ភ្នំពេញ ៖ សមត្ថកិច្ចជំនាញខណ្ឌចម្ការមន បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងលួចលាក់ប្រព្រឹត្តអំពើល្មើសច្បាប់ ពាក់ព័ន្ធនឹងការឆបោកអនឡាញ នៅក្នុងបន្ទប់ខុនដូ ១កន្លែង ឃាត់ខ្លួនជនសង្ស័យ ជាជនជាតិវៀតណាម ចំនួន១៩នាក់ (ស្រី៥) នាំយកមមកចាត់ការតាមច្បាប់។

លោកទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានឱ្យដឹងថា គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌចម្ការមន ដោយមានការសម្របសម្រួលផ្លូវច្បាប់ពីព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ បានចុះត្រួតពិនិត្យទីតាំងបន្ទប់ D2702, D1003 សង្ស័យលួចប្រព្រឹត្តអំពើល្មើសច្បាប់ ពាក់ព័ន្ធនឹងការឆបោកអនឡាញ ដែលស្ថិតនៅខុនដូ វិមានកុលាប អគារ D ជាន់ទី១០ និងទី២៧ ផ្លូវនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ជាជនជាតិវៀតណាម ចំនួន១៩នាក់ (ស្ត្រី៥នាក់) និងបានដកហូតសម្ភារៈ ជាវត្ថុតាង មានដូចជា អាវុធខ្លី ១ដើម កុំព្យូទ័រ ALL in One ចំនួន២៤គ្រឿង ម៉ូនីទ័រ ៩ គ្រឿង ទូរស័ព្ទ ២២គ្រឿង Laptop ១គ្រឿង CPU ១គ្រឿង និងលិខិតឆ្លងដែន ចំនួន២ក្បាល។
ក្រោយពេលធ្វើកោសល្យវិច័យលើឧបករណ៍អេឡិចត្រូនិក (វត្ថុតាង) ទាំងនេះ សមត្ថកិច្ចជំនាញបានរកឃើញករណីសង្ស័យពាក់ព័ន្ធនឹងការឆបោក ដោយការក្លែងឯកសារសាធារណៈ ដើម្បីនាំពលករទៅធ្វើការនៅក្រៅប្រទេស និងករណីឆបោកបែបលក្ខណៈស្នេហា (Romance Scam) ផងដែរ។

ក្រោយការបង្ក្រាបនេះ សមត្ថកិច្ចជំនាញកំពុងសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីបន្តស្រាវជ្រាវបន្ថែមទៀត ដើម្បីឈានទៅចាត់វិធានការផ្លូវច្បាប់ ចំពោះមេខ្លោងនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ខណៈជន សង្ស័យនិងវត្ថុតាងដែលរឹបអូសបាន ត្រូវបានប្រគល់ជូនសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធនីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី៕