ភ្នំពេញ ៖ រថយន្តកុងតឺន័រ ១គ្រឿង ខណៈកំពុងបើកបរលើដងផ្លូវសុខៗ ស្រាប់តែគាំងចង្កូតបញ្ជាលែងបាន ធ្វើឱ្យជ្រុលបុកឡើងទៅលើសួនពុះចែកទ្រូងផ្លូវ ជិតរង្វង់មូលគល់ស្ពានអាកាសមហាវិថីស៊ីជីនពីង ទាំងកំរោល សំណាងល្អ មិនបានបង្កឱ្យអ្នកដទៃរងរបួសឡើយ គ្រាន់តែខូចខាតសួនពុះចែកទ្រូងផ្លូវ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៥និង៤៥នាទីទៀបភ្លឺ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ នៅតាមមហាវិថីឈ្នះ-ឈ្នះ នៅត្រង់ចំណុចរង្វង់មូលគល់ស្ពានអាកាសមហាវិថីស៊ីជីនពីង ខាងលិចផ្សារជម្ពូវ័ន ស្ថិតនៅក្នុងភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តកុងតឺន័រ ១គ្រឿង ម៉ាកហ៊ីណូ ពណ៌ខៀវលាយទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 3A-5592 បើកបរក្នុងទិសដៅពីជើង ទៅត្បូង លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតបុកឡើង លើសួនពុះចែកទ្រូងផ្លូវ គល់ស្ពានអាកាសមហាវិថីស៊ីជីនពីង ប៉ុន្តែមិនបណ្តាលឱ្យប៉ះពាល់ដល់អ្នកផ្សេងឡើយ បន្ទាប់មក អ្នកបើកបរបានចុះរត់គេចខ្លួនបាត់។
តាមប្រភពពីមេការក្រុមហ៊ុនផែស្ងួត តេង ឡាយ បានបញ្ជាក់ប្រាប់ថា មុនពេលកើតហេតុ រថយន្តខាងលើ បានបើកបរចេញពីផែស្ងួត លុះពេលទៅដល់ចំណុចកើតហេតុ ស្រាប់តែគាំងបូមចង្កូត បញ្ជាលែងបាន ទើបជ្រុលទៅបុកឡើងលើសួនពុះចែកទ្រូងផ្លូវ ជិតរង្វង់មូលគល់ស្ពានអាកាសមហាវិថីស៊ីជីនពីង បែបនេះតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យមើលជាក់ស្តែង រួចរាយការណ៍ជូននគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះមកអូសយករថយន្តខាងលើ ទៅរក្សាទុក រង់ចាំដោះស្រាយនៅពេលក្រោយ៕