ខេត្តបន្ទាយមានជ័យ ៖ រថយន្ត ១គ្រឿង បានបើកឆ្លងផ្លូវដែក ដោយខ្វះការប្រុងប្រយ័ត្ន ស្រាប់តែមានរថភ្លើង ១ខ្សែ មកដល់ បុកអូសរុញធ្លាក់ផ្លូវ បណ្តាលឱ្យរថយន្តខូចខាត១កំណាត់មុខ តែសំណាងល្អមិនបណ្តាលឱ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីយប់ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចផ្លូវដែក ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ។

តាមប្រភពមន្ត្រីនគរបាលចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា នៅមុនពេលកើតហេតុ មានរថយន្ត ១គ្រឿង ម៉ាក Lexus RX-330 ពាក់ស្លាកលេខ ភ្នំពេញ 2BV-4204 បានបើកបរឆ្លងផ្លូវដែក ទិសដៅពីត្បូង ទៅជើង បម្រុងចូលផ្ទះ ក្នុងផ្សារចិនខ្មៅ ស្រាប់តែរំពេចនោះ រថភ្លើងបើកបរទិសដៅពីកើត មកលិច បានមកដល់ រួចបុករុញធ្លាក់ផ្លូវ បណ្តាលឱ្យរថយន្តខូចខាតខ្ទេចមួយកំណាត់មុខខាងស្តាំ តែមិនបណ្តាលឱ្យមនុស្ស ណាម្នាក់រងគ្រោះថ្នាក់ឡើយ។

ប្រភពដដែល បានបញ្ជាក់ថា ក្រោយថ្នាក់ចរាចរណ៍កើតឡើង មន្ត្រីជំនាញបានចុះទៅពិនិត្យ និងបានអូសយករថយន្តដែលរងការខូចខាត ទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តន៍តាមច្បាប់ចរាចរណ៍ផ្លូវគោក។

តាមប្រភពប្រជាពលរដ្ឋ បានលើកឡើងថា គ្រោះថ្នាក់ចរាចរណ៍ រថភ្លើងបុករថយន្ត និងបុកអ្នកជិះម៉ូតូឆ្លងកាត់ផ្លូវដេក បានកើតឡើងញឹកញាប់នៅក្រុងសិរីសោភ័ណ គួរតែខាងផ្លូវដែកធ្វើបារ៉ាស់ការពារ នៅពេលរថភ្លើងឆ្លងកាត់៕
