ខេត្តស្វាយរៀង ៖ ជនបរទេស ១ក្រុម សង្ស័យជាជនជាតិវៀតណាម ឬចិន បានបើករថយន្តចំនួន២គ្រឿង តាមបណ្តោយផ្លូវជាតិលេខ១ ពីទិសដៅពីកើត ទៅលិច លុះមកដល់ចំណុចខាងកើតផ្សារប្រសូតិ ស្រាប់តែបើកចូលចតនៅលើចិញ្ចើមផ្លូវ ហើយនាំគ្នាចុះពីលើរថយន្ត មួយគ្រឿង ឡើងទៅជិះរថយន្តមួយគ្រឿងទៀត យ៉ាងប្រញាប់ប្រញាល់ ដោយទុករថយន្តមួយគ្រឿងចោល ដោយមិនបានទាំងពន្លត់ម៉ាស៊ីនផង លុះសមត្ថកិច្ចចុះពិនិត្យ រកឃើញអាវុធ ១ដើម នៅក្នុងរថយន្ត ហើយក្រោយមកក៏រកឃើញរថយន្ត១គ្រឿងទៀត ត្រូវបានប្លុងចោលដែរ ទើបសង្ស័យជាករណីចាប់ជំរិត ។

ករណីជនបរទេស យករថយន្តមកប្លុងចោលនេះ កើតឡើងនៅវេលាម៉ោង ១១និង១៥នាទីព្រឹក ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ បន្ទាប់មក ឃើញរថយន្តមួយគ្រឿងទៀត បានចតប្លុងចោលនៅតាមបណ្តោយផ្លូវជាតិលេខ១ ខាងលិចស្ពានប្រសូតិ ស្ថិតក្នុងភូមិទួលអង្គប់ ឃុំសំបួរ ស្រុកស្វាយទាប។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា រថយន្តទី១ ដែលចតប្លុងចោល ម៉ាកកាមរីបាឡែន ពណ៌ប្រផេះ ពាក់ស្លាក លេខ ភ្នំពេញ 2W-7889 ចតទុកចោលនៅក្នុងភូមិប្រសូតិ១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប។ ចំណែករថ យន្តទី២ ម៉ាកកាមរី ស៊េរីឆ្នាំ២០០៧ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Y-9742 ចតប្លុងចោលនៅខាង លិចគល់ស្ពានប្រសូតិ ស្ថិតក្នុងភូមិទួលអង្គប់ ឃុំសំបូរ ស្រុកស្វាយទាប។

ចំពោះករណីនេះ ពុំទាន់ដឹងថា ជាករណីអ្វីនោះទេ ព្រោះសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវ សង្ស័យជាករណីចាប់ជំរិត ដោយជនសង្ស័យ មានប្រើប្រាស់អាវុធ ហើយត្រូវប្តូររថយន្តជាបន្តបន្ទាប់ ដើម្បីបង្វែងដាន និងគេច ខ្លួន៕