Monday, October 20, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់កោរសក់ក្មេងទំនើង៦នាក់ បង្ហោះម៉ូតូ បង្ហោះហ្វេសប៊ុក

ចាប់កោរសក់ក្មេងទំនើង៦នាក់ បង្ហោះម៉ូតូ បង្ហោះហ្វេសប៊ុក

ខេត្តកំពង់ស្ពឺ ៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើង ចំនួន៦នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូ តាមដងផ្លូវសាធារណៈ ជាច្រើនលើក ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងថែមទាំងបានបង្ហោះបង្អួតនៅលើបណ្តាញសង្គម ហ្វេសប៊ុក ទៀតផង។

ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមគោលការដឹកនាំយ៉ាងម៉ឺងម៉ាត់របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការណែនាំដោយផ្ទាល់ពីសំណាក់លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ។

ក្រោមការដឹកបញ្ជាដោយផ្ទាល់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស៊្រុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ ស្ពឺ និងសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ កម្លាំងមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំ រោងទង បានបើកប្រតិបត្តិការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនក្រុមក្មេងទំនើង ចំនួន៦នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈយ៉ាងអនាធិបតេយ្យ ធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សារធា រណៈ ជាច្រើនលើក នៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ហើយបានបន្តបង្ហោះបង្អួតនៅលើបណ្តាញសង្គមទំនាក់ ទំនងហ្វេសប៊ុក ថែមទៀតផង។

មន្ត្រីកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ក្មេងទំនើងទាំង៦នាក់ ដែលត្រូវបានឃាត់ខ្លួន រួមមាន ទី១-ឈ្មោះឈឿន ភីសា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករោងចក្រ មានលំនៅ ភូមិពង្រ ឃុំតាំងក្រូច ស្រុកសំរោងទង។ ទី២-ឈ្មោះសាយ សុខលៀភ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមនពិតប្រាកដ លំនៅ ភូមិតាំងគម្ពី ឃុំទំព័រមាស ស្រុកសំរោងទង។ ទី៣-ឈ្មោះរ៉េត សំណាង ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករោងចក្រ មានលំនៅ ភូមិអង្គតាម៉ៅ ឃុំតាំងក្រូច ស្រុកសំរោងទង។ ទី៤-ឈ្មោះភឿន កក្កដា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មករោងចក្រ មានលំនៅ ភូមិទំព័រមាស ឃុំទំព័រមាស ស្រុកសំរោងទង។ ទី៥-ឈ្មោះអឿន រក្សា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅ ភូមិពង្រ ឃុំតាំងក្រូច ស្រុកសំរោងទង និងទី៦-ឈ្មោះអេម សុ ជៀប ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរកម្មករោងចក្រ មានលំនៅ ភូមិអង្គតាម៉ៅ ឃុំតាំងក្រូច ស្រុកសំរោងទង។

ចំពោះវត្ថុតាងដកហូតបាន រួមមាន ម៉ូតូ ចំនួន២គ្រឿង (ម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២៥ ពណ៌ខ្មៅ គ្មានស្លាកលេខ ចំនួន១គ្រឿង និងម៉ាកស៊ុយស៊ូគី និច ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 1Z-7639 ចំនួន១គ្រឿង) និងទូរស័ព្ទដៃ ចំនួន៥គ្រឿង។

ក្មេងទំនើងទាំង៦នាក់ខាងលើ ត្រូវបានកម្លាំងជំនាញបានធ្វើការកោរសក់ ណែនាំអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់នូវសកម្មភាពទាំងនេះទៀត រួចក៏បានអញ្ជើញអាណាព្យាបាល មកធានាត្រឡប់ទៅលំនៅឋានវិញ។ ចំណែកម៉ូតូ ត្រូវបានដកហូតយកមករក្សាទុករយៈពេល ៣ខែ នៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ៕

RELATED ARTICLES