Tuesday, September 16, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមទិត្យ វិច្ឆិកា បំភ្លឺរឿងវ៉ៃកូនទាហាន

ទិត្យ វិច្ឆិកា បំភ្លឺរឿងវ៉ៃកូនទាហាន

ភ្នំពេញ ៖ ក្រោយបែកធ្លាយវីដេអូឃ្លីប ការហ្វឹកហាត់នៅលើទីលានទ័ពពិសេស (ប៉ារ៉ាកម្មង់ដូ) ដោយមានទាំងការវាយតប់ទៅលើសិក្ខាកាម ពីសំណាក់គ្រូបង្វឹក ដោយក្នុងនោះក៏មានវត្តមានលោកទិត្យ វិច្ឆិកា អតីតតារា ចម្រៀង និងជាគ្រូបង្វឹកកងកម្លាំងទ័ពពិសេស ផងនោះ បានធ្វើឱ្យមហាជន អ្នកប្រើប្រាស់បណ្តាញសង្គមមួយ ចំនួន ផ្ទុះការរិះគន់ ជេរប្រមាថលោកទិត្យ វិច្ឆិកា ថាបានប្រើអំពើហិង្សាឃោរឃៅទៅលើកូនទាហាន តែត្រូវបានលោកទិត្យ វិច្ឆិកា បំភ្លឺថា ជាឃ្លីបវីដេអូចាស់ កាលពី១០ឆ្នាំមុនម៉្លេះ ហើយការវាយទះតប់ទៅលើសិក្ខាកាមនេះ មិនមែនជាការធ្វើបាបនោះទេ តែជាវិន័យរបស់កងទ័ព និងធ្វើឡើងតែនៅលើទីលានហ្វឹកហាត់ប៉ុណ្ណោះ ដើម្បីបង្វឹកសិក្ខាកាម ឱ្យក្លាយជាទ័ពខ្លាំង។

គួរបញ្ជាក់ថា ថ្មីៗនេះ មានការបង្ហោះចែករំលែកតៗគ្នាពេញបណ្តាញសង្គម នូវឃ្លីបវិដេអូមួយ បង្ហាញពីការហ្វឹកហាត់របស់កងកម្លាំងពិសេស (ប៉ារ៉ាកម្មង់ដូ) ដោយក្នុងនោះ គ្រូបង្វឹក ក្រៅពីប្រើសម្តីខ្លាំងៗដាក់សិក្ខាកាម នៅថែមទាំងបានវាយតប់ ទះកំផ្លៀង ទៅលើសិក្ខាកាម ថែមទៀតផង ធ្វើឱ្យអ្នកប្រើប្រាស់បណ្តាញសង្គមមួយ ចំនួន ដែលមិនមិនយល់ដឹងពីការហ្វឹកហាត់របស់កងកម្លាំង យល់ថា ជាការប្រើអំពើហិង្សា ទារុណកម្មឃោរ ឃៅ ធ្វើបាបទៅលើសិក្ខាកាម។

ឆ្លើយតបចំពោះការរិះគន់របស់មហាជនមួយចំនួនខាងលើនេះ លោកទិត្យ វិច្ឆិកា ដែលជាគ្រូបង្វឹកមួយរូប នៃសាលាហ្វឹកហ្វឺនទ័ពពិសេសឆត្រយោង៩១១ បានបញ្ជាក់ថា វីដេអូខាងលើ គឺជាការហ្វឹកហ្វឺននៅលើទីលានទ័ពពិសេស កាលពី១០ឆ្នាំមុន ដែលករណីនេះ អ្នកមិនធ្លាប់ឆ្លងកាត់ និងមិនយល់ពីតួនាទីកងកម្លាំង គឺពិតជារិះគន់ ប៉ុន្តែបើអ្នកធ្លាប់ឆ្លងកាត់ហ្វឹកហាត់ គឺគេមិនរិះគន់ទេ ព្រោះនៅទីលានហ្វឹកហាត់ យុទ្ធវិធីនិងសម្តីគ្រូ គឺជាច្បាប់ ហើយបើឆ្លងកាត់វគ្គនីមួយៗបាន ទើបក្លាយជាទ័ពខ្លាំង ឬកងកម្លាំងខ្លាំង។ ហេតុនេះលោកស្នើសុំមហាជន ឈប់រិះគន់បន្តទៀត ព្រោះកងទ័ពខ្លាំង ធន់ រឹងមាំ ឆ្លាត ទើបអាចការពារទឹកដីបាន។

កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ លោកទិត្យ វិច្ឆិកា បានធ្វើការឡាយវីដេអូ បំភ្លឺថា “ខ្ញុំសូមបកស្រាយពីរឿងវ៉ៃសិស្ស ទះកំផ្លៀងសិស្ស ឱ្យបងប្អូនស្តាប់។ អ្នកលោតឆត្រ ឬសិក្ខាកាមកម្មង់ដូ សិក្ខាកាមឆត្រយោង សិក្ខាកាមកម្មង់ដូម្នាក់ៗ ត្រូវដឹងថា ចូលទៅសាលា គឺត្រូវតែអ៊ីចឹង ដោយសារមេរៀនមកពីប្រទេសឥណ្ឌូនេស៊ី អ៊ីចឹងបងប្អូនត្រូវចាំថា អ្នកដែលចូលទៅហ្វឹកហ្វឺនគេអត់បង្ខំទេ អង្គភាពអត់បង្ខំទេ អ្នកណាចង់ពាក់មួកក្រហម អ្នក ណាចង់លោតឆត្រ ស្ម័គ្រចិត្តតាមកងឯកភាពនីមួយៗស្ម័គ្រចិត្ត ហើយបានបញ្ជូនឈ្មោះទៅ អ៊ីចឹងមុននឹងឆ្លង កាត់បើកវគ្គ ត្រូវប្រមូលផ្តុំយ៉ាងតិចក៏ ២ខែដែរ ហេតុអីបានត្រូវប្រមូលផ្តុំ រយៈពេល២ ទៅ៣ខែ? ផ្ស៊ាំៗមនុស្ស តើមនុស្សហ្នឹង ទ្រាំបានអត់? ឱ្យគាត់រៀនជំនាញផ្សេងៗសិន ដើម្បីចូលទៅកាន់បើកវគ្គប៉ារ៉ា ឬបើកវគ្គកម្មង់ដូ។ អ៊ីចឹងផ្ស៊ាំ គេផ្ស៊ាំអារម្មណ៍មនុស្ស ផ្ស៊ាំរាងកាយមនុស្ស ឱ្យរត់ស្ព័រ ឱ្យដើរទា ឱ្យលោតខ្មោចឆៅ ឱ្យលោតជ្រុំជើង ដែលចំណាំពួកអាសៀម វាយកទៅត្រូលយើងហ្នឹង អ៊ីចឹងដល់ថ្ងៃបើកវគ្គ គឺមានឯកឧត្តមនាយអគ្គ លោកចូលទៅបើកវគ្គ អ៊ីចឹងពេលដែលចាប់ផ្តើមបើកវគ្គ គឺនាយអគ្គ បានប្រកាសហ្មង អ្នកដែលមានបណ្តាស័ក្តិ ត្រូវដោះ ស័ក្តិដាក់លើហ៊ឹងនៅផ្ទះ ហើយកាលខ្ញុំបង្ហាត់សិស្ស សម័យហ្នុង ខ្ញុំទើបតែនាយចំណង់ទេ បើអ៊ីចឹងអ្នកដែលជាសិក្ខាកាម ត្រូវដោះស័ក្តិ ដាក់លើហ៊ឹង អ៊ីចឹងអ្នកចូលទៅហ្វឹកហ្វឺន មានតាំងពីពលទាហាន រហូតទៅដល់វរសេ នីយ៍ឯក ឯណោះ អ៊ីចឹងត្រូវដោះស័ក្តិដាក់លើហ៊ឹង គឺត្រូវសិទ្ធិរបស់គ្រូ ពីព្រោះគាត់ពាក់ស័ក្តិធំ ពួកខ្ញុំបង្វឹកគាត់ម៉េចកើត? បង្វឹកអត់កើតទេ ពីព្រោះហាត់ប៉ារ៉ា កម្មង់ដូ អត់ដូចបងប្អូនកងទ័ពនៅតាមជំនាញផ្សេងៗ គាត់ហាត់ បង្រៀនបើកឡាន បើករថក្រោះអី អាហ្នឹងតាមផ្នែកៗរៀងខ្លួន តាមជំនាញរៀងខ្លួន អ៊ីចឹងគាត់មានការហ្វឹកហ្វឺនកម្រិតស្រាលបែបរបស់គាត់ ដូចយើងទៅរៀនបំពេញ កុំព្យូទ័រ ភាសាអង់គ្លេស ហ្នឹងជារឿងមួយផ្សេងមួយទៀត បែបរដ្ឋបាល អ៊ីចឹងត្រូវដោះស័ក្តិទុក១ឡែក។ អ៊ីចឹងពេលដែលនាយអគ្គ និងគណៈប្រតិភូ ចប់ លោកអញ្ជើញត្រឡប់ទៅវិញ ពួកខ្ញុំចាប់ផ្តើមត្រូវបើកវគ្គសិស្ស ម៉ោង១២ រហូតដល់ម៉ោង៥ល្ងាច។ ហេតុអីបានសាលាប៉ារ៉ា កម្មង់ដូ ត្រូវធ្វើអ៊ីចឹង? ត្រូវតែចម្រាញ់មនុស្ស ដោយសារអី? យើងយកប្រាក់ខែរដ្ឋ យកប្រាក់ខែរាស្ត្រ ត្រូវតែចម្រាញ់មនុស្ស អត់អាចលេងសើចបានទេ រយៈពេល៥ម៉ោង មិនមែនធ្វើបាបពួកគាត់រាល់ថ្ងៃទេ អាហ្នឹងមិនមែនហៅថា ធ្វើបាបទេ គឺវិន័យកងទ័ព អ៊ីចឹងចម្រាញ់មនុស្ស គឺបែបណា? ឱ្យគាត់រត់ ឱ្យគាត់លូន ឱ្យគាត់វារ លូនផ្ងារ លូនក្រាប ធ្វើម៉េចឱ្យគាត់អស់ ភាសាកម្មង់ដូ គេនិយាយមួយ “ឱ្យតែប៊ិះដាច់ខ្យល់ទេ អត់ឱ្យស្លាប់ទេ” អ៊ីចឹងឱ្យគាត់លូន ឱ្យគាត់ក្រាប រយៈពេល៥ម៉ោង អ្នកណាធ្លាក់ បញ្ជូនទៅអង្គភាពគាត់វិញ ពីព្រោះគាត់ទ្រាំប៉ុណ្ណឹងអត់បាន ចុះទម្រាំដើរ ១ថ្ងៃ ៥០-៦០គីឡូ ទៅរៀននៅព្រៃ គាត់ធ្វើបានទេ? អ៊ីចឹងគាត់ប្រាកដជាធ្វើអត់បានទេ អ៊ីចឹងសាលារបស់យើងខ្ញុំទាំងអស់គ្នា អត់ត្រូវការបរិមាណច្រើនទេ គឺត្រូវការគុណភាព ខ្ញុំយល់ថា ការវ៉ៃ ជាអំពើហិង្សា តាមពិតពួកខ្ញុំជាគ្រូ មុននឹងដល់ពេលនេះ គឺខ្ញុំត្រូវឆ្លងកាត់ដូចគ្នា បងប្អូនឃើញការវ៉ៃនេះ គឺជាជ្រុងតូចមួយទេ តែពួកខ្ញុំដែលជាសិស្សច្បងរបស់គាត់ មុននឹងក្លាយជាគ្រូនោះ ខ្ញុំត្រូវទទួលការលត់ដំដូចគ្នា គ្រាន់តែថាសម័យនោះ គេអត់បានថតខ្ញុំជាប់ ដោយសារអត់មានកាមេរ៉ាស្មាតហ្វូនអី ដូចឥឡូវ អ៊ីចឹងគេមិនបានថត ខ្ញុំក៏មានរូបអនុស្សាវរីយ៍ដែរ ខ្ញុំអត់ដឹងថាឯកសារហ្នឹងទៅណា រូបអនុស្សាវរីយ៍ គ្រូៗខ្ញុំវ៉ៃខ្ញុំដូចគ្នា…”។

លោកទិត្យ វិច្ឆិកា បានបន្តថា “អ៊ីចឹងខ្ញុំសូមបញ្ជាក់ថា ការដាក់ពិន័យគាត់ហ្នឹង ពេលហ្នឹងគាត់ប្រហែលជាធ្វើ ខុសវិន័យសិក្ខាកាម ដូចជា តដៃគ្រូ អ៊ីចឹងការដាក់វិន័យហ្នឹងឱ្យសិស្សទាំងអស់គ្នាបានយល់ ឱ្យគាត់ខ្លាចគ្រូ ដើម្បីរក្សាសុវត្ថិភាពពួកគាត់ពេលលោតឆត្រ បើគាត់អត់ខ្លាចគ្រូ ការលោតឆត្ររបស់ពួកគាត់ ប្រាកដជាមានបញ្ហា ពេលដែលគាត់មានបញ្ហា អ្នកណាជាអ្នកទទួលខុសត្រូវ? គឺគ្រូ ហើយនិងឯកឧត្តមមេបញ្ជាការ ជាអ្នកទទួលខុសត្រូវ អ៊ីចឹងខ្ញុំត្រឡប់មក រយៈពេល ៥ម៉ោងហ្នឹងវិញ សិក្ខាកាមទាំងអស់ ត្រូវឱ្យគាត់លូន ឱ្យគាត់ក្រាប ឱ្យគាត់ហត់ទាំងផ្លូវកាយ ហើយធ្វើឱ្យគាត់ឈឺចាប់ទាំងផ្លូវចិត្តទៀត រយៈពេលតែ១ថ្ងៃទេ គាត់ទ្រាំបានអត់? គាត់ទ្រាំបានទេ ផ្លូវចិត្តគាត់? បើគាត់ទ្រាំអត់បាន គាត់ប្រាប់ថា ខ្ញុំសូមឈប់ អូខេ ឱ្យគាត់ឈប់ពីសិក្ខាកាម ឱ្យគាត់ត្រឡប់ទៅអង្គភាពគាត់វិញ។ អ៊ីចឹងរយៈពេល ៥ម៉ោង អង្គភាពត្រូវតែចម្រាញ់មនុស្សដាច់ខាតតែម្តង អត់យកលំៗទៅហាត់ស៊ីប្រាក់ខែកងទ័ព ឬញ៉ាំបាយទទេនោះទេ អត់ទេ បងប្អូនឃើញគ្រូគាត់វ៉ៃសិស្ស ហើយឃើញខ្ញុំឈរស្តីឱ្យគាត់ ខ្ញុំក៏ឈឺចិត្តដូចគ្នា ប៉ុន្តែពេលហ្នឹង គឺត្រូវធ្វើបែបហ្នឹង ដើម្បីចង់ដឹងថា គាត់ទ្រាំបានអត់ក្នុងការហ្វឹកហ្វឺន? អ៊ីចឹងបើម្នាក់ឯងទៅសុទ្ធតែអ៊ីចឹង ងាប់បាត់អស់ហើយ តែ១ថ្ងៃហ្នឹង គេត្រូវធ្វើអ៊ីចឹង ដើម្បីចង់ដឹងថា តើគាត់ទៅរួចអត់? គាត់អាចក្លាយជាកម្មង់ដូបានអត់? មួកក្រហម ទម្រាំខ្ញុំបាន ខ្ញុំយំ ១ឆ្នាំណា ពេលពាក់រួច ខ្ញុំអត់ឱ្យអ្នកណាគេប៉ះមួកខ្ញុំទេ ខ្ញុំបត់ទុក ដាក់ចូលក្រោមខ្នើយ ពេលខ្ញុំទាញមួកយកមកពាក់ ខ្ញុំហូរទឹកភ្នែករហូត ដោយសារអី? ខ្ញុំត្រូវឆ្លងកាត់ភាពលំបាកគ្រប់ពេលរៀន អ៊ីចឹងរយៈពេល ៥ម៉ោងហ្នឹង គឺត្រូវធ្វើឱ្យគាត់ស្គាល់ថា អ្វីដែលហៅថា បើកវគ្គកម្មង់ដូ? អ៊ីចឹងបន្ទាប់ពីហ្នឹងមកគឺ ចប់ហើយធម្មតាហើយ តែអ្នកដែលធ្លាក់ ត្រូវបញ្ជូនទៅកងឯកភាពគាត់វិញ។ ខ្ញុំសូមជម្រាបថា កូនសិស្សខ្ញុំខ្លះដែលនៅក្នុងវីដេអូហ្នឹង កូនសិស្សខ្ញុំខ្លះ លោកក្លាយជាឧត្តមសេនីយ៍ហើយ រាល់ថ្ងៃនេះ ហើយពួកគាត់ជួបខ្ញុំ នៅហៅខ្ញុំលោកគ្រូអ៊ីចឹង ហៅពួកខ្ញុំលោកគ្រូ អ្នកខ្លះឧត្តមសេនីយ៍ អ្នកខ្លះស័ក្តិ៥ អ៊ីចឹងទៅ ពេលដែលពួកគាត់ចប់ ពួកគាត់ឱបពួកខ្ញុំ ដែលជាគ្រូ សូមអរគុណលោកគ្រូ ដែលបានធ្វើឱ្យខ្ញុំក្លាយជាកម្មង់ដូ ក្លាយជាអ្នកលោតឆត្រ ខ្ញុំក៏ឱបពួកគាត់វិញដូចគ្នា ដោយសារអី ទឹកចិត្តគ្រូនិងសិស្ស ហើយបទបញ្ជាសាលា ត្រូវតែធ្វើតាមលំដាប់លំដោយ ត្រូវតែចម្រាញ់យកគុណភាព អត់យកបរិមាណទេ កងទ័ពពិសេស ហេតុដូចម្តេចដែលហៅថា កងទ័ពពិសេស? អ៊ីចឹងនោះជារឿង ១០ជាងឆ្នាំហើយ ហើយក្រោយមក ក៏ឯកឧត្តមអគ្គ ឱ្យកាត់បន្ថយមេរៀនតានតឹងហ្នឹងបន្តិចម្តងៗ ឱ្យកាត់បន្ថយ តែសម័យនោះ ត្រូវតែឱ្យខ្លាំង ពួកគាត់ត្រូវតែខ្លាំង…”។

លោកទិត្យ វិច្ឆិកា បានបន្ថែមថា “អ៊ីចឹងខ្ញុំចង់បង្ហាញថា មិនមែនជាអំពើហិង្សា ឬមួយជេរប្រទេច កាតទានទៅដល់សិស្សនោះទេ ប៉ុន្តែអ្វីដែលធ្វើនេះ គឺជាមេរៀនមួយចម្រាញ់មនុស្ស យកអ្នកល្អ យកអ្នកខ្លាំង អ្នកដែលស៊ូទ្រាំបាន អត់យកបរិមាណច្រើនទេ យកគុណភាពខ្ពស់ អ៊ីចឹងគាត់មួយដែលត្រូវគ្រូវ៉ៃ ឥឡូវហ្នឹងដូចជាស័ក្តិធំហើយ ហើយគាត់ដឹងច្បាស់ណាស់ថា ចូលសាលាកម្មង់ដូម៉េច? ពេលហ្នុង គាត់ដឹងច្បាស់ណាស់ អ៊ីចឹងនេះជាអ្វីដែលខ្ញុំចង់ប្រាប់បងប្អូន ហើយសង្ឃឹមថា MMO គួរតែយល់អំពីការហ្វឹកហ្វឺនរបស់កងទ័ព បើកងទ័ពអត់ខ្លាំង ធ្វើសង្គ្រាម អត់ឈ្នះទេ អ៊ីចឹងហេតុអីបានគេហាត់មានលំដាប់ធ្ងន់សម្រាប់កងកម្មង់ដូ និងលោតឆត្រ? អ្នកលោតឆត្រ បើគ្រូលំៗ គ្រូអត់រឹងមាំ កូនសិស្សប្រាកដជាមានគ្រោះថ្នាក់ហើយ ហើយកូនសិស្សរបស់ខ្ញុំ ពេលដែលចូលហ្វឹកហ្វឺន គាត់មានបណ្តាស័ក្តិធំ ខ្ញុំគោរពគាត់ហើយ តែបង១វគ្គនេះ គឺប្អូនសូមទោសហើយបង ព្រោះយើងជាគ្រូហើយនិងសិស្ស ពេលបងហ្វឹកហ្វឺនចប់ ខ្ញុំគោរពបងធម្មតាវិញ ពីព្រោះបងស័ក្តិធំជាងខ្ញុំ អ៊ីចឹងខ្ញុំត្រូវដាក់វិន័យដាក់អី បងអត់អាចខឹងខ្ញុំបានទេ គឺខ្ញុំត្រូវធ្វើទៅតាមក្រឹត្យក្រមសាលា ហើយប្រាប់បងទៀត បងកុំអាងខ្ញុំ កូនខ្ញុំក៏ដោយ កូនខ្ញុំ ចូលសាលាកម្មង់ដូប៉ារ៉ាដូចគ្នា វ៉ៃអ្ហែងដូចគ្នា ពេលធ្វើខុស ហេតុអីបានវ៉ៃ? សួរថា ហេតុអីបានវ៉ៃ? ហេតុអីបានចូលចិត្តប្រើអំពើហិង្សា? ខ្ញុំសូមជម្រាបប្រាប់បងថា អ្នកលោតឆត្រណា បត់ឆត្រខុស ឬមួយភ្លាត់ខ្សែ តែ១ខ្សែទេ ម៉ោហើយ អ៊ីចឹងសិស្សអត់អាចលេងសើចជាមួយគាត់បានទេ ត្រូវតែម៉ឺងម៉ាត់ជាមួយគាត់ បានគាត់ខ្លាច គាត់ខ្លាច រក្សាជីវិតគាត់បានល្អ ពេលដែលគាត់លោតឆត្រចេញពីកន្ទុំរុយមក លោតឆត្រចប់ ធម្មតា អ្នកណាចង់ញ៉ាំអាហារ ១ពេលជាមួយគ្រូ ក៏ទៅញ៉ាំជុំគ្នាទៅ អ្នកណាគេអត់ចង់ គេមានគ្រូគេផ្សេង គេទៅញ៉ាំជាមួយគ្រូគេទៅ។ អ៊ីចឹងសូមឱ្យបងប្អូនជ្រាបកន្លែងហ្នឹង កុំចេះតែវ៉ៃប្រហារ កុំចេះតែជេរពេក វាពិតជាអាក្រក់សម្រាប់ជនជាតិខ្លួនឯងណាស់ បងៗពូកែវ៉ៃប្រហារ ពូកែជេរ ចង់ឱ្យបងឯងទៅហ្វឹកហ្វឺនសាលាខ្ញុំ ១វគ្គ បានបងឯងចេញមកវិញ អូហ៍អាហ្នឹងអ៊ីចឹងតើ! រៀនមិនមែនលេងលំៗទេបង រៀនលំៗ ទៅវ៉ៃជាមួយពួកសៀម ម៉េចឈ្នះបង? ហាត់២០-៣០ឆ្នាំ ដល់ម៉ោងទៅវ៉ៃជាមួយសៀម វ៉ៃបាន២ដង អ៊ីចឹងមិនមែនលំៗទេបង…”។

លោកទិត្យ វិច្ឆិកា បានបញ្ជាក់ទៀតថា “ឥឡូវខ្ញុំនិយាយពីកម្មង់ដូវិញ បងឯងជឿថា ពួកខ្ញុំអត់បាន ៤ថ្ងៃបានទេ? បើសិនជាពួកខ្មាំង ព័ទ្ធពួកខ្ញុំ? ខ្ញុំអត់ចង់និយាយរឿងការងារកងទ័ពទេ ពួកខ្ញុំអ្នកហាត់ឆ្លងកាត់សាលាហ្វឹកហ្វឺន កម្មង់ដូចប់ ពួកខ្ញុំអាចអត់បាយបាន ៤ថ្ងៃណា ពួកខ្ញុំអាច យកឫសឫស្សី មកជញ្ជក់ៗជំនួសបាយបានណា អ៊ីចឹងសូមឱ្យគិតឡើងវិញ កុំចេះតែវ៉ៃប្រហារ កុំចេះតែធ្វើឱ្យបងប្អូនប្រជាពលរដ្ឋគាត់យល់ច្រឡំមកលើកងទ័ព ហើយខ្ញុំចង់សួរថា បើសិនជាកងទ័ព ហាត់អត់មានលំដាប់ខ្លាំង តើទៅធ្វើសង្គ្រាមឈ្នះគេទេ? តើមានបទពិសោធន៍ទេ ដើម្បីទៅទប់ទល់ជាមួយគេ? ខ្ញុំពិតជាអរគុណខ្លាំងណាស់ ពុកម៉ែ បងប្អូន គាត់ឃើញកងទ័ពហ្វឹកហ្វឺន មានការវ៉ៃតប់ ជេរ ចេះឈឺចាប់ជាមួយកងទ័ព ខ្ញុំពិតជារំភើបណាស់ ពិតជាសប្បាយចិត្តណាស់ ដោយសារអី? ខ្ញុំក៏ធ្លាប់ត្រូវគ្រូវ៉ៃដូចគ្នា អ៊ីចឹងវីដេអូនេះ បានបង្ហាញមក ទី១-មានភាពល្អខ្លះ ទី២-មានភាពអាក្រក់ខ្លះ ភាពអាក្រក់ខ្លះ ដោយសារពួកគាត់អត់បានយល់ពីកងទ័ព គិតតែពីជេរៗៗ ហើយបើនាំគ្នាជេរ ថ្ងៃក្រោយគ្រូម៉េចហ៊ានបង្ហាត់សិស្សឱ្យខ្លាំងទៅកើត? គិតតែពីជេរគ្រូ អានេះវ៉ៃ អានេះប្រើអំពើហិង្សា ចុះថ្ងៃក្រោយទៅបង្ហាត់សិស្សម៉េចកើតទៅ? អ៊ីចឹងដល់ថ្ងៃក្រោយ នាំគ្នាខ្លាច លែងហ៊ានដាក់វិន័យសិស្សអស់ហើយ ពេលគ្រូៗលែងហ៊ានដាក់វិន័យសិស្ស ទៅហាត់ធ្វើអីទៀត? ម៉េចនឹងមានតម្លៃ? ម៉េចមានតម្លៃសម្រាប់មួកក្រហម មកដាក់លើក្បាលនេះ? វាម៉េចនឹងមានតម្លៃជាមួយនឹងជំនាញ? អ៊ីចឹងបានថា ពិបាកណាស់រាល់ថ្ងៃ មិនដឹងថាបងប្អូន MMO ខាងណា ទេ ១០ជាងឆ្នាំហើយ ទើបគាត់រំលឹក លើកយកមកដើម្បី Views ដើម្បីអី នេះរឿងរបស់ប្រទេសជាតិណា រឿងការងាររបស់កងទ័ពណា កុំចេះតែហ៊ានលេងសើចណា ប្រយ័ត្នឡើងតុលាការយោធាណា…”។

ដោយឡែក នៅយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ លោកទិត្យ វិច្ឆិកា បានបង្ហោះរូបភាពម្តាយជាទីស្រលាញ់ របស់លោកកាលនៅមានជីវិតនៅក្នុងគណនីបណ្តាញសង្គម ដោយភ្ជាប់ជាមួយសំណេរថា “ប្រសិនជាខ្ញុំខុសឆ្គងនៅប្រការណា១ បងប្អូនទាំងអស់គ្នា អាចសម្លាប់ខ្ញុំ ឬកាប់ចិញ្ច្រាំខ្ញុំ ឱ្យខ្ទេចសាច់បែបណាក៏បាន ខ្ញុំសុខចិត្តទទួល យក តែសូមបងប្អូនសិក្សា និងស្វែងយល់អោយបានច្បាស់ ពីវិន័យរបស់សាលាហ្វឹកហ្វឺនកងទ័ព។ តែសូមបង ប្អូនកុំជេរប្រមាថអ្នកម្តាយរបស់ខ្ញុំ កប់ៗមាត់ពេក ព្រោះអ្នកម្តាយខ្ញុំ លោកបានចែកឋានបាត់ទៅ យូរឆ្នាំហើយ…”។

លោកទិត្យ វិច្ឆិកា បានបន្តថា “ហើយខ្ញុំសូមជម្រាបជូនបងប្អូន ពុកម៉ែថា គោលជំហររបស់បងប្អូនយើងខ្ញុំដែលជាគ្រូបង្វឹករបស់ទ័ពពិសេស គឺបង្វឹកសិក្ខាកាមគ្រប់រូប ឱ្យមានសេចក្តីសុខ សុវត្ថិភាព និងមានគុណភាពខ្ពស់ ដើម្បីការពារប្រទេសជាតិ និងប្រជាជនរស់នៅដោយសុខសាន្ត ទ័ពខ្លាំង ប្រទេសខ្លាំង ពិតជាឈឺចាប់ណាស់ តែដោយសារជាជនជាតិខ្មែរ ដូចគ្នា សុខចិត្តខាំមាត់សង្កត់ចិត្ត ព្រោះគិតថា ថ្ងៃណា១ បងៗនឹងយល់ទៅចុះ។ គួរតែដល់ពេលជនជាតិខ្មែរ ចេះសាមគ្គីគ្នាហើយ…”។

លោកទិត្យវិច្ឆិកា បានបញ្ជាក់បន្ថែមថា “ខ្ញុំចង់និយាយថា អ្នកដែលយក VDO ១០ជាងឆ្នាំមុន មកផុសប្រមាថខ្ញុំ ខ្ញុំទទួលយក។ តែអ្នកត្រូវចាំថា អ្នកគ្មានតម្លៃដូចកូនសិស្សខ្ញុំ ដែលជាសិក្ខាកាមគ្រប់ជំនាន់ ដែលមកហ្វឹកហ្វឺននៅសាលាទ័ពពិសេសនោះទេ។ អ្វីៗដែលខ្ញុំទាំងអស់គ្នា ជាគ្រូបង្វឹក ត្រូវធ្វើ គឺត្រូវជ្រើសរើសកងទ័ពដែលមានសមត្ថភាព ដែលអាចបម្រើជាតិនិងប្រជាជនខ្មែរ គ្រប់រូប ឲ្យមានសេចក្តីសុខបាន។ ជេរបាន តែប្រមាថមិនបាន អ្វីដែលសំខាន់ កុំមើលងាយសមត្ថភាពបងប្អូនខ្ញុំ ដែលជាកងទ័ពរបស់រាជរដ្ឋាភិបាល។ ខ្ញុំសូមជូនពាក្យខ្លះសម្រាប់បងប្អូន បើយើងខ្ញុំជាគ្រូ ដែលអត់បានការ សិក្ខាកាមទាំងអស់ ប្រាកដជាខ្សោយ ពេលដែលកងទ័ពខ្សោយ មិនអាចការពារប្រទេស ពីចោរឈ្លានពានបាន។ ពេលនេះ បងប្អូនទាំងអស់គ្នា ប្រាកដជាប្រមាថកងទ័ពជាតិខ្លួនឯង បន្តទៀតថា អន់ណាស់ ខ្សោយណាស់ ចោលម្សៀតណាស់ កំសាក ខ្លាចស្លាប់…”៕

RELATED ARTICLES