ភ្នំពេញ ៖ បុរសម្នាក់ បើករថយន្តតាក់ស៊ី ១គ្រឿង ក្នុងល្បឿនយ៉ាងលឿន រួចរេចង្កូតទៅបុករះតូបលក់សម្ភារៈសិក្សា អស់ជាង១០តូប នៅមុខសាលាបឋមសិក្សាស្ទឹងមានជ័យ បណ្តាលឱ្យអាជីវករប្រុសស្រី ចំនួន៤នាក់ រងរបួសធ្ងន់-ស្រាល និងត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បុករះនេះ បានកើតឡើង កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ ស្ថិតនៅចំណុចមុខសាលាបឋមសិក្សាស្ទឹងមានជ័យ តាមផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ។

តាមការបញ្ជាក់ពីប្រជាពលរដ្ឋ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើកបររថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2B-9658 តាមបណ្តោយផ្លូវលេខ២១៧ ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែជ្រុលបុករះតូបលក់សម្ភារសិក្សា នៅមុខសាលាបឋមសិក្សាស្ទឹងមាន បណ្តាលឱ្យខូចខាតសម្ភារជាច្រើន រួមទាំងបង្កឲ្យអាជីវករ ៤នាក់ រងរបួសធ្ងន់-ស្រាល ត្រូវបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះភ្លាមៗ។ ចំណែកម្ចាស់រថយន្តបង្កហេតុ ត្រូវបាននគរបាលឃាត់ខ្លួន យកទៅសាកសួរ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានសហការជាមួយនគរបាលជំនាញ ចុះវាស់វែង អូសយករថយន្ត ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ រង់ចាំដោះស្រាយនៅពេលក្រោយ ៕