ភ្នំពេញ ៖ អង្គការសង្គមស៊ីវិល ចំនួន៥៤ បានចេញសេចក្ដីថ្លែងការណ៍រួម ស្នើរាជរដ្ឋាភិបាលកម្ពុជា លុបចោលវិសោធនកម្មច្បាប់ស្ដីពីសញ្ជាតិ ដោយលើកឡើងថា ការដកហូតសញ្ជាតិខ្មែរពីកំណើរ ពីពលរដ្ឋខ្មែរ អាចនឹងមានផលវិបាកធំធេងនិងធ្ងន់ជាច្រើន ។ អំពើនេះ ក៏នឹងដកហូតនូវសិទិ្ធសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ ក្នុងការកាន់កាប់ដីធ្លី ការទទួលបានសេវាសុខាភិបាលសាធារណៈ ការអប់រំ ការរៀបអាពាហ៍ពិពាហ៍ ការធ្វើការងារស្របច្បាប់ ការចូលរួមក្នុងសកម្មភាពនយោបាយ និងការធ្វើដំណើរចេញ-ចូលប្រទេស ។

សេចក្ដីថ្លែងការណ៍រួម របស់អង្គការសង្គមស៊ីវិល ទាំង៥៤ ចុះថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ មានខ្លឹមសារទាំងស្រុងថា “ វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ នឹងផ្តល់អំណាចពេញលេញដល់អាជ្ញាធរ ដើម្បីដកហូតសញ្ជាតិ ពីពល រដ្ឋខ្មែរ ដែលធ្វើឱ្យអ្នកទាំងនោះ ក្លាយជាជនគ្មានសញ្ជាតិ ។ មូលហេតុដែលអាចដកសញ្ជាតិបាន ត្រូវបានចែងនៅក្នុងមាត្រា ២៩ថ្មី នៃច្បាប់នេះ ហើយនីតិវិធីជាក់លាក់ក្នុងការដកហូត នឹងត្រូវបានបញ្ញត្តិនៅក្នុងអនុក្រឹត្យដាច់ដោយឡែកមួយទៀត ។ នៅក្នុងសេចក្តីថ្លែងការណ៍រួមនេះ យើងខ្ញុំនឹងពន្យល់អំពីមូលហេតុ និងរបៀបដែលវិសោធនកម្មច្បាប់នេះ មានលក្ខណៈទូលាយនិងស្រពេចស្រពិល ដែលរំលោភទៅនឹងបទដ្ឋានគតិយុត្ត និងច្បាប់អន្តរជាតិ ។
វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ ត្រូវបានអនុម័ត ក្រោយពេលដែលមានការអំពាវនាវរបស់សម្តេច ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងក្រោយពេលមានការបើកផ្លូវតាមរយៈការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ កាលពីថ្ងៃទី១៥ ខែ កក្កដា ឆ្នាំ ២០២៥ ។ ក្រុមសង្គមស៊ីវិល ជាង ៥០ ស្ថាប័ន/ក្រុម បានលើកឡើងអំពីកង្វល់របស់ពួកគេ ពាក់ព័ន្ធនឹងផលប៉ះពាល់អវិជ្ជមានយ៉ាងធ្ងន់ធ្ងរ នៃវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ ដែលរួមមានលទ្ធភាពនៃការអនុវត្តខុសគោលដៅ និងផលប៉ះពាល់ទៅលើសកម្មជនសិទិ្ធមនុស្ស នយោបាយនិងសង្គម និងប្រជាពលរដ្ឋសាមញ្ញ ដែលអ្នកទាំងនោះអាចនឹងប្រឈមនឹងការបាត់បង់សិទិ្ធសេរីភាព ដោយជាប់ពន្ធនាគារ ហើយនិងបាត់បង់នូវអត្តសញ្ញាណជាពលរដ្ឋ “ខ្មែរ” ។
-សិទិ្ធក្នុងការទទួលបានសញ្ជាតិ
មាត្រា ១៥ នៃសេចក្តីប្រកាសជាសកលស្តីពីសិទិ្ធមនុស្ស បានចែងថា “មនុស្សគ្រប់រូបមានសិទិ្ធទទួលបានសញ្ជាតិមួយ” ហើយ “គ្មានជនណាម្នាក់អាចត្រូវដកហូតសញ្ជាតិ ឬរារាំងសិទិ្ធប្តូរសញ្ជាតិរបស់ខ្លួនដោយរំលោភបានឡើយ” ។ សេចក្តីប្រកាសរបស់អាស៊ាន ស្តីពីសិទិ្ធមនុស្ស ក៏មានចែងនូវមាត្រា១៨ ដែលមានអត្ថន័យដូចគ្នានឹងសេចក្តីប្រកាសជាសកលខាងលើដែរ ក៏ដូចជាអនុសញ្ញាអន្តរជាតិ ស្តីពីសិទិ្ធមនុស្ស ដទៃទៀត ដែលប្រទេសកម្ពុជា បានផ្តល់សច្ចាប័ន និងបានបញ្ចូលទៅក្នុងច្បាប់ជាតិ តាមរយៈមាត្រា ៣១ នៃរដ្ឋធម្មនុញ្ញ ។
ដើម្បីចៀសវាងពីការ “អនុវត្តមិនត្រឹមត្រូវ” តាមច្បាប់អន្តរជាតិ ការដកហូតសញ្ជាតិ ត្រូវ ៖
• អនុវត្តតាមនីតិវិធីមួយដែលអាចដឹងជាមុន និងធានាបាននូវយុត្តិធម៌ ៖ តើមានច្បាប់ ឬបទដ្ឋានគតិយុត្តដែលច្បាស់លាស់និងជាក់លាក់ សម្រាប់អនុវត្តការដកហូតសញ្ជាតិឬទេ? តើមាននីតិវិធីត្រឹមត្រូវមួយ ដើម្បីអនុវត្តឬទេ ?
• ភាពចាំបាច់ ៖ តើមានទោសទណ្ឌដែលមានលក្ខណៈស្រាលជាង ឬល្អជាង ដើម្បីដោះស្រាយបញ្ហាដែលកើតមានឬទេ ?
• សមាមាត្រ ៖ តើទោសទណ្ឌនេះ មានលក្ខណៈសមាមាត្រទៅនឹងអំពើល្មើសឬទេ ?
• សមហេតុផលទៅនឹងសត្យានុម័ត ៖ តើមានមូលហេតុរឹងមាំ ដែលបញ្ជាក់ថាអំពើល្មើស សមនឹងទទួលរងទោសទណ្ឌនេះឬទេ ?
• មិនរើសអើង ៖ តើទោសទណ្ឌ អាចត្រូវបានអាជ្ញាធរអនុវត្តដោយភាពរើសអើងរបស់ខ្លួន ទៅលើជនណាម្នាក់ឬទេ? ដូចជាដោយសារនិន្នាការនយោបាយ ជាតិពន្ធុ ឬឋានៈក្នុងសង្គមផ្សេងទៀត ?
វិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ ដែលទើបតែត្រូវបានអនុម័ត មិនបានគោរពតាមលក្ខខណ្ឌខាងលើនោះទេ ។ មាត្រា២៩ នៃច្បាប់ស្តីពីសញ្ជាតិ អនុញ្ញាតឱ្យអាជ្ញាធរដកហូតសញ្ជាតិ ពីពលរដ្ឋខ្មែរ ក្នុងលក្ខខណ្ឌដែលមានចែងយ៉ាងទូលាយ និងស្រពេចស្រពិល ដោយមិនផ្តល់និយមន័យឱ្យបានច្បាស់លាស់ទៅលើលក្ខខណ្ឌនីមួយៗនោះទេ ដូចជា ៖
• “ប្រព្រឹត្តអំពើក្បត់ជាតិ ឬធ្វើសកម្មភាពគប់គិតគ្នាជាមួយបរទេស ដែលនាំឱ្យអន្តរាយដល់ផលប្រយោជន៍ស្នូលរបស់ព្រះរាជាណាចក្រកម្ពុជា”
• “ធ្វើសកម្មភាពដែលនាំឱ្យអន្តរាយដល់អធិបតេយ្យជាតិ បូរណភាពទឹកដី និងសន្តិសុខជាតិ” និង
• “ត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋឬបទមជ្ឈិម ដែលពាក់ព័ន្ធនឹងការរំលោភបំពានដល់អង្គព្រះមហាក្សត្រ ការប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ ឬអំពើភេរវកម្ម” ។
ឃ្លាខាងលើ ដែលជានិយមន័យនៃអំពើល្មើស មានលក្ខណៈទូលាយ និងអាចឱ្យអាជ្ញាធរអនុវត្តច្បាប់ដោយអត្តនោម័ត ហើយមិនអាចឱ្យសាធារណជនអាចដឹងជាមុនបាន ពីលក្ខខណ្ឌជាក់លាក់នៃអំពើល្មើស និងផ្តល់នូវលទ្ធភាពខ្ពស់ឱ្យអាជ្ញាធររដ្ឋក្នុងការបកស្រាយ និងប្រើប្រាស់តាមចិត្ត ។ ជាឧទាហរណ៍ អំពើល្មើសក្នុងចំណុចពីរដំបូងខាងលើ មិនតម្រូវឱ្យតុលាការពិនិត្យលើភស្តុតាង ឬសម្រេចផ្តន្ទាទោស ពីបទល្មើសព្រហ្មទណ្ឌ ជាមុននោះទេ ដោយគ្រាន់តែមានសកម្មភាព “ប្រព្រឹត្ត” អំពើល្មើស ឬ “គប់គិត” ដែលនាំឱ្យ “អន្តរាយ” គឺគ្រប់គ្រាន់អាចចាត់ជាអំពើល្មើសតាមវិសោធនកម្មច្បាប់នេះ ។ ក្នុងន័យនេះ គឺមិនមានដំណើរការនីតិវិធីមួយដែលផ្តល់យុត្តិធម៌សម្រាប់ជនត្រូវចោទនោះទេ ហើយក៏មិនមាននីតិវិធីណាមួយ ដែលអាចបង្ហាញភាពសមហេតុផលទៅនឹងសត្យានុម័តនៃការចោទប្រកាន់ទៅលើជនត្រូវចោទនោះដែរ ។ នីតិវិធីដែលផ្តល់យុត្តិធម៌ ក៏រួមបញ្ចូលផងដែរ នូវការសរសេរជាលាយលក្ខណ៍អក្សរ អំពីសេចក្តីសម្រេចដកហូតសញ្ជាតិ ហើយសេចក្តីសម្រេចនោះទៀតសោត ត្រូវបើកផ្លូវឱ្យជនដែលត្រូវបានដកហូតសញ្ជាតិ អាចប្តឹងជំទាស់បាន ទៅកាន់ស្ថាប័នឯករាជ្យមួយ ដែលមានអំណាចគ្រប់គ្រាន់ ដើម្បីអាចបដិសេធចោលសេចក្តីសម្រេចនោះ ។ នៅកម្ពុជា មិនមានច្បាប់ណាមួយ ចែងអំពីលក្ខខណ្ឌគតិយុត្តខាងលើនេះទេ។
ការអាចដឹងជាមុនបាន មិនត្រូវបានពិចារណានោះទេ នៅពេលប្រើប្រាស់ពាក្យមួយចំនួនដែលមានន័យស្រពេចស្រពិល ដូចជា “ផលប្រយោជន៍ស្នូល” “សន្តិសុខជាតិ” ឬ “ការប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ” ដែលឃ្លាទាំងនេះ អាចត្រូវបានអាជ្ញាធរបកស្រាយបានច្រើនយ៉ាង ។ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ សកម្មជនបរិស្ថាន ជាច្រើននាក់ ដោយគ្រាន់តែធ្វើការពិសោធន៍ទឹក រកសារធាតុពុល ហើយផ្សព្វផ្សាយជាសាធារណៈ ត្រូវបានអាជ្ញាធររដ្ឋ ចោទ ប្រកាន់ថា ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ ។ ដូចនេះប្រសិនបើពលរដ្ឋ “ខ្មែរ” ណាម្នាក់ រងការចោទប្រកាន់ដែលមានលក្ខណៈទូលាយខាងលើនេះ ដោយយោងតាមវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ ហើយអាចធ្វើឱ្យប្រ ជាពលរដ្ឋ “ខ្មែរ” នោះ បាត់បង់សញ្ជាតិ តើអាចឱ្យពលរដ្ឋ “ខ្មែរ” ដទៃទៀត យល់ដឹងដោយរបៀបណាទៅថា សកម្មភាពណាខ្លះ ជាការប៉ះពាល់សន្តិសុខជាតិ និងអាចធ្វើឱ្យអាជ្ញាធរដ្ឋដកហូតសញ្ជាតិខ្មែរ ពីពួកគាត់ ?
លើសពីនេះទៅទៀត វិសោធនកម្មច្បាប់នេះ មិនមានភាពចាំបាច់ ឬសមាមាត្រនោះទេ។ យោងតាមច្បាប់អន្តរជាតិ ការដកហូតសញ្ជាតិ ត្រូវបានចាត់ទុកថា ជាជម្រើសទណ្ឌកម្មចុងក្រោយ ។ ទោសទណ្ឌនេះ អាចត្រូវបានអាជ្ញាធរប្រើប្រាស់តែនៅក្នុងករណីដែលវិធានការនានា មិនអាចសម្រេចបាននូវគោលបំណងរបស់រដ្ឋ ។ អាជ្ញាធររដ្ឋនៅកម្ពុជា មិនបានផ្តល់អំណះអំណាងណាមួយដែលបញ្ជាក់ថា មូលហេតុអ្វីបានជាក្រមព្រហ្មទណ្ឌ មិនអាចដោះស្រាយបញ្ហា និងរក្សាបាននូវ “សន្តិសុខជាតិ” ។
វិសោធនកម្មច្បាប់នេះ ក៏មិនបានហាមឃាត់ការអនុវត្តដោយការរើសអើង ផ្អែកលើនិន្នាការនយោបាយ ជាតិពន្ធុ ឬឋានៈសង្គមផ្សេងទៀតនោះដែរ ។ ការផ្តន្ទាទោសថ្មីៗនេះ ទៅលើសកម្មជនសង្គមនិងនយោបាយ ជាច្រើននាក់ ពីបទពាក់ព័ន្ធនឹងសន្តិសុខជាតិ និងរួមគំនិតក្បត់ បានបង្ហាញឱ្យឃើញអំពីហានិភ័យខ្ពស់ទៅលើពលរដ្ឋ “ខ្មែរ” ប្រភេទខាងលើនេះ នៅពេលអនុវត្តវិសោធនកម្មច្បាប់នេះ ។ វិសោធនកម្មច្បាប់នេះ ក៏មិនបានចែងនូវការណ៍ដែលមិនមានពលរដ្ឋ “ខ្មែរ” ណាម្នាក់ នឹងត្រូវបានដកហូតសញ្ជាតិ ដោយសារនិន្នាការនយោបាយ ជាតិពន្ធុ ឬលក្ខណៈផ្សេងទៀត ដែលត្រូវបានគាំពារដោយច្បាប់អន្តរជាតិនោះទេ ។
លើសពីនេះ អ្នកដែលត្រូវអាជ្ញាធរដកហូតសញ្ជាតិ ក្រោមវិសោធនកម្មច្បាប់នេះ អាចនឹងក្លាយជាជនគ្មានសញ្ជាតិ ដែលនេះជាអំពើរំលោភច្បាប់អន្តរជាតិ ។ វិសោធនកម្មច្បាប់នេះ អនុញ្ញាតឱ្យអាជ្ញាធរ ដកហូតសញ្ជាតិ ប្រសិនបើ “មានមូលដ្ឋានដែលអាចជឿជាក់ថា ប្រជាពលរដ្ឋខ្មែរ រូបនោះ អាចទទួលបានសញ្ជាតិផ្សេងទៀត ឬទទួលបានការគាំពារពីរដ្ឋបរទេស” ។ វាក្យខណ្ឌនេះ មានលក្ខណៈស្រពេចស្រពិល និងមិនអាចដឹងមុននោះទេថា នៅក្នុងលក្ខខណ្ឌឬស្ថានភាពណាខ្លះ ដែលត្រូវចាត់ទុកថា សមហេតុផលក្នុងការ “ជឿជាក់” ថាជនណាម្នាក់ អាចទទួលបានសញ្ជាតិផ្សេងទៀតនោះ ។
ការដកហូតសញ្ជាតិ ពីពលរដ្ឋ “ខ្មែរ” អាចនឹងមានផលវិបាកធំធេងនិងធ្ងន់ធ្ងរ ជាច្រើន ។ អំពើនេះ ក៏នឹងដកហូតនូវសិទិ្ធសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ ក្នុងការកាន់កាប់ដីធ្លី ការទទួលបានសេវាសុខាភិបាលសាធា រណៈ ការអប់រំ ការរៀបអាពាហ៍ពិពាហ៍ ការធ្វើការងារស្របច្បាប់ ការចូលរួមក្នុងសកម្មភាពនយោបាយ និងការធ្វើដំណើរចេញ-ចូលប្រទេស ។
វិសោធនកម្មច្បាប់នេះ អាចនឹងបង្កហានិភ័យ ដែលជាការដកហូតដោយមិនត្រឹមត្រូវ នូវសញ្ជាតិ “ខ្មែរ” ពីពលរដ្ឋ “ខ្មែរ” និងសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋទាំងនោះ ជាពិសេស សេរីភាពក្នុងការបញ្ចេញមតិ ។ យើងខ្ញុំអំពាវនាវដល់រាជរដ្ឋាភិបាល សូមលុបចោលវិសោធនកម្មនេះជាបន្ទាន់”។
សូមបញ្ជាក់ថា សង្គមស៊ីវិលទាំង៥៤ ដេលគាំទ្រសេចក្តីថ្លែងការណ័រួមខាងលើនេះ រួមមានៈ ១. សហគមន៍ព្រៃឈើ ១៨៥កាធីតាចំបក់ (កំពង់ឆ្នាំង), ២. សហគមន៍ដីធ្លី ១៩៧ (កោះកុង), ៣. សហគមន៍អមលាំង (កំពង់ស្ពឺ), ៤. សមាគមគាំពារស្រ្តីងាយរងគ្រោះ (ASVW), ៥. សហគមន៍បុស្សស្នោរ (ត្បូងឃ្មុំ), ៦. សហ គមន៍បឹងពីរ (បាត់ដំបង), ៧. សហគមន៍បឹងប្រាំ (បាត់ដំបង), ៨. សហព័ន្ធសហជីពកម្ពុជា (CATU), ៩. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR), ១០. វិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា (CID), ១១. សម្ព័ន្ធខ្មែរជំរឿននិងការពារសិទិ្ធមនុស្ស លីកាដូ (LICADHO), ១២. សហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា (CTWUF), ១៣. សមាគមបណ្តាញយុវជនកម្ពុជា (CYN), ១៤. មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស (CENTRAL), ១៥. សហគមន៍ដីធ្លីជីខក្រោម (កោះកុង), ១៦. សម្ព័ន្ធដើម្បីសុចរិតភាពនិងគណនេយ្យភាពសង្គម (CISA), ១៧. គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៍នៅកម្ពុជា (COMFREL), ១៨. សហគមន៍ទ្រទ្រង់ធម្មជាតិ (ពោធិ៍សាត់), ១៩. សហគមន៍ដក់ពរ (កំពង់ស្ពឺ), ២០. អង្គការសមធម៌កម្ពុជា (EC), ២១. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA), ២២. សហព័ន្ធសហជីពឯករាជ្យ (INTUFE), ២៣. សហគមន៍ព្រៃឈើក្បាលខ្លា (កំពង់ធំ), ២៤. សហគមន៍ឃ្លាំងទឹក៧៨ (សៀមរាប), ២៥. សហគមន៍ជនជាតិដើមភាគតិចកួយឃុំងន (កំពង់ធំ), ២៦. សហគមន៍ជនជាតិដើមភាគតិចកួយឃុំប្រមេរុ (ព្រះវិហារ), ២៧. សហគមន៍ជនជាតិដើមភាគតិចកួយ (ព្រះវិហារ), ២៨. សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៏ (LRSU), ២៩. សហគមន៍ដីធ្លី (ប៉ៃលិន), ៣០. សហគមន៍ឡពាង (កំពង់ឆ្នាំង), ៣១. ចលនាមាតាធម្មជាតិ (MNC), ៣២. សហគមន៍មានជ័យ (ស្វាយរៀង), ៣៣. សហគមន៍តំបន់ការពារធម្មជាតិឧត្តមស្រែពស់ (កំពង់ស្ពឺ), ៣៤. សហគមន៍អូរបាត់មាន់ (ឧត្តរមានជ័យ), ៣៥. អង្គការភាពជាដៃគូដើម្បីបរិស្ថាននិងការអភិវឌ្ឍ (PED Cambodia), ៣៦. មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព (PDP-Center), ៣៧. សហគមន៍ភ្នំក្រោម (សៀមរាប), ៣៨. សហគមន៍ដីធ្លីភូមិសិលាខ្មែរ (បន្ទាយមានជ័យ), ៣៩. សហគមន៍ពង្រកជ័យល័ក្ខ (កំពត), ៤០. អង្គការពន្លកខ្មែរ (PKH), ៤១. សហគមន៍ព្រៃឈើពេជចង្វារល្អឆើត (កំពង់ឆ្នាំង), ៤២. បណ្តាញសហគមន៍ព្រៃឡង់ (PLCN), ៤៣. សហគមន៍ព្រៃឈើរតនៈរុក្ខា (ឧត្តរមានជ័យ), ៤៤. សហគមន៍រស្មីសាមគ្គី (កំពង់ស្ពឺ), ៤៥. អង្គការសមាគមធាងត្នោត (ស.ធ.ត), ៤៦. សហគមន៍សាមគ្គីសង្កែពីរមានរិទ្ធិ (ព្រះវិហារ), ៤៧. សហគមន៍ព្រៃឈើទេសចរណ៍ទឹកធ្លាក់ស្រែអម្ពិល (កំពង់ឆ្នាំង), ៤៨. សហគមន៍ដីធ្លីស្រែប្រាំង (ត្បូងឃ្មុំ), ៤៩. សហគមន៍ធនធានព្រៃឈើស្ទឹងខ្សាច់ស (កំពង់ឆ្នាំង), ៥០. គណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជាដើម្បីអនុសញ្ញាលុបបំបាត់រាល់ទំរង់នៃការរើសអើងលើស្ត្រីភេទ (NGO-CEDAW), ៥១. សហគមន៍ដីធ្លីឃុំត្នោតជុំ (ពោធិ៍សាត់), ៥២. សហគមន៍ទន្លូង (ត្បូងឃ្មុំ), ៥៣. សហគមន៍ព្រៃឈើត្រពាំងចាន (កំពង់ឆ្នាំង), និង៥៤. សហគមន៍ត្រពាំងជោ (កំពង់ស្ពឺ) ។
គួរបញ្ជាក់ថា ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ ត្រូវបានប្រមុខរដ្ឋស្តីទី សម្តេចហ៊ុន សែន ចេញព្រះ រាជក្រម ចុះថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ដាក់ឲ្យប្រើប្រាស់ បន្ទាប់ពីច្បាប់នេះ ត្រូវបានរដ្ឋសភា អនុម័តទាំងស្រុង កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ នាសម័យប្រជុំរដ្ឋសភាលើកទី៤ នីតិកាលទី៧ ហើយត្រូវបានព្រឹទ្ធសភា ពិនិត្យចប់សព្វគ្រប់លើទម្រង់និងគតិច្បាប់នេះទាំងស្រុង កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ នាសម័យប្រជុំព្រឹទ្ធសភា ជាវិសាមញ្ញ នីតិកាលទី៥ ។
មាត្រា២៩ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីសញ្ជាតិ បានចែងថា ប្រជាពលរដ្ឋខ្មែរអាចត្រូវបានដកសញ្ជាតិខ្មែរ ក្នុងករណីណាមួយ ដូចខាងក្រោម ៖
១- ប្រព្រឹត្តអំពើក្បត់ជាតិ ឬធ្វើសកម្មភាពគប់គិតគ្នាជាមួយបរទេស ដែលនាំឱ្យអន្តរាយដល់ផលប្រយោជន៍ស្នូលរបស់ព្រះរាជាណាចក្រកម្ពុជា។
២- ធ្វើសកម្មភាពដែលនាំឱ្យអន្តរាយដល់អធិបតេយ្យជាតិ បូរណភាពទឹកដី និងសន្តិសុខជាតិ ។
៣- ចូលបម្រើកងទ័ពនៃរដ្ឋបរទេស ដោយស្ម័គ្រចិត្ត ឬបំពេញតួនាទីជាមន្ត្រីសាធារណៈនៃរដ្ឋបរទេស និងមិនព្រមលាឈប់ ទោះបីមានបញ្ជាពីរាជរដ្ឋាភិបាលកម្ពុជា។
៤- បានទទួលសញ្ជាតិខ្មែរ ដោយការក្លែងបន្លំ ឬការផ្តល់ព័ត៌មានមិនពិត។
៥- ត្រូវបានផ្តន្ទាទោសពីបទឧក្រិដ្ឋ ឬបទមជ្ឈិម ដែលពាក់ព័ន្ធនឹងការរំលោភបំពានដល់អង្គព្រះមហាក្សត្រ ការប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ ឬអំពើភេរវកម្ម។
ការដកសញ្ជាតិខ្មែរ ពីកំណើត អាចធ្វើទៅបាន លុះត្រាតែប្រជាពលរដ្ឋខ្មែ រូបនោះ មានអាយុ១៨ (ដប់ប្រាំបី) ឆ្នាំ យ៉ាងតិច និងមានសញ្ជាតិមួយផ្សេងទៀត ឬមានមូលដ្ឋានដែលអាចជឿជាក់ថា ប្រជាពលរដ្ឋខ្មែរ រូបនោះអាចទទួលបានសញ្ជាតិផ្សេងទៀត ឬទទួលបានការគាំពារពីរដ្ឋមួយទៀត។ ការដកសញ្ជាតិខ្មែរ ពីកំណើត ត្រូវធ្វើឡើងបន្ទាប់ពីទទួលបានយោបល់ពីគណៈកម្មការជាតិមួយ ដែលការបង្កើតនិងដំណើរការគណៈកម្មការជាតិនេះ ត្រូវកំណត់ដោយអនុក្រឹត្យ តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
បែបបទនិងនីតិវិធីនៃការដកសញ្ជាតិខ្មែរ ត្រូវកំណត់ដោយអនុក្រឹត្យ។
ការដកសញ្ជាតិខ្មែរ ត្រូវសម្រេចដោយព្រះរាជក្រឹត្យ ៕