Saturday, September 27, 2025
Homeចរាចរណ៍ ទីប្រឹក្សារដ្ឋាភិបាល បើកឡានជាប់ផុង គាំងបេះដូងស្លាប់

 ទីប្រឹក្សារដ្ឋាភិបាល បើកឡានជាប់ផុង គាំងបេះដូងស្លាប់

ភ្នំពេញ ៖ ទីប្រឹក្សារាជរដ្ឋាភិបាលម្នាក់ បានបើករថយន្តវង្វេងផ្លូវ ធ្លាក់ចូលស្រែលិចទឹក ជាប់ផុង ទៅមុខមិនរួច ស្រាប់តែគាំងបេះដូងស្លាប់នៅក្នុងរថយន្ត។

ហេតុការណ៍នេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង ១២និង១២នាទីថ្ងៃត្រង់ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ នៅត្រង់ចំណុចដីស្រែលិចទឹក ១កន្លែង ស្ថិតក្នុងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ជនរងគ្រោះដែលស្លាប់នៅក្នុងរថយន្ត មានឈ្មោះហែម ប្រសើរ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរទីប្រឹក្សាររាជ រដ្ឋាភិបាល មានលំនៅ ភូមិក្រាំងដូនទី សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

យោងតាមប្រភពក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៥ អ្នកផ្ទះជនរងគ្រោះបានទទួលទូរស័ព្ទពីជនរងគ្រោះ ប្រាប់ថា រថយន្តរបស់គាត់ បានជាប់ផុង។ ក្រោយមក ជនរងគ្រោះបានទំនាក់ ទំនងតាមលេខទូរស័ព្ទនៅលើរបងដីឡូត៍ នៅក្បែរកន្លែងកើតហេតុ ចម្ងាយប្រហែល២៥០ម៉ែត្រ ដើម្បីឱ្យម្ចាស់ទីតាំង ចេញមកជួយរកសម្ភារគាស់កង់ឡានជាប់ផុង ខណៈនោះម្ចាស់ទីតាំងដីឡូត៍ ប្រាប់ថា ខ្លួនមិននៅភ្នំពេញ ទេ ឱ្យទំនាក់ទំនងទៅក្រុមការងារខ្លួន ហើយម្ចាស់ទីតាំងដីឡូត៍ បានទូរស័ព្ទទំនាក់ទំនងទៅក្រុមការងារខ្លួនថា បើជនរងគ្រោះសុំក្តារគាស់កង់រថយន្ត ឱ្យជនរងគ្រោះខ្ចីយកទៅប្រើផង។ លុះនៅវេលាម៉ោង ១២និង១២នាទីថ្ងៃ ត្រង់ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ ស្រាប់មានមនុស្សប្រទះឃើញជនរងគ្រោះស្លាប់នៅក្នុងរថយន្ត នៅកន្លែងកើត ហេតុ ទើបផ្តល់ដំណឹងឱ្យសមត្ថកិច្ចតែម្តង។

តាមការបញ្ជាក់ពីក្រុមគ្រួសារជនរងគ្រោះ បានឱ្យដឹងថា ជនរងគ្រោះ មានជំងឺបេះដូង ប្រចាំកាយ។ ដោយឡែក តាមការពិនិត្យកន្លែងកើតហេតុ ជាដីផ្លូវទាល់ មានទឹកលិច នៅចម្ងាយពីផ្លូវបេតុងខាងលើ ១,៥០គីឡូម៉ែត្រ ឃើញមានរថយន្ត ១គ្រឿង ម៉ាក Lexus RX-300 ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2L-8047 បានធ្លាក់ ផ្លូវចូលទៅក្នុងដីស្រែលិចទឹក ក្បាលរថយន្តចេញ កង់ទាំង៤ជាប់ផុងដីភក់ ស្ថានភាពកង់រុលឡើងពីដីលិចទឹក ទ្វារចំហៀងខាងស្តាំ បើកចំហ កូនសោកាច់បើក ចង្កៀងខាងមុខបើកភ្លើង ម៉ាស៊ីនត្រជាក់បើក នៅលើកៅអីខាងមុខ ចំហៀងខាងស្តាំ មានសពមនុស្សប្រុសម្នាក់ ស្លាប់ខ្នងផ្អែកកៅអី ពាក់អាវយឺតដៃខ្លី ស្លៀកខោជើងខ្លី ជើងខោទាំងសងខាងមានស្នាមដានទឹក ប៉ុន្តែមានសភាពស្ងួត ហើយជាប់ស្មៅ បាតជើងទាំងសងខាង ប្រឡាក់ភក់។

តាមការសន្និដ្ឋាន ជនរងគ្រោះស្លាប់ដោយគាំងបេះដូង អាចបណ្តាលមកពីជំងឺបេះដូង មូលហេតុដោយសារជនរងគ្រោះបានបើករថយន្តវង្វេងផ្លូវ ធ្លាក់ចូលដីស្រែលិចទឹក ដោយសារជនរងគ្រោះមានជំងឺបេះដូងប្រចាំកាយ ទើបជំងឺធ្វើទុក្ខ បណ្តាលឱ្យស្លាប់។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់ក្នុងវត្តស្ទឹងមានជ័យ រង់ចាំប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES