ខេត្តសៀមរាប ៖ យុវជនម្នាក់ ទើបនឹងចេញពីផឹកស៊ីស្រវឹងធ្លាក់ភ្នែក បើករថយន្ត ១គ្រឿង ក្នុងល្បឿនលឿនដូចហោះ បោះពួយជ្រុលទៅបុកម៉ូតូកង់បី ១គ្រឿង ដែលបើកបរដោយបុរសជាប្តី រួមដំណើរដោយប្រពន្ធកូន យ៉ាងពេញទំហឹង ធ្វើឱ្យជនរងគ្រោះទាំង៣នាក់ ប៉ើងខ្ទាតចេញពីកង់បី និងបណ្តាលឱ្យស្ត្រីជាប្រពន្ធ ស្លាប់នៅនឹងកន្លែង។ ចំណែកបុរសជាប្តី និងកូន រងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ។ រីឯអ្នកបើកបររថយន្តបង្កហេតុ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នាំយកទៅចាត់ការតាមច្បាប់។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត ១គ្រឿង ម៉ាកតូយ៉ូតា ព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ សៀមរាប 2C-2106 បើកបរដោយយុវជនម្នាក់ មិនស្គាល់អត្តសញ្ញាណ ស្ថិតក្នុងសភាពស្រវឹងជោក បានធ្វើដំណើរក្នុងល្បឿនយ៉ាងលឿន តាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីកើត ទៅលិច លុះមកដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែរថយន្តបានរេចង្កូតទៅបុកម៉ូតូកង់បី ១គ្រឿង ពាក់ ស្លាកលេខ សៀមរាប 1AS-9657 បើកបរដោយបុរសម្នាក់ មានដឹកប្រពន្ធនិងកូន ធ្វើដំណើរក្នុងទិសដៅពីលិច ទៅកើត (បញ្ច្រាសទិសគ្នា) យ៉ាងពេញទំហឹង បណ្តាលឱ្យអ្នកជិះម៉ូតូកង់បី ប៉ើងខ្ទាតចេញក្រៅ និងធ្វើឱ្យស្ត្រីជាប្រពន្ធអ្នកបើកកង់បី ស្លាប់នៅនឹងកន្លែង ចំណែកបុរសជាប្តីនិងកូន រងរបួសធ្ងន់ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលចរាចរណ៍ខេត្តសៀមរាប បានចុះអន្តរាគមន៍ និងឃាត់ខ្លួនអ្នកបើកបររថ យន្តបង្កហេតុ យកទៅសាកសួរ និងចាត់ការតាមច្បាប់។
ចំណែករថយន្តនិងម៉ូតូ បន្ទាប់ពីសមត្ថកិច្ចជំនាញធ្វើការវាស់វែងរួច បានអូសយកទៅរក្សាទុក រង់ចាំដោះស្រាយនៅពេលក្រោយ។

ដោយឡែក សពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ យកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕
