Friday, September 12, 2025
Homeទេសចរណ៍កម្ពុជា ទិញយន្តហោះចិន ២០គ្រឿង បន្ថែមលើយន្តហោះអាមេរិក ១០គ្រឿង

កម្ពុជា ទិញយន្តហោះចិន ២០គ្រឿង បន្ថែមលើយន្តហោះអាមេរិក ១០គ្រឿង

ភ្នំពេញ ៖ ក្រៅពីផែនការទិញយន្តហោះប្រភេទ Boeing 737-800 MAX ចំនួន១០គ្រឿង ពីអាមេរិក ពេលនេះក្រុមហ៊ុនអាកាសចរណ៍ជាតិ (Air Cambodia) ដែលប្តូរឈ្មោះមកពីក្រុមហ៊ុនអាកាសចរណ៍អង្គរអ៊ែរ ដែលមានភាគហ៊ុនធំរបស់រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបញ្ជាទិញយន្តហោះដឹកអ្នកដំណើររបស់ប្រទេសចិន C909 regional ចំនួន២០គ្រឿង ក្នុងនោះ ១០គ្រឿង បានបញ្ជាក់ការបញ្ជាទិញ និង១០គ្រឿងផ្សេងទៀត មានបំណងបញ្ជាទិញ ។

លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានចាត់ទុកកិច្ចព្រមព្រៀងនេះ គឺជាវឌ្ឍនភាពថ្មីនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យអាកាសចរណ៍ ប្រទេសទាំងពីរ ដែលមានអត្ថប្រយោជន៍សំខាន់សម្រាប់ភាគីទាំងពីរ ។

 លោក វ៉ាង វិនពីន បានបញ្ជាក់តាមទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ថា “នាថ្ងៃទី៨ កញ្ញា ក្រុមហ៊ុនកម្ពុជា Air Cambodia និងក្រុមហ៊ុនចិន Commercial Aircraft Corporation of China, Ltd., (COMAC) បានចុះអនុស្សរណៈនៃការយោគយល់គ្នា អំពីការគ្រោងនឹងទិញយន្តហោះដែលផលិតដោយចិន ផ្ទាល់ គឺ C909 regional ចំនួន ២០គ្រឿង ដែលក្នុងនោះចំនួន ១០គ្រឿង បានបញ្ជាក់ការបញ្ជាទិញ និងចំនួន ១០គ្រឿងផ្សេងទៀត មានបំណងបញ្ជាទិញ។ ភាគីទាំងពីរ នៅគ្រោងនឹងសហការគ្នាលើវិស័យការបញ្ជាទិញយន្តហោះ ការគាំទ្រប្រតិបត្តិការ និងបណ្ដុះបណ្ដាលផលិតកម្ម ជាដើម។ នេះគឺជាវឌ្ឍនភាពថ្មីនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យដែនអាកាស នៃប្រទេសទាំងពីរ ដែលមានអត្ថប្រយោជន៍សំខាន់សម្រាប់ភាគីទាំងពីរ“។

ថ្លែងប្រាប់អ្នកសារព័ត៌មាន លោក ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បញ្ជាក់ថា លោកមិនទាន់បានទទួលព័ត៌មានជាក់លាក់អំពីអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុនទាំងពីរនេះទេ តែលោកថា នេះជាផែនការសម្រាប់អនាគតរបស់ក្រុមហ៊ុន ដែលឆ្លើយតបសម្រាប់តម្រូវការនាពេលអនាគត ហើយការទិញលក់យន្តហោះពាណិជ្ជកម្ម អាចត្រូវការពេលក្នុងរង្វង់ពី ៣ឆ្នាំ ទៅ៥ឆ្នាំ យ៉ាងតិច។ លោកបន្តថា ក្នុងតំបន់អាស៊ាន យន្តហោះរបស់ចិន ប្រភេទ C909 កំពុងប្រតិបត្តិការហោះហើរដឹកជញ្ជូនអ្នកដំណើរនៅប្រទេសឥណ្ឌូនេស៊ី ឡាវ និងវៀតណាម ហើយប្រទេសប៊្រុយណេ ក៏កំពុងពិចារណាប្រើប្រាស់យន្តហោះប្រភេទនេះផងដែរ។ ចំពោះកម្ពុជា ស្ថិតនៅក្នុងផែនការសម្រាប់អនាគត ហើយក៏មានផែនការទិញយន្តហោះប្រភេទ Boeing 737-800 MAX ចំនួន១០គ្រឿង ពីអាមេរិក ផងដែរ ។

ប្រភពសារព័ត៌មានចិន South China Morning Post បានផ្សាយថា ក្រុមហ៊ុន Comac របស់ចិន ឈ្នះការបញ្ជាទិញនៅក្រៅប្រទេស ដ៏ធំបំផុតមួយ សម្រាប់យន្តហោះ C909 នៅកម្ពុជា តាមរយៈកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Air Cambodia ក្នុងបញ្ជាទិញយន្តហោះនេះ រហូតដល់ ២០គ្រឿង ដែលបង្ហាញពីវត្តមានកើនឡើងរបស់ក្រុមហ៊ុន Comac ក្នុងតំបន់ ។        សារព័ត៌មានខាងលើ បានសរសេរថា យន្តហោះដែលផលិតដោយជនជាតិឥណ្ឌា គ្រោងនឹងពង្រីកស្លាបបន្ថែមទៀត នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីក្រុមហ៊ុន Air Cambodia បានប្រកាសពីអ្វីដែលអាចក្លាយជាការបញ្ជាទិញនៅក្រៅប្រទេសដ៏ធំបំផុត មិនធ្លាប់មាន សម្រាប់យន្តហោះដឹកអ្នកដំណើរ C909 ។ ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយសាជីវកម្មយន្តហោះពាណិជ្ជកម្មនៃប្រទេសចិន (Comac) សម្រាប់យន្តហោះ ចំនួន១០គ្រឿង ជាមួយនឹងជម្រើសក្នុងការទិញ ១០គ្រឿងបន្ថែមទៀត។

 យោងតាមសេចក្តីថ្លែងការណ៍របស់ Comac ដែលជាក្រុមហ៊ុនផលិតយន្តហោះ មានមូលដ្ឋាននៅទីក្រុងសៀងហៃ ដែលផលិតយន្តហោះដឹកអ្នកដំណើរ C919 ច្រកផ្លូវតែមួយ បានបញ្ជាក់ថា “ភាគីទាំងពីរ នឹងសហការយ៉ាងជិតស្និទ្ធ លើការណែនាំយន្តហោះ ការគាំទ្រប្រតិបត្តិការ និងការអភិវឌ្ឍន៍ឧស្សាហកម្ម” ។

គួរបញ្ជាក់ដែរថា យន្តហោះ Comac C909 ដែលមានឈ្មោះដើមថា ARJ21 Xiangfeng គឺជាយន្តហោះក្នុងតំបន់ 78-90កៅអី ដែលផលិតដោយក្រុមហ៊ុនអាកាសចរណ៍រដ្ឋចិន Comac ។ ការអភិវឌ្ឍន៍នៃ ARJ21 បានចាប់ផ្តើមនៅក្នុងខែមីនា ឆ្នាំ២០០២ ដែលដឹកនាំដោយសម្ព័ន្ធ ACAC ដែលជាកម្មសិទ្ធិរបស់រដ្ឋ។ គំរូដំបូង ត្រូវបានចេញផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០០៧ ហើយបានធ្វើការហោះហើរលើកដំបូង នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៨ ពីទីក្រុងសៀងហៃ។ វាបានទទួលវិញ្ញាបនបត្រប្រភេទ CAAC នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤ ហើយត្រូវបានណែនាំនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ ដោយក្រុមហ៊ុន Chengdu Airlines ។ សម្ព័ន្ធ ACAC ត្រូវបានរៀបចំឡើងវិញក្នុងឆ្នាំ២០០៩ ជាផ្នែកមួយនៃក្រុមហ៊ុន Comac ហើយយន្តហោះនេះ ត្រូវបានប្តូរឈ្មោះជា C909 ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ។ វាមានស្លាបព្រិល 25° ដែលរចនាដោយលោក អាន់តូណូវ (Antonov) និងម៉ាស៊ីន General Electric CF34 ដែលបំពាក់នៅខាងក្រោយភ្លោះ។ នៅឆ្នាំ២០២៥ យន្តហោះ ១៧២គ្រឿង ត្រូវបានចែកចាយ ។

សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ជាតិ អង្គរ អ៊ែរ ដែលបញ្ជាទិញយន្តហោះចិន ខាងលើនេះ គឺជាក្រុមហ៊ុនអាកាសចរណ៍ជាតិ តែមួយគត់ ដែលត្រូវបានបង្កើតឡើងកាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០០៩។ ប៉ុន្តែកាលពីខែមករា ឆ្នាំ២០២៥ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចហ៊ុន ម៉ាណែត បានចេញអនុក្រឹត្យសម្រេចប្តូរឈ្មោះក្រុមហ៊ុនអាកាសចរណ៍ជាតិ អង្គរ អ៊ែរ ទៅជាក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជា ជាភាសាអង់គ្លេស Air Cambodia ។ ក្រុមហ៊ុននេះ រាជរដ្ឋាភិបាល កាន់កាប់ភាគហ៊ុន ៣០ភាគរយ, ក្រុមហ៊ុនចិន Xing Gang Investment Group កាន់កាប់ភាគហ៊ុន ២៨ភាគរយ, ក្រុមហ៊ុន Seven Trip International ចំនួន ២៨ ភាគយ និងក្រុមហ៊ុនអាកាសចរណ៍វៀតណាម ១៤ភាគរយ។ ក្រុមហ៊ុនអាកាសចរណ៍ជាតិនេះ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់វិស័យដឹកជញ្ជូនផ្លូវអាកាសទេសចរណ៍ជាតិ និងអភិវឌ្ឍសេដ្ឋកិច្ចក្នុងរយៈពេល ១៦ឆ្នាំកន្លងមកនេះ ៕ កុលបុត្រ

RELATED ARTICLES