ខេត្តព្រះសីហនុ ៖ ស្នងការនគរបាលខេត្តព្រះសីហនុ បង្ក្រាបបានករណីកាន់កាប់ រក្សាទុក និងប្រើប្រាស់អាវុធខុសច្បាប់ ចំនួន១៣ដើម និងឃាត់ខ្លួនជនសង្ស័យជាជនជាតិចិន ៤៧នាក់ បន្ទាប់ពីមានករណីផ្ទុះអាវុធ មួយកើតឡើង បង្កដោយជនជាតិចិន ចំនួន២ក្រុម ប្រដាប់ដោយអាវុធវែងខ្លី ស្ទើរគ្រប់ដៃ ដេញបាញ់គ្នា។

ករណីផ្ទុះអាវុធ (ចិនបាញ់គ្នា) នេះ បានកើតឡើងកាលពីវេលាម៉ោង១០យប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ នៅត្រង់ចំណុចហាងបាយ ១កន្លែង ម្តុំព្រីនម៉ល មុខឆ្នេរអូរឈើទាល ក្បែរភូមិគ្រឹះសម្តេចហ៊ុន សែន ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
តាមប្រភពស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹងនៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ ថានៅ មុនពេលកើតហេតុ កាលពីវេលាម៉ោង ១០យប់ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋរាយការណ៍ថា នៅហាងបាយមួយ នៅចំណុចព្រីនម៉ល ឆ្នេរអូរឈើទាល ស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះ សីហនុ មានករណីផ្ទុះអាវុធមួយ កើតឡើង បង្កដោយជនជាតិចិន ២ក្រុម មានគ្នាជាច្រើននាក់។
ប្រភពដដែល បន្តថា បន្ទាប់ពីទទួលបានព័ត៌មានភ្លាមៗ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ និងការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពីលោកឆាយ សុត្រា ព្រះរាជ អាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ត្រី ណុប បញ្ញា ស្នងការរង ផែនការ ងារនគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញ ចុះទៅដល់ទីតាំងកើតហេតុ ឃាត់ខ្លួនបានជនសង្ស័យ ជាជនជាតិចិន ចំនួន ១៤នាក់ (ស្រី១នាក់) និងដកហូតបានអាវុធខ្លី ១ដើម ម៉ាក Zoraki មានបង់១ គ្រាប់ ១គ្រាប់។

បន្ទាប់មក កម្លាំងសមត្ថកិច្ចជំនាញបានបន្តធ្វើការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យ ជាបន្ត បន្ទាប់ ចំនួន៣៣នាក់ (ស្រី២នាក់) បន្ថែមទៀត។ សរុបសមត្ថកិច្ចជំនាញឃាត់ខ្លួនជនសង្ស័យ ចំនួន៤៧នាក់ (ស្រី៥នាក់ ) ក្នុងនោះ រួមមាន ជនជាតិចិន ចំនួន៣៥នាក់ (ស្រី៣នាក់) ជនជាតិនេប៉ាល់ ចំនួន៤នាក់ និងជនជាតិខ្មែរ ៨នាក់ (ស្រី២នាក់)។
ចំពោះវត្ថុតាងដកហូតបាន រួមមាន ១-អាវុធវែងនិងខ្លី សរុបចំនួន១៣ដើម (អាវុធវែង ២ដើម អាវុធខ្លី ១១ដើម) និងគ្រាប់ ជាច្រើនគ្រាប់។ ២-ម្សៅស សង្ស័យសារធាតុញៀន មួយចំនួន។ ៣-រថយន្ត ចំនួន៥គ្រឿង។
ចំពោះមូលហេតុ ដែលផ្តើមឱ្យមានករណីផ្ទុះអាវុធខាងលើនេះ សមត្ថកិច្ចកំពុងសាកសួរ និងស្រាវជ្រាវ។ ប៉ុន្តែប្រភពខ្លះថា រឿងទំនាស់ក្នុងមុខជំនួញ។

ជនសង្ស័យទាំង៤៧នាក់ខាងលើ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរនិងស្រាវស្រាវបន្ថែម ដើម្បីកសាងសំណុំ រឿង បញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ចាត់ការបន្តតាមនីតិវិធី៕