Thursday, October 30, 2025
Homeព័ត៌មានជាតិសហការីថា ត្រូវទម្លាក់បទចោទកឹម សុខា បើកម្ពុជា ទទួលស្គាល់អាមេរិក ជាមិត្តល្អ

សហការីថា ត្រូវទម្លាក់បទចោទកឹម សុខា បើកម្ពុជា ទទួលស្គាល់អាមេរិក ជាមិត្តល្អ

ភ្នំពេញ ៖ អតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) ដែលជាសហការីលោកកឹម សុខា អតីតមេបក្សប្រឆាំង បានលើកឡើងថា បើកម្ពុជា ទទួលស្គាល់អាមេរិក ជាមិត្តល្អ ដែលបានផ្ដួចផ្ដើមឲ្យមានបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជា និងថៃ នៅប្រទេសម៉ាឡេស៊ី ទៅហើយ ការបង្រួបបង្រួមផ្ទៃក្នុងជាតិ ក៏ដល់ពេលដែលរាជរដ្ឋាភិបាល និងតុលាការកម្ពុជា ត្រូវធ្វើ គឺទម្លាក់បទចោទលើលោកកឹម សុខា ពីបទក្បត់ជាតិ «សន្ទិដ្ឋភាពជាមួយបរទេស» គប់គិតត្រូវរ៉ូវជាមួយសហរដ្ឋអាមេរិក ក្នុងការផ្ដួលរលំរដ្ឋាភិបាល ដឹកនាំដោយគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) ។

លោក អ៊ុំ តារាវុទ្ធី អតីតសមាជិកក្រុមការងារខេត្តកណ្ដាល នៃអតីតគណបក្សសង្រ្គោះជាតិ ដែលជាសហការីលោកកឹម សុខា បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ថា “កម្ពុជា បានទទួលស្គាល់អាមេរិក ជាមិត្តល្អ និងបានស្នើសុំឲ្យមានកិច្ច សម្របសម្រួលក្នុងជម្លោះដែលបង្កដោយភាគីថៃ មកលើកម្ពុជា ព្រោះកម្ពុជា ត្រូវការសុខសន្តិភាព និងសន្តិភាពយូរអង្វែង ដូច្នេះកម្ពុជា មិនអាចខ្វះអាមេរិកបានឡើយ។ កម្ពុជា ត្រូវផ្ដល់យុត្តិធម៌ជូនឯកឧត្តមប្រធាន កឹម សុខា ឲ្យលោកមាននូវសិទ្ធិសេរីភាពពេញលេញឡើងវិញ ដើម្បីជាស្មារតីរួមនៃគុណតម្លៃមិត្តភាព ក្នុងការទម្លាក់បទចោទដែលកម្ពុជា បានចោទអាមេរិក“ ។

លោក អ៊ុំ តារាវុទ្ធី បានសរសេរបន្ថែម នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ថា “មកដល់ពេលនេះ សាធារណជន ជាតិនិងអន្តរជាតិ កំពុងចង់ដឹងដែរថា តើមេដឹកនាំស្ថាប័នណា ឬតំណាងអយ្យការ ឬចៅក្រមតុលាការខ្មែរ ណាខ្លះ ដែលបាននិងនៅតែចោទថា សហរដ្ឋអាមេរិក គប់គិតជាមួយឯកឧត្តមប្រធាន កឹម សុខា ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ឬបង្កើតឲ្យមានអំពើប្រទូសរ៉ាយ ឬអំពើឈ្លានពានប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា?“ ។

លោក សួន សូរីដា អតីតតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ ដែលសហការីលោកកឹម សុខា ម្នាក់ទៀត បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ ថា “អរគុណសន្តិភាព អរគុណដូណាល់ ត្រាំ ត្រូវឈប់ចោទសហរដ្ឋអាមេរិក ទម្លាក់បទចោទលើលោកកឹម សុខា គប់គិតជាមួយសហរដ្ឋអាមេរិក ទៅ…” ។

លោក សួន សូរីដា បានសរសេរបន្ថែម នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ថា “ចម្ងល់!

១. តើសហរដ្ឋអាមេរិក បានជួយកម្ពុជា ឬជាសត្រូវរបស់កម្ពុជា?

២. តើមេដឹកនាំស្ថាបន័ណា ឬតំណាងអយ្យការ ឬចៅក្រមតុលាការខ្មែរ ណាខ្លះដែលនៅតែចោទថា «សហរដ្ឋអាមេរិក គប់គិតជាមួយលោកកឹម សុខា ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ឬបង្កើតឲ្យមានអំពើប្រទូសរ៉ាយ ឬអំពើឈ្លានពានប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា?» បន្តទៀត ឬយ៉ាងណា?

បើសហរដ្ឋអាមេរិក ជាមិត្ត និងជួយកម្ពុជា ដល់ពេលទម្លាក់បទចោទលើលោកកឹម សុខា ឱ្យលោកមានសេរីភាពឡើងវិញទៅ…” ។

លោក ហ៊ីង សុខសាន្ត អតីតប្រធានយុវជន នៃអតីតគណបក្សសង្រ្គោះជាតិ ដែលជាសហការីលោកកឹម សុខា ម្នាក់ទៀត បានបញ្ជាក់ថា លោក កឹម សុខា គ្មានកំហុស និងស្អាតស្អំ ដូច្នេះគាត់ត្រូវតែទទួលបានសេរីភាពឡើងវិញ ។

លោកហ៊ីង សុខសាន្ត បានមានប្រសាសន៍ប្រាប់ “នគរធំ” នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ថា “បាទ! ឥឡូវនេះ យើងក្រឡេកមើលក្រោយ ពីសង្រ្គាមជាមួយសៀម ចុងក្រោយនេះ ដែលឈ្លានពានយើងនេះ គឺពុំមានបរទេសណាមួយដែលអាចជួយខ្មែរយើង ឲ្យផុតពីការឈ្លានពានពីថៃ ក្រៅពីសហរដ្ឋអាមេរិក ទេ នេះយើងនិយាយដោយជាក់ស្ដែង ។ បើមិនមានសហរដ្ឋអាមេរិក ទេ ប្រហែលជាសង្រ្គាមនៅតែច្បាំងគ្នា ហើយសៀម នៅតែគឃ្លើនមកឈ្លានពានកម្ពុជា ឥតឈប់ ។ អានេះគឺយើងមើលឃើញអ៊ីចឹង ។ ដូច្នេះវាសបញ្ជាក់ឲ្យឃើញថា សហរដ្ឋអាមេរិក ដែលរដ្ឋាភិបាលខ្មែរ និងបក្ខកាន់អំណាច តែងតែចាត់ទុកជាសភាវៈអាក្រក់ ឬក៏ជានិមិត្តរូបមួយ ហើយមើលក្នុងផ្លូវអវិជ្ជមានរហូតនោះ ដែលថា សហរដ្ឋអាមេរិកហ្នឹង ជាអ្នកនៅពីក្រោយគណបក្សប្រឆាំង ដើម្បីប៉ុនប៉ងផ្ដួលរំលំរដ្ឋាភិបាលកម្ពុជា តាមរយៈបដិវត្តន៍ពណ៌អី ។ល។ និង ។ល។ ឥឡូវទីបំផុត អ្នកដែលរដ្ឋាភិបាល និងបក្សកាន់អំណាចចោទនោះ បែរជាមានតែសហរដ្ឋអាមេរិក ហ្នឹង ជាអ្នកជួយទៅវិញ ។ ដូច្នេះគឺវាផ្ទុយស្រឡះទៅនឹងអ្វីដែលរដ្ឋាភិបាល ក៏ដូចជាគណបក្សកាន់អំណាច ចោទ“ ។

លោក ហ៊ីង សុខសាន្ត បានមានប្រសាសន៍បន្តថា “ហើយទន្ទឹមនឹងការបញ្ចប់សង្រ្គាម ជួយកម្ពុជា មានសន្តិភាពនៅពេលនេះ លើសពីហ្នឹងនោះ ជួយឲ្យមានការបន្ទូរបន្ថយពន្ធ ដកបម្រាមអីមួយចំនួន ។ ដូច្នេះបញ្ជាក់ឲ្យឃើញថា អាមេរិក គឺមិនប្រកាន់នូវអ្វីដែលរដ្ឋាភិបាល ក៏ដូចជាគណបក្សកាន់អំណាច ចោទពីមុនទេ ហើយមិនចាប់ទោសអូសដំណើរទេ នៅតែចាត់ទុកកម្ពុជា ជាមិត្ត អ្នករាប់រកទំនាក់ទំនងការទូតល្អដដែល ។ ដូច្នេះងាកមកកម្ពុជា វិញ គឺរដ្ឋាភិបាលបក្សកាន់អំណាច គួរតែហ៊ានទទួលស្គាល់ថា អ្វីដែលខ្លួនចោទពីមុន ចំពោះសហរដ្ឋអាមេរិក ឬក៏មើលសហរដ្ឋអាមេរិក ក្នុងផ្លូវអវិជ្ជមាន ឬក៏ចាត់ទុកជាសភាវវៈអាក្រក់នោះ ប្ដូរឥរិយាបថ ហើយរាប់អានអាមេរិក ជាមិត្តដ៏ល្អ ហើយទន្ទឹមនឹងនោះ បើទទួលស្គាល់ថា អ្វីដែលខ្លួននិយាយពីមុន ចោទពីមុន សហរដ្ឋអាមេរិក ហ្នឹងខុស ថាពីក្រោយបក្សប្រឆាំងនោះ អ៊ីចឹងមានន័យថា ការចោទប្រកាន់លោកកឹម សុខា ក៏ខុសដែរ ក៏មិនត្រឹមត្រូវដែរ“ ។

លោក ហ៊ីង សុខសាន្ត បានមានប្រសាសន៍បន្តទៀតថា “ដូច្នេះទី១ ដើម្បីជាការអរគុណចំពោះសមានចិត្ត ឬក៏ទង្វើល្អរបស់សហអាមេរិក ដែលជួយឲ្យកម្ពុជា ទទួលបានសន្តិភាព ហើយគេចផុតពីការឈ្លានពានរបស់សៀម ផង ហ្នឹងទី១ ។ ទី២ ដើម្បីជាការលាងកំហុសដែលខ្លួនបានចោទសហរដ្ឋអាមេរិក នោះ គឺដាច់ខាត ។ អ៊ីចឹងទាំងពីរហេតុផលនេះហើយ គឺត្រូវតែដោះលែងលោកកឹម សុខា តាមរយៈការទម្លាក់បទចោទរបស់គាត់ ដើម្បីបង្ហាញថា កម្ពុជា គឺជាមិត្តដ៏ល្អ ពីព្រោះករណីលោកកឹម សុខា និងការរំលាយគណបក្សសង្រ្គោះជាតិ នេះគឺជាការរំលោភសិទ្ធិមនុស្ស ហើយនិងគោលការណ៍ប្រជាធិបតេយ្យ ធ្ងន់ធ្ងរបំផុត ហើយយើងដឹងហើយថា គោលការណ៍ប្រជាធិបតេយ្យ និងគោលការណ៍គោរពសិទ្ធិមនុស្សនេះ គឺសហរដ្ឋអាមេរិក ជាប្រទេសមួយដែលដើរតួស្នូលក្នុងការលើកកម្ពស់ ហើយបើកាលណាបំពានគោលការណ៍ទាំងអស់នេះហើយ គឺដូចបំពានសហរដ្ឋអាមេរិក អ៊ីចឹង ។ ដូច្នេះខ្ញុំគិតថា ដល់ពេល ហើយនិងពេលវេលាមួយដែលចាំបាច់បំផុត ដើម្បីក្លាយជាមិត្តដ៏ល្អរបស់សហរដ្ឋអាមេរិក ហ្នឹង គឺត្រូវតែទម្លាក់បទចោទ ដោះលែងលោកកឹម សុខា“ ។

លោកមុត ចន្ថា អតីតសមាជិកគណៈកម្មាធិការនាយក នៃអតីតគណបក្សសង្រ្គោះជាតិ ដែលជាជំនួយការលោកកឹម សុខា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ថា នៅពេលនេះ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានទទួលស្គាល់អាមេរិក ជាមិត្តល្អហើយ ដូច្នេះរឿងក្តីចោទលោក កឹម សុខា ថាបានទទួលបញ្ជានិងមធ្យោបាយពីអាមេរិក ត្រូវបានលាងសម្អាត ហើយលោក កឹម សុខា ត្រូវតែបានដោះលែងឱ្យមានសេរីភាពឡើងវិញ ។

លោកមុត ចន្ថា បានមានប្រសាសន៍ថា “សំណុំរឿងចោទឯកឧត្តម កឹម សុខា គឺចោទភ្ជាប់ជាមួយអាមេរិកជាមេខ្លោងនៅពីការរៀបចំផែនការនិងផ្តល់មធ្យោបាយហិរញ្ញវត្ថុ ប៉ុន្តែនៅពេលនេះរដ្ឋាភិបាលកម្ពុជា នៃបក្សប្រជាជនកម្ពុជា បានអះអាងថា អាមេរិក គឺជាមិត្តល្អ និងថែមទាំងសុំឱ្យប្រធានាធិបតីអាមេរិក ជួយអន្តរាគមន៍បញ្ចប់ជម្លោះប្រដាប់អាវុធទៀតផង។ កាលពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកប្រធានាធិបតី Donald J.Trump ធ្លាប់បានផ្ញើលិខិតផ្លូវការ មកលោក ហ៊ុន សែន ដោយបដិសេធចំពោះការចោទប្រកាន់មកលើអាមេរិកជាមេខ្លោង ប៉ុន្តែតុលាការនៃលោក ហ៊ុន សែន នៅតែបន្តចោទនិងកាត់ទោសឯកឧត្តម កឹម សុខា។ ដូច្នេះនៅពេលនេះ លោក ហ៊ុន ម៉ាណែត បានទទួលស្គាល់អាមេរិក ជាមិត្តល្អ ដូច្នេះរឿងក្តីចោទឯកឧត្តម កឹម សុខា ថាបានទទួលបញ្ជានិងមធ្យោបាយពីអាមេរិក ត្រូវបានលាងសម្អាត។ ឯកឧត្រម កឹម សុខា ត្រូវតែបានដោះលែងឱ្យមានសេរីភាពឡើងវិញ “ ។  

ក្រៅពីសហការីខាងលើ សម្រាប់សហមេធាវីការពារក្ដីលោកកឹម សុខា ក៏ទាមទារឲ្យមានការទម្លាក់បទចោទលោកកឹម សុខា និងដោះលែងលោកកឹម សុខា ឲ្យមានសេរីភាពឡើងវិញផងដែរ ដើម្បីផ្ដល់ភាពយុត្តិធម៌ដល់លោកកឹម សុខា ផ្សះផ្សាជាតិខ្មែរ ឡើងវិញ ក៏ដូចជាលាងភាពស្អាតស្អំដល់សហរដ្ឋអាមេរិក ថាមិនបាននៅពីក្រោយបក្សប្រឆាំង ក្នុងការធ្វើបដិវត្តន៍ពណ៌ ផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជា ។

លោក ផែង ហេង សហមេធាវីមួយរូប របស់លោកកឹម សុខា បានលើកឡើងតាមបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ថា “យើងខ្មែរ តែងធ្វើល្អជាមួយបរទេស អត់ឱន អធ្យាស្រ័យឲ្យគេ បើទោះបីដឹងថា មិនស្មើភាព។ យើងអបអរសាទរបទឈប់បាញ់ តាមឯកសារចុះកិច្ចព្រមព្រៀង នៅកូឡាឡាំពួរ ថ្ងៃ២៨ កក្កដា ២០២៥ និងបន្តឲ្យអាមេរិក មកជាមេបា ថ្ងៃទី២៦ តុលា ២០២៥។ សូមឲ្យជម្លោះជិតខាង បានបញ្ចប់ និងសូមឲ្យមានផ្សះផ្សាជាតិខ្មែរ ឡើងវិញ។ ជាពិសេសករណីចោទប្រកាន់ ឯឧ កឹម សុខា និងអាមេរិក និងអ្នកពាក់ព័ន្ធផ្សេងៗទៀត ក៏ត្រូវបញ្ចប់“ ៕ កុលបុត្រ

RELATED ARTICLES