ខេត្តបន្ទាយមានជ័យ ៖ ជនជាតិវៀតណាម ចំនួន៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចុះឃាត់ខ្លួន ក្រោយពីបាននាំគ្នាអុជកាំជ្រួចធុនធំ អស់ចំនួន ៣៦គ្រាប់ ក្នុងយប់សែនព្រះខែ ធ្វើឱ្យមានការផ្អើលពេញក្រុងប៉ោយប៉ែត ខណៈដែលសភាពការណ៍តាមបន្ទាត់ព្រំដែន កំពុងមានភាពតានតឹង។

ករណីអុជកាំជ្រួចសែនព្រះខែ ត្រូវបានសមត្ថកិច្ចចុះឃាត់ខ្លួននេះ បានកើតមានការភ្ញាក់ផ្អើលឡើង កាលពីយប់ ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ នៅចំណុចភូមិក្បាលស្ពានមួយ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។

តាមប្រភពសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលសង្កាត់អូរជ្រៅ បានឱ្យដឹងថា ក្រោយស្នូរកាំជ្រួចផ្ទុះឡើងជាបន្តបន្ទាប់ បណ្តា លប្រជាពលរដ្ឋមានការភ្ញាក់ផ្អើលទាំងកណ្តាលយប់ ភ្លាមនោះ កម្លាំងបានចុះស្រាវជ្រាវនិងរកឃើញមានផ្ទះ ១កន្លែង បានអុជកាំជ្រួចធុនធំ នៅយប់សែនព្រះខែ ហើយតាមការពិនិត្យជាក់ស្តែង បានអុជកាំជ្រួច ចំនួន៣៦ គ្រាប់ ដោយមិនបានសុំច្បាប់អនុញ្ញាតឡើយ។

ក្រោយចុះពិនិត្យជាក់ស្តែង សមត្ថកិច្ចបាននាំខ្លួនជនជាតិវៀតណាម ចំនួន៣នាក់ (ស្រី២នាក់) ដែលជាម្ចាស់ផ្ទះខាងលើ យកទៅសាកសួរនៅប៉ុស្តិ៍នគរបាលអូរជ្រៅ ដើម្បីធ្វើកិច្ចសន្យាណែនាំ ព្រោះការអុជកាំជ្រួច ត្រូវសុំការ អនុញ្ញាតពីអាជ្ញាធរនិងកម្លាំងជំនាញ ទើបអាចអុជបាន នៅពេលមានកម្មវិធីបុណ្យទាន។

កម្លាំងប៉ុស្តិ៍នគរបាល បានបញ្ជាក់ថា ការអុជកាំជ្រួចពេលយប់នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋក្រុងប៉ោយប៉ែត ខណៈដែលសភាពការណ៍តាមបន្ទាត់ព្រំដែនកំពុងមានភាពតានតឹង៕