Saturday, October 11, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមកម្មករធ្វើនំ ខ្សែភ្លើងឆក់ស្លាប់

កម្មករធ្វើនំ ខ្សែភ្លើងឆក់ស្លាប់

ភ្នំពេញ ៖ យុវជនជាកម្មករធ្វើនំ ក្នុងសិប្បកម្មមួយកន្លែង បានរងគ្រោះថ្នាក់ត្រូវចរន្តអគ្គិសនីឆក់បណ្តាលឱ្យស្លាប់នៅនឹងកន្លែង តែត្រូវបានម្ចាស់ទីតាំងព្យាយាមបិទបាំង មិនទាន់រាយការណ៍ប្រាប់សមត្ថកិច្ចភ្លាមៗឡើយ ដោយបានទាក់ទងហៅរថយន្តសង្គ្រោះ មកដឹកសពចេញពីកន្លែងកើតហេតុ។ លុះក្រោយពីរឿងរ៉ាវបានបែកធ្លាយ ទើបមានក្រុមការងារអធិការកិច្ច ក្រសួងការងារ បានចុះទៅពិនិត្យនៅទីតាំងកើតហេតុ។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង ១០និង៤០នាទីព្រឹក ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ នៅចំណុចបរិវេណរោងចក្រធុនតូច ផលិតនំស្រួយ TT ស្ថិតនៅតាមផ្លូវបេតុង ក្នុងភូមិព្រៃជីសាក់ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។

យុវជនរងគ្រោះដែលខ្សែភ្លើងឆក់ស្លាប់ មានឈ្មោះផុន ដាណា ភេទប្រុស អាយុ១៧ឆ្នាំ ជាកម្មករសិប្បកម្មផលិតនំ TT ធ្វើការនិងស្នាក់នៅសិប្បកម្មទីតាំងកើតហេតុខាងលើ និងមានស្រុកកំណើតនៅឯខេត្តពោធិ៍សាត់។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា ជនរងគ្រោះ បានត្រូវចរន្តអគ្គិសនីឆក់នៅកន្លែងធ្វើការ បណ្តាលឱ្យស្លាប់ភ្លាមៗនៅកន្លែង ហើយត្រូវបានម្ចាស់ទីតាំង ព្យាយាមបិទបាំងព័ត៌មាន មិនរាយការណ៍ទៅសមត្ថកិច្ចភ្លាមទេ។ ម៉្យាងជនរងគ្រោះជាអនីតិជន សុខចិត្តហៅជួលរថយន្តឯកជន មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2F-7954 មកដឹកសពយកទៅដាក់នៅវត្ត ហើយក៏មិនហ៊ានដាក់ចុះពីរថយន្តដែរ ទុករហូតដល់រសៀលថ្ងៃដដែល ទើបរាយការណ៍ទៅសមត្ថកិច្ច ចុះទៅពិនិត្យ។

ប្រភពដដែល បន្តថា ការស្លាប់របស់យុវជនខាងលើ ទាំងម្ចាស់ទីតាំង ទាំងអ្នករកស៊ីដឹកសព ហាក់លាក់បាំងព័ត៌មាន អូសបន្លាយច្រើនម៉ោង ទើបរាយការណ៍ ដើម្បីឱ្យជំនាញពិនិត្យ និងធ្វើកោសល្យវិច័យ មុននឹងដឹកយកទៅធ្វើបុណ្យ តាមប្រពៃណី។

បន្ទាប់ពីកើតមានកម្មករជាអនីតិជនស្លាប់ ក្នុងសិប្បកម្មខាងលើ នៅវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ អធិការកិច្ចក្រសួងការងារ បន្តចុះទៅសាកសួរដល់ទីតាំងកើតហេតុ ដើម្បីស្រាវជ្រាវរកមូលហេតុពិតប្រាកដ៕

RELATED ARTICLES