វើឡើងកាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៥ នៅត្រង់ចំណុចក្បែរស្តុប ABC ផ្លូវបេតុង៥០ម៉ែត្រ ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ។

យោងតាមរបាយការណ៍របស់នគរបាលខណ្ឌដង្កោ ក្រុមក្មេងទំនើងនេះ មានរហស្សនាម ក្រុមទឹកអំពៅ ប្រដាប់ដោយដែកទីប និងដងឆត្រ ប្រវែង១១០សង់ទីម៉ែត្រ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនឈានដល់ការឃាត់ខ្លួនក្រុមក្មេងទំនើងខាងលើ សមត្ថកិច្ចនគរបាលខណ្ឌដង្កោ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលជើងឯក បានជិះម៉ូតូល្បាតនៅចំណុចស្តុបបារគូ ស្ថិតនៅភូមិបារគូ សង្កាត់ដង្កោ ក៏បានឃើញក្មេងទំនើង ១ក្រុម មានគ្នាប្រមាណ៤០នាក់ ជិះម៉ូតូ ២០គ្រឿង កាន់ដែកទីប ដងឆត្រ តាមផ្លូវបេតុង៥០ម៉ែត្រ។ ឃើញដូចនេះ សមត្ថកិច្ចបានហៅឱ្យឈប់ ដើម្បីធ្វើការសាកសួរ ប៉ុន្តែក្រុមជន សង្ស័យ មិនព្រមឈប់ឱ្យសមត្ថកិច្ចត្រួតពិនិត្យ បានបើកម៉ូតូគេច ទើបកម្លាំងសមត្ថកិច្ចប្រកាសតាមវិទ្យុទាក់ទង ឱ្យកម្លាំងដែលនៅគោលដៅខាងមុខ ជួយស្ទាក់ ស្រាប់តែត្រូវបានក្រុមជនសង្ស័យគ្រវីដែកទីបដងឆត្រ វាយទៅលើសមត្ថកិច្ច ដើម្បីកុំឱ្យសមត្ថកិច្ចចូលឃាត់ តែវាយមិនត្រូវ រួចក្រុមជនសង្ស័យនាំគ្នាបើកម៉ូតូគេចខ្លួនបន្តទៀត។

ប្រភពដដែល បន្តថា ពេលនោះ កម្លាំងសមត្ថកិច្ច បានជិះម៉ូតូដេញតាមក្រុមជនសង្ស័យ រហូតដល់ស្តុប ABC ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ ក៏ត្រូវក្រុមជនសង្ស័យបើកម៉ូតូបំបុកសមត្ថកិច្ច បណ្តាលឱ្យសមត្ថកិច្ចចំនួន២រូប ដួលម៉ូតូ រងរបួសស្រាល ហើយម៉ូតូរបស់ក្រុមជនសង្ស័យ ក៏ដួលដែរ ទើបសមត្ថកិច្ចឃាត់ ខ្លួនជនសង្ស័យ បានចំនួន៨នាក់ ដកហូតម៉ូតូ ចំនួន៥គ្រឿង និងវត្ថុតាងមួយចំនួនទៀត នាំយកមកសាកសួរ។ក្រុមក្មេងទំនើងទាំង៨នាក់ខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីសាកសួរ និងរៀបចំកសាងសំណុំរឿង បញ្ជូនទៅជាត់ការបន្តតាមនីតិវិធី៕

RELATED ARTICLES