ខេត្តឧត្តរមានជ័យ ៖ វីរកងទ័ពជួរមុខ មួយរូប កំពុងជាប់ដៃឈរជើងការពារទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែន ស្រាប់តែស្ត្រីជាប្រពន្ធបែកគំនិតផិតក្បត់ លួចឆាតទាក់ទងជាមួយប្រុសថ្មី រហូតដល់រត់ចោលប្តីបាត់ ដោយទុកកូនស្រីម្នាក់ ឱ្យប្តីមើលថែ លុះក្រាយមក បានជួបស្នេហ៍ជាមួយនារីក្រមុំម្នាក់ ដែលមានចិត្តស្មោះ ព្រមចាប់ដៃរួមរស់ជាប្តីប្រពន្ធ រហូតបង្កើតបានកូនប្រុសម្នាក់ និងកំពុងមានផ្ទៃពោះកូនទី២ ជាង៧ខែ ប៉ុន្តែកំពុងមានការព្រួយ បារម្ភ ដោយសារកៀកថ្ងៃសម្រាលកូន ប្តីត្រូវជាប់ភារកិច្ចការពារទឹកដីនៅសមរភូមិមុខ ឯប្រពន្ធ មានប្រាក់ជាប់ ខ្លួនត្រឹមតែ ១០ម៉ឺនរៀលប៉ុណ្ណោះ សម្រាប់ត្រៀមទុកសម្រាលកូន។

វីរកងទ័ព ដែលត្រូវប្រពន្ធទី១ រត់ចោល ចំណែកប្រពន្ធទី២ មានផ្ទៃពោះ ខ្វះលុយត្រៀមសម្រាលនោះ មានឈ្មោះ ថូ រស្មី អាយុ៣៥ឆ្នាំ កំពុងឈរជើងប្រចាំការនៅតំបន់ជួរមុខ សមរភូមិប្រាសាទតាមាន់ធំ ខេត្តឧត្តរ មានជ័យ។ ចំណែកស្ត្រីជាប្រពន្ធ មានឈ្មោះ ថន កន្និកា អាយុ២៥ឆ្នាំ មុខរបរនៅផ្ទះ កំពុងស្នាក់នៅក្រុងសំរោង ខេត្តឧត្តរមានជ័យ។
លោក ថូ រស្មី បានរៀបរាប់ពីដំណើរជីវិតដ៏ជូរចត់របស់ខ្លួនថា លោកគឺជាកូនកំព្រាឪពុកម្តាយ ចំណែកបងប្អូន មានដល់ទៅ ៦នាក់ ប៉ុន្តែបានបែកបាក់គ្នា អស់ទៀត ហើយលោកបានចូលបម្រីការងារជាយោធា ប្រចាំការនៅព្រំដែនខេត្តឧត្តរមានជ័យ តាំងពីអាយុ២០ឆ្នាំ មកម៉្លេះ គិតមកដល់ពេលនេះ មានរយៈពេល ១៥ឆ្នាំមកហើយ។ កន្លងមក លោកធ្លាប់មានប្រពន្ធទី១ រួមរស់បង្កើតបានកូនប្រុសស្រី ២នាក់ (កូនប្រុសស្លាប់) នៅសល់កូនស្រីសព្វថ្ងៃ មានអាយុជាង ១០ឆ្នាំហើយ។

លោក ថូ រស្មី បាន បន្តថា កាលពីរួមរស់ជាមួយប្រពន្ធទី១ នោះ ដោយសារតែជីវភាពទីទ័លក្រផង គ្មានផ្ទះ សម្បែងស្នាក់នៅត្រឹមត្រូវ និងគ្មានសូម្បីតែម៉ូតូសម្រាប់ជិះ ណាមួយ លោកត្រូវទៅប្រចាំការនៅប្រាសាទតាមាន់ ដោយដាក់វេនគ្នា ប្រចាំការម្នាក់ ១ខែ ទើបធ្វើឱ្យគ្មានពេលវេលា មើលថែ ថ្នាក់ថ្នមប្រពន្ធ ជាហេតុធ្វើឱ្យប្រពន្ធចាប់ផ្តើមរករឿងឈ្លោះប្រកែកជាញឹកញាប់ ចំណែកក្រុមគ្រួសារខាងម្តាយក្មេក ក៏មើលងាយមើលថោករូបលោកជាយោធាផងដែរ។
វីរកងទ័ពអភ័ព្វ បានបន្តថា លុះក្រោយមក នៅអំឡុងឆ្នាំ២០១២ ខណៈដែលលោកកំពុងប្រចាំការនៅជួរមុខ (ប្រាសាទតាមាន់ធំ) ស្រាប់តែប្រពន្ធ បានបែកគំនិតផិតក្បត់ ទាក់ទងប្រុសថ្មីតាមឆាត រហូតដល់ក្រោយមកបានវេចបង្វេចរត់តាមប្រុសថ្មីបាត់ ដោយទុកកូនស្រី ឱ្យនៅជាមួយបងរបស់នាង។ ចំណែកលោក ដោយ សារតែជាប់ដៃការពារព្រំដែន មិនបានដឹងសោះថាប្រពន្ធ បានរត់តាមប្រុសថ្មី រហូតដល់បងថ្លៃទូរស័ព្ទប្រាប់ ទើបលោកបានដឹង និងឈឺចិត្តស្ទើរក្អួតឈាមស្លាប់។ លុះក្រោយមក លោកបានឡើងទៅទទួលយកកូនស្រី មកចិញ្ចឹមមើលថែ ដល់សព្វថ្ងៃ ដោយពេលនេះ កូនស្រី (កូនប្រពន្ធទី១) កំពុងស្នាក់នៅជាមួយបងជីដូនមួយរបស់លោក។

វីរកងទ័ព ថូ រស្មី បានបន្តទៀតថា ក្រោយពីប្រពន្ធរត់ចោល អស់រយៈពេលជិត ១០ឆ្នាំ ទើបថ្ងៃមួយ លោកបានដើរហាត់ប្រាណ បានជួបនាងក្រមុំម្នាក់ ឈ្មោះ ថន កន្និកា (ប្រពន្ធសព្វថ្ងៃ) នៅសួនច្បារ រួចក៏បានសួរនាំគ្នា រហូតបង្កើតបានទំនាក់ទំនង និងក្លាយជាចំណងស្នេហ៍ ចាប់ដៃគ្នារួមរស់ជាប្តីប្រពន្ធ គិតមកដល់ពេលនេះ មានរយៈពេលជាង ៣ឆ្នាំមកហើយ ដោយបង្កើតបានកូនប្រុសម្នាក់ អាយុជាង១ខួប និងកំពុងមានផ្ទៃពោះកូនទី២ ប្រមាណជាង ៧ខែទៀតផង។
លោក ថូ រស្មី បានបញ្ជាក់ថា ក្រោយពីចាប់ដៃជាមួយប្រពន្ធ ឈ្មោះ ថន កន្និកា មក ឃើញថាជីវិតលោក ហាក់ជួបពន្លឺភ្លឺស្វាងបានមួយកម្រិត ទោះបីគ្មានផ្ទះសម្បែងស្នាក់នៅ គ្មានទ្រព្យសម្បត្តិអ្វីជាប់ខ្លួន ប៉ុន្តែការរស់នៅជាប្តីប្រពន្ធ មានការយល់ចិត្ត និងចេះអធ្យាស្រ័យគ្នាទៅវិញ ទៅមក ហើយលោកមើលឃើញថា ប្រពន្ធពិតជាមានចិត្តស្មោះជាមួយប្តី ១០០ភាគរយ ទោះប្តីគ្មានលុយកាក់ ទ្រព្យសម្បត្តិ ផ្តល់ឱ្យ និងមិនមានសូម្បីពេលវេលានៅមើលថែ ក៏ប្រពន្ធរបស់លោក មិនដែលរអ៊ូរទាំ ឬរករឿងអ្វីឡើយ។
នាង ថន កន្និកា ជាភរិយាវីរកងទ័ពជួរមុខ បានរៀបរាប់ថា ពេលស្គាល់ប្តីដំបូង នៅសួនច្បារ នាងហាក់មានអារម្មណ៍ថា មាននិស្ស័យជាមួយគាត់ខ្លាំងណាស់ លុះក្រោយពីបានប្រាស្រ័យទាក់ទង រៀបរាប់ពីដំណើរជីវិតផ្ទាល់ខ្លួនប្រាប់គ្នាទៅវិញទៅមក និងបានដឹងថា គាត់ជាបុរសពោះម៉ាយ ត្រូវប្រពន្ធរត់ចោល កាន់តែធ្វើឱ្យនាងមានចិត្តអាណិតនិងគោរពដល់វីរភាពរបស់គាត់ខ្លាំងណាស់ ដែលលះបង់សាច់ស្រស់ ឈាមស្រស់ ឈរជើងការពារដែនអធិបតេយ្យជាតិ បែរជាត្រូវប្រពន្ធក្បត់ចិត្ត រត់ចោលទៅវិញ។
នាង ថន កន្និកា បានបន្តថា គិតមកដល់ពេលនេះ នាងនិងប្តី បានរួមរស់រយៈពេល ៣ឆ្នាំមកហើយ ។ តាំងពីចាប់ដៃជាមួយប្តីមក នាងបង្កើតបានកូនប្រុសម្នាក់ និងកំពុងមានផ្ទៃពោះកូនក្នុងផ្ទៃ ជាង៧ខែទៀតផង។ សព្វថ្ងៃ នាងបានមកជួលដីគេ តម្លៃ៨ម៉ឺនរៀល និងបានសង់ខ្ទមមួយ គ្រាន់បានស្នាក់នៅជាមួយកូន ខណៈដែលប្តី ជាប់ ដៃការពារទឹកដីព្រំដែន យូរៗទើបបានមកលេងផ្ទះម្តង ។ កាលផ្ទុះសង្គ្រាម ទាហានថៃ ឈ្លានពាន ៥ថ្ងៃ ប្តីរបស់នាងបានឈរជើងនៅសមរភូមិជួរមុខ ការពារទីតាំងប្រាសាទតាមាន់ធំ ជាមួយវីរកងទ័ពដទៃទៀត យ៉ាងអង់អាចក្លាហាន ធ្វើឱ្យរូបនាងជាប្រពន្ធ មានមោទនភាពចំពោះប្តីយ៉ាងខ្លាំង។

ភរិយាវរីកងទ័ព បានបញ្ជាក់ថា អ្វីដែលជាកង្វល់របស់នាងនៅពេលនេះ គឺនាងកំពុងមានផ្ទៃពោះ ជិតគ្រប់ខែទៅហើយ ប៉ុន្តែប្តីត្រូវជាប់ភារកិច្ចឈរជើងនៅសមរភូមិមុខ មិនអាចមកមើលថែនាងជាប្រពន្ធបាន ហើយអ្វីកាន់តែលំបាកខ្លាំងនោះ គឺកៀកថ្ងៃសម្រាល នាងមានប្រាក់ត្រឹមតែ ១០ម៉ឺនរៀលប៉ុណ្ណោះ នៅជាប់ខ្លួន។ ហេតុនេះនាងសូមអំពាវនាវដល់សប្បុរសជន មេត្តាជួយដល់រូបនាងផង ដោយអាចទាក់ទងចូលរួមឧបត្តម្ភ តាមរយៈលេខទូរស័ព្ទរបស់នាងផ្ទាល់ លេខ ០៧១ ៦៥៦ ០៨ ៩៣ ៕ ដារិទ្ធ