ខេត្តសៀមរាប ៖ ក្រុមគ្រួសារវីរកងទ័ពកម្ពុជា ១៨រូប ដែលទាហានថៃ ចាប់ខ្លួនក្រោយមានបទឈប់បាញ់ ដែលមកដល់ពេលនេះនៅតែមិនទាន់ត្រូវបានដោះលែងវិញនោះ បានមកបន់ព្រះអង្គចេក ព្រះអង្គចម សុំឲ្យវីរកងទ័ពទាំង១៨រូប បានសុខសុវត្ថិភាព និងឆាប់បានត្រឡប់មកមាតុភូមិវិញ។

នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ លោក លី សារី អភិបាលរងខេត្ត នៃគណៈអភិបាលខេត្តសៀមរាប និងជាសមាជិកក្រ្មមកីឡាករប្រកួតវាយសីមិត្តភាព ក្លឹបហ្គូដថែម បានសម្របសម្រួលដល់ក្រុមគ្រួសារនៃកងទ័ពកម្ពុជា ១៨ នាក់ ដែលត្រូវបានចាប់ខ្លួនដោយភាគីថៃ នោះ បានចូលប្រារព្ធពិធីបួងសួងនៅទីសក្ការបូជា ព្រះអង្គចេក ព្រះអង្គចម ដើម្បីសុំសេចក្ដីសុខសប្បាយ និងសុវត្ថិភាពសម្រាប់វីរកងទ័ពទាំង១៨រូប ក៏ដូចជាឧទ្ទិសកុសលជូនដល់វិញ្ញាណក្ខន្ធវីរកងទ័ពដែលបានពលីជីវិតក្នុងសង្គ្រាមព្រំដែនកម្ពុជា-ថៃ ដែលបង្កឡើងដោយទាហានថៃ ឈ្លានពាន។

បន្ទាប់ពីអុជធូបបួងសួងរួច ក្រុមកីឡាករប្រកួតវាយសីមិត្តភាព ក្លឹបហ្គូដថែម (Good Time) ដែលជាសប្បុរស ជនរស់នៅរាជធានីភ្នំពេញ បានប្រគល់អំណោយជូនក្រុមគ្រួសារវីរកងទ័ពដែលភាគីថៃ ចាប់ខ្លួន ក្រោយបទឈប់បាញ់ ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ នេះ ជាថ្ងៃទី៥១ ហើយ ដែលវីរកងទ័ពកម្ពុជា ចំនួន ១៨រូប ត្រូវបានទាហានថៃ ប្រើល្បិចចាប់ខ្លួន និងដាក់ឱ្យស្ថិតក្រោមការឃុំឃាំងរបស់ទាហានថៃ។ ទាហានថៃ ត្រូវតែដោះលែងពួកគាត់ទាំង១៨នាក់ ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ៕

