Wednesday, October 22, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមស្ពាយថ្នាំញៀន ២គីឡូ ជិះតាក់ស៊ី ជាប់ខ្នោះ

ស្ពាយថ្នាំញៀន ២គីឡូ ជិះតាក់ស៊ី ជាប់ខ្នោះ

ខេត្តស្វាយរៀង ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពដឹកញ្ជូននិងជួញដូរនូវសារធាតុញៀនដោយខុសច្បាប់ ដោយប្រើរូបភាពដាក់ថ្នាំញៀន ក្នុងកាបូបស្ពាយ រួចជិះរថយន្តតាក់ស៊ី ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច តែត្រូវបានកម្លាំងសមត្ថកិច្ចជំនាញ ចុះបង្ក្រាប ឃាត់ខ្លួនបានម្នាក់ ព្រមទាំងដកហូតបានវត្ថុតាងជាក់ស្តែង ថ្នាំញៀន ទម្ងន់ប្រមាណជិត ២គីឡូក្រាម។

ប្រតិបត្តិការបង្ក្រាបករណីដឹកជញ្ជូននូវសារធាតុញៀននេះ បានធ្វើឡើង កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ នៅចំណុចឃុំមេសថ្ងក ស្រុកចន្ទ្រា ខេត្តស្វាយរៀង។

ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះចាន់ មករា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅរាជធានីភ្នំពេញ ។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា ការចុះបង្ក្រាបនេះ ធ្វើឡើងនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្ត និងដឹកនាំកម្លាំងដោយលោក វរសេនីយ៍ទោ ជិន សុភឿន អធិការនគរបាលស្រុកចន្ទ្រា បានដឹកនាំកម្លាំងជំនាញដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងសារធាតុញៀន នៅចំណុចឃុំមេសថ្ងក ស្រុកចន្ទ្រា ខេត្តស្វាយរៀង ដោយមានការសង្ស័យ ក៏បានធ្វើការត្រួតពិនិត្យលើរថយន្តតាក់ស៊ី១គ្រឿង មានដឹកអ្នកដំណើរម្នាក់ ពីរាជធានីភ្នំពេញ គោលដៅមកកាន់ព្រំដែន ឃុំសំរោង ស្រុកចន្ទ្រា នៅពេលធ្វើការត្រួតពិនិត្យនិងឆែកឆែរក្នុងកាបូបស្ពាយរបស់អ្នកដំណើរម្នាក់នោះ រកឃើញវត្ថុតាង ថ្នាំញៀន ប្រភេទមេតំហ្វេតាមីន ចំនួន២ដុំធំ ដែលមានទម្ងន់សរុប ១ ៩៩៨,០៦ក្រាម (ជិត២គីឡូក្រាម)។

ជនសង្ស័យនិងវត្ថុតាង ត្រូវបានកម្លាំងការិយាល័យជំនាញប្រឆាំងគ្រឿងញៀន បញ្ជូនទៅកាន់សាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការបន្តតាមច្បាប់។ បន្ទាប់មក លោកចៅក្រម បានចេញដីកាឃុំខ្លួនជនសង្ស័យ ជាបណ្តោះអាសន្ន នៅពន្ធនាគារខេត្ត៕

RELATED ARTICLES