Thursday, October 30, 2025
Homeសន្ដិសុខសង្គមសន្តិសុខសង្គមចាប់ខ្លួនមេខ្លោងគ្រឿងញៀន បាញ់ប៉ូលិសស្លាប់

ចាប់ខ្លួនមេខ្លោងគ្រឿងញៀន បាញ់ប៉ូលិសស្លាប់

ខេត្តបន្ទាយមានជ័យ ៖ មុខសញ្ញាជួញដូរគ្រឿងញៀន ដែលបានបាញ់សម្លាប់នគរបាលនាយរងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ហើយរត់គេចខ្លួននោះ ត្រូវបានសមត្ថភាពនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និងស្នង ការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនបានហើយ បន្ទាប់ពីជនដៃដល់ជាឃាតករបានព្យាយាម រត់គេចខ្លួនទៅដល់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ការឃាត់ខ្លួនជនសង្ស័យជាឃាតករ និងជាមេខ្លោងជួញដូរគ្រឿងញៀននេះ បានធ្វើឡើង កាលពីយប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ នៅចំណុចភូមិទួលពង្រ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

ជនសង្ស័យទាំង២នាក់ ដែលត្រូវសមត្ថកិច្ចបង្ក្រាបបាន ទី១-ឈ្មោះថន ឌីណា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិបែកចាន ឃុំអណ្តូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ (ជាជនដៃដល់) និងទី២-ឈ្មោះថន សៀងហៃ ភេទប្រុស អាយុ២៩ឆ្នាំ ជាអ្នកដឹកជនសង្ស័យគេច ខ្លួន។

ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿង បញ្ជូនទៅចាត់ការបន្តតាមនីតិវិធី។

គួររំលឹកថា កាលពីវេលាម៉ោងប្រមាណជាង៣រសៀល ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចជំនាញប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ សហការជាមួយកម្លាំងនគរបាល ស្រុកតាំងគោក បានចុះប្រតិបត្តិការបង្ក្រាបករណីជូញដូរគ្រឿងញៀន ១ករណី នៅចំណុចភូមិបែកចាន ឃុំអណ្តូងពោធិ៍ ស្រុកតាំងគោក ប៉ុន្តែអ្វីដែលត្រូវសោកស្តាយនៅអំឡុងពេលចុះប្រតិបត្តិការនោះ ជនសង្ស័យជា មេខ្លោងគ្រឿងញៀន បានទាញកាំភ្លើងអាកា បាញ់រះមកលើសមត្ថកិច្ច បណ្តាលឱ្យបាត់បង់ជីវិតនាយរងការិយាល័យប្រឆាំងបទល្មើ សគ្រឿងញៀនម្នាក់ និងនាយរងផ្នែកម្នាក់ រងរបួសធ្ងន់ ចំណែកជនដៃដល់ជាខ្មាន់កាំភ្លើង បានរត់គេចបាត់។

កងកម្លាំងសមត្ថកិច្ច ដែលពលីជីវិតក្នុងប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀនខាងលើ គឺលោកវរសេនីយ៍ទោ ហួន សាវ័យ មានតួនាទីជានាយរងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ធំ។ ចំណែកលោកអនុសេនីយ៍ឯក ទឹម ចាន់នី ជានាយរងផ្អែក នៃការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ធំ រងរបួសធ្ងន់។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីវេលាម៉ោងប្រមាណជាង៣រសៀល ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ សមត្ថកិច្ចការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ សហការជាមួយនគរបាលស្រុកតាំងគោក ក្រោមការសម្រប សម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងខេត្ត បានចុះប្រតិបត្តិការបង្ក្រាបករណីជូញដូរ ដោយខុសច្បាប់នូវសារធាតុញៀន មួយករណីនៅចំណុចភូមិបែកចាន ឃុំអណ្តូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ។ ប៉ុន្តែអ្វីដែលត្រូវសោកស្តាយនិងចូលរំលែកទុក្ខនោះ គឺការបាត់បង់អាយុជីវិតនាយរងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនម្នាក់ និងនាយរងផ្នែកម្នាក់ក្នុងបេសកកម្ម ដោយមេខ្លោងឧក្រិដ្ឋជនគ្រឿងញៀនបាញ់ប្រហារ។

ប្រតិបត្តិការនេះ អនុវត្តតាមបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តកំពង់ធំ ដោយដឹកនាំកម្លាំងជំនាញ ចុះផ្ទាល់គឺ លោកវរសេនីយ៍ទោ ហួន សាវ័យ នាយរងការិយាល័យប្រឆាំងគ្រឿងញៀន។

ជាដំបូងកម្លាំងសមត្តកិច្ចបានចុះទៅធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមុខសញ្ញាចែកចាយថ្នាំញៀន និងចាប់វត្ថុតាង គ្រឿងមួយចំនួន។ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យម្នាក់នោះ បានសារភាពថា ថ្នាំញៀនដែលគេយកមកចែកចាយ និងលក់កន្លងមកនេះ គឺទិញពី ឈ្មោះ ថន ឌីណា ភេទប្រុស ជាមេខ្លោងជួញដូរថ្នាំញៀនយ៉ាងសកម្ម។

ក្រោយពេលស្តាប់ចម្លើយជនសង្ស័យខាងលើរួចមក លោកវរសេនីយ៍ទោ ហួន សាវ័យ ក្នុងនាមជានាយរងការិយល័យបង្ក្រាបបទល្មើសគ្រឿងញៀន បានដឹកនាំកម្លាំងចុះទៅឡោមព័ទ្ធផ្ទះរបស់មេខ្លោងជួញដូរគ្រឿង ញៀន ស្ថិតនៅស្រុកតាំងគោក ខេត្តកំពង់ធំ ដើម្បីឆែកឆេររក ឈ្មោះថន ឌីណា។ ខណៈពេលសមត្ថកិច្ចបានចុះទៅដល់ទីតាំងនោះ ស្រាប់តែមានការរារាំងពីសំណាក់ឪពុក និងក្រុមគ្រួសាររបស់ជនសង្ស័យ ទើបធ្វើឱ្យជនសង្ស័យឈ្មោះ ថន ឌីណា មានឱកាសទាញយកកាំភ្លើង អាកា៤៧ បាញ់រះទៅលើសមត្ថកិច្ច បណ្តាលឱ្យត្រូវលោកវរសេនីយ៍ទោ ហួន សាវ័យ ចំនួន២គ្រាប់ ស្លាប់នៅកន្លែងកើតហេតុ ។ ចំណែកលោកអនុសេនីយ៍ឯក ទឹម ចាន់នី រងរបួសធ្ងន់ ត្រូវដឹកទៅសង្គ្រោះបន្ទាន់ភ្លាមៗ។ ដោយឡែកមេខ្លោងគ្រឿងញៀន ថន ឌីណា បានស្ទុះទៅយកកាំភ្លើងម៉ាកកា៥៩ មួយដើមពីសមត្ថកិច្ច ហើយរត់គេចខ្លួនដោយសុវត្ថិភាព។

ទីបំផុត ឈាមស្រែកស្បែកហៅ មកដល់យប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ កម្លាំងសមត្ថកិច្ចជំនាញ បានសហ ការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនដៃដល់ជាឃាតករ រួមនិងអ្នកសមគំនិត (អ្នកដឹកជនសង្ស័យរត់គេចខ្លួន) បាន នៅចំណុចភូមិទួលពង្រ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត រួចនាំយកមកចាត់ការតាម ច្បាប់៕

RELATED ARTICLES