Tuesday, October 14, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមព្រះសង្ឃជិះទូក លិចសុគត២អង្គ

ព្រះសង្ឃជិះទូក លិចសុគត២អង្គ

ខេត្តត្បូងឃ្មុំ ៖ ព្រះសង្ឃ ៤អង្គ និងកូនសិស្សលោក ៣នាក់ សរុប៧អង្គ/នាក់  បានជិះទូកម៉ាស៊ីន ១គ្រឿង លេងកម្សាន្ត ស្រាប់តែលិចទូក បាត់ព្រះកាយព្រះសង្ឃ ២អង្គ អស់រយៈ ពេល២ថ្ងៃ ទើបរាវរកសពឃើញ។

ហេតុការណ៍លិចទូកនេះ បានកើតឡើងកាលពីវេលាម៉ោង ២និង២០នាទីរសៀល ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ នៅចំណុចស្ពានមាត់ឃ្មង់ ស្ថិតនៅភូមិទួលវិហារ ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ។ រហូតមកដល់វេលាម៉ោង ១២និង៣៥នាទីថ្ងៃត្រង់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ទើបប្រទះឃើញសពព្រះសង្ឃ ១អង្គ នៅចំណុចនាគវិល ចម្ងាយ១០០០ម៉ែត្រ ពីស្ពានមាត់ឃ្មង់។ បន្ទាប់មក នៅវេលាម៉ោង ៨និង៥០នាទីព្រឹក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ ទើបប្រទះឃើញសពព្រះសង្ឃ ១អង្គទៀត នៅចំណុចបឹងប្រា ចម្ងាយប្រហែល ២៥០០ម៉ែត្រ ពីស្ពានមាត់ឃ្មង់។

ព្រះសង្ឃរងគ្រោះទាំង ២អង្គ ទី១-ព្រះនាម ឆើត សុខជាតិ ព្រះជន្ម២៧វស្សា ជាព្រះសង្ឃគង់នៅ វត្តទួលវិហារ មានលំនៅ ភូមិទួលវិហារ ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ និងទី២-ព្រះនាមសារ៉ាត់ រតនៈ ព្រះជន្ម១៥វស្សា ជាព្រះ សង្ឃគង់នៅ វត្តទួលវិហារ មានលំនៅ ភូមិទួលវិហារ ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង ២និង២០នាទីរសៀល ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ មានប្រជាពលរដ្ឋបានរាយការណ៍ មកកម្លាំងប៉ុស្តិ៍ជីរោទ៍ទី២ ថាមានករណីលិចទូក បណ្តាលឱ្យព្រះសង្ឃធ្លាក់ចូលទឹក នៅចំណុចស្ពានមាត់ឃ្មង់ ស្ថិតនៅភូមិទួលវិហារ ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ។

ប្រភពដដែល បន្តថា ក្រោយទទួលបានព័ត៌មានខាងលើ កម្លាំងជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលជី រោទ៍ទី២ រួមនិងអាជ្ញាធរមូលដ្ឋាន បានចុះដល់កន្លែងកើត ហេតុដើម្បីពិនិត្យ ទើបដឹងថា ពិតជាមានករណីព្រះសង្ឃ ២អង្គ (ព្រះនាម ឆើត សុខជាតិ និងព្រះនាម សារ៉ាត់ រតនៈ) ជាព្រះសង្ឃគង់នៅវត្តទួលវិហារ បានធ្លាក់ចូលទឹក បាត់ព្រះកាយប្រាកដមែន។

តាមការបំភ្លឺរបស់ព្រះតេជគុណ រត្ន័ ដុល្លា ព្រះចៅអធិការវត្តទួលវិហារ បានឲ្យដឹងថា កាលពីថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ព្រះអង្គនិងព្រះសង្ឃទាំងអស់ ៤អង្គ និងក្មេងៗ ចំនួន៣នាក់ សរុប៧អង្គ/នាក់ បានជិះទូកលេង រហូត ដល់ស្ពានមាត់ឃ្មង់ ចម្ងាយប្រហែល១០០ម៉ែត្រ ក៏បាន បើកទូកត្រឡប់មកវិញ លុះមកដល់ក្រោមស្ពានមាត់ឃ្មង់ ដោយកម្លាំងទឹកហូរខ្លាំងពេក ធ្វើឱ្យទូកបើកទៅមុខមិនរួច ក៏បុកសសរស្ពាន បែកទូក ធ្វើឱ្យអ្នកជិះនៅលើទូក ធ្លាក់ចូលក្នុងទឹកទាំងអស់ ដោយក្នុងនោះ ព្រះសង្ឃ ២អង្គ និងក្មេងៗ៣នាក់ តោងទូកជាប់ ចំណែកព្រះសង្ឃ ២ អង្គទៀត រសាត់តាមទឹក លិចបាត់។

ក្រោយកើតហេតុ មកដល់វេលាម៉ោង ១២និង៣៥នាទីថ្ងៃត្រង់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ក៏មានប្រជាពលរដ្ឋបានប្រទះឃើញព្រះសពព្រះសង្ឃ ១អង្គ ព្រះនាម សារ៉ាត់ រតនៈ ត្រង់ចំណុចនាគវិល ចម្ងាយ១០០០ម៉ែត្រ ពីស្ពានមាត់ឃ្មង់។ បន្ទាប់មក នៅវេលាម៉ោង ៨និង៥០នាទីព្រឹក ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ ទើបប្រជាពលរដ្ឋបានរកឃើញសពព្រះសង្ឃ ១អង្គ ទៀតព្រះនាម ឆើត សុខជាតិ នៅចំណុចបឹងប្រា ចម្ងាយប្រហែល២៥០០ម៉ែត្រ ពីស្ពានមាត់ឃ្មង់ រួចក៏ស្រង់សពយកមកតម្កល់នៅវត្តពុទ្ធប្បទីការាម ហៅវត្តទួលវិហារ ដើម្បីរាយការណ៍ ប្រាប់សមត្ថកិច្ចចុះពិនិត្យ។

បន្ទាប់មក សមត្ថកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន បានបង្កើតគណៈកម្មាធិការដើម្បីពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា សាកសពព្រះសង្ឃទាំង២អង្គ នៅផ្នែកព្រះកេស (ក្បាល) ពុំមានស្លាកស្នាមអ្វីនោះទេ ផ្នែកអវយវៈដៃជើង ពុំមានស្លាកស្នាមអ្វីនោះទេ ផ្នែកកក៏ពុំមានបាក់ឆ្អឹងអ្វីនោះទេ។ តាមការសន្និដ្ឋាន ព្រះសង្ឃទាំង២អង្គ ពិតជាសុគតដោយការលង់ទឹកប្រាកដមែន។

ព្រះសពព្រះសង្ឃ ទាំង២អង្គ ត្រូវបានសមត្ថកិច្ចជំនាញ ធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES