Monday, October 27, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមបំបែកសម្បុកចោរលួចម៉ូតូ វ៉ៃខ្នោះ១២នាក់

បំបែកសម្បុកចោរលួចម៉ូតូ វ៉ៃខ្នោះ១២នាក់

ខេត្តព្រះសីហនុ ៖ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឱ្យដឹង កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ ថា ដោយអនុវត្តតាមអនុសាសន៍នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំផ្ទាល់ដោយឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងនគរបាលជំនាញបានបង្ក្រាបក្រុមជនសង្ស័យ ចំនួន១២នាក់ (ស្រី១នាក់) ដែលពាក់ព័ន្ធនឹងអំពើលួចម៉ូតូ សមគំនិតនិងទទួលផលចោរកម្ម កើតឡើងកាលពីវេលាម៉ោង ២និង១២នាទីរសៀល ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ នៅបន្ទប់ជួលម្តុំក្រោលគោចាស់ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

ប្រភពដដែល បន្តថា ជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចម៉ូតូ ១គ្រឿងម៉ាក HONDA SCOOPY PRESTIGE ពណ៌ស ផលិតឆ្នាំ២០២៣ ពាក់ស្លាកលេខ កំពត 1V-8926 របស់ជនរងគ្រោះដែលចតនៅជាន់ផ្ទាល់ដី នៃបន្ទប់ជួល។

ក្រោយទទួលពាក្យបណ្តឹង សមត្ថកិច្ចបានស្រាវជ្រាវរហូតដល់វេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ ប្រទះឃើញជនសង្ស័យកំពុងជិះម៉ូតូខាងលើ បំណងយកទៅលក់ ហើយក៏បានឃាត់ខ្លួនជនសង្ស័យ បានចំនួន៣នាក់ រួមមាន ទី១-ឈ្មោះជិន ឡង់ឌី ទី២-ឈ្មោះពុំ សីហា ហៅម៉ាប់ និងទី៣-ឈ្មោះសំណាង លីលី។

ក្រោយពីសមត្ថកិច្ចជំនាញធ្វើការសាកសួរ ជនសង្ស័យឈ្មោះជិន ឡង់ឌី បានឆ្លើយសារភាពថា ពិតជាបានលួចម៉ូតូខាងលើមែន ដោយប្រព្រឹត្តជាមួយឈ្មោះញ៉ ចាន្នី ហៅអាក្រវិលធំ ហើយយកទៅឱ្យឈ្មោះពុំ សីហា ឆែកមើល ហើយលក់បន្តឱ្យអ្នកដទៃ។

ក្រោយពេលស៊ើបអង្កេតបន្ថែម សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យបន្ថែមទៀត ចំនួន៩នាក់ ដែលពាក់ព័ន្ធក្នុងសកម្មភាពលួចនិងទិញលក់ផលចោរកម្ម រួមមាន ទី១-ឈ្មោះចេន ចាន់។ ទី២-ឈ្មោះឡុង លីណា ហៅឌូក។ ទី៣-ឈ្មោះញ៉ ចាន្នី។ ទី៤-ឈ្មោះភាព នុសា។ ទី៥-ឈ្មោះ ឌីន ប៊ុន្នី ហៅអាញ៉ាញ់។ ទី៦-ឈ្មោះចាន់ ដន។ ទី៧-ឈ្មោះឡេង ទិត។ ទី៨-ឈ្មោះគង់ សារ៉ាវុទ្ធ ហៅហ្សូ និងទី៩-ឈ្មោះទឹម ឆវ័ន្ត។ ព្រមទាំងចាប់យកវត្ថុតាង រួម មាន ឧបករណ៍ប្រើប្រាស់ ដើម្បីសកម្មភាព ដូចជា កូនសោច្នៃ ១ដើម ដែកឆាបមុខសំប៉ែត ១ដើម ទូរស័ព្ទដៃ សរុប៨គ្រឿង (ម៉ាក Samsung ម៉ាក Vivo ម៉ាក Huawei ម៉ាក iPhone ម៉ាក Oppo) ម៉ូតូ សរុបចំនួន៨គ្រឿង (ផលនៃអំពើលួច) ដែលមានរួមទាំងម៉ូតូប្រភេទ Honda Scoopy, Dream C125 និង Suzuki NEX ជាច្រើនគ្រឿង។

ក្នុងនោះ ម៉ូតូ ៤គ្រឿង ត្រូវបានប្រគល់ជូនម្ចាស់ដើមវិញ ក្រោមការអនុញ្ញាតពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ។

ជនសង្ស័យទាំង១២នាក់ ព្រមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅអយ្យ ការអមសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមច្បាប់៕

RELATED ARTICLES