ភ្នំពេញៈ បន្ទាប់ពីបានបរាជ័យក្នុងការចុះអនុវត្តដីកាសម្រេចរឹបអូសផ្ទះមួយកន្លែង នៅខណ្ឌជ្រោយចង្វា ដោយ សារតែមានស្ត្រីម្នាក់ ដែលអះអាងថា ខ្លួនជាម្ចាស់ដីមរតកខ្មោចឪ បានលីកាំបិតផ្គាក់ ការពារដីផ្ទះរបស់ខ្លួន មិនឲ្យមានការរឹបអូស ហើយត្រូវបានផ្សព្វផ្សាយផ្អើលពេញបណ្តាញសង្គមមក នៅយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីថ្លែងការណ៍ បំភ្លឺពាក់ព័ន្ធការចុះអនុវត្តដីកាសម្រេចនេះ ដោយបញ្ជាក់ថា ប្រធានសាលាដំបូងរាជធានីភ្នំពេញ បានឱ្យអាជ្ញាសាលា ផ្អាកការអនុវត្ត និងរក្សាស្ថាន ភាពបច្ចុប្បន្ន ឱ្យនៅដដែលសិន ហើយឲ្យយកចិត្តទុកដាក់ពិនិត្យចំណាត់ការលើសំណុំរឿងបន្ត ដើម្បីផ្តល់យុត្តិ ធម៌ជូនអ្នកតវ៉ា និងភាគីពាក់ព័ន្ធ ឱ្យបានត្រឹមត្រូវតាមច្បាប់។ ប៉ុន្តែមកដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ស្ត្រីដែលលីកាំបិតផ្គាក់ ការពារដីផ្ទះនោះ បានយល់ព្រមទទួលសំណង ៣៣០០០ដុល្លារ ជាថ្នូរការចាកចេញពីដីទំនាស់។

ការចេញសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញនេះ ធ្វើឡើងបន្ទាប់ពីប៉ុន្តែកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ អាជ្ញាសាលា រួមជាមួយអាជ្ញាធរ និងសមត្ថកិច្ចចម្រុះ បានចុះអនុវត្តដីកាសម្រេច បង្គាប់ឱ្យឈ្មោះកៅ ចាន់ធី, ផូរ វីន និងកៅ សុគង់ អាសយដ្ឋាននៅភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ដែលជាកូនបំណុលនៃការអនុវត្ត ប្រគល់អចលនវត្ថុ ដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ ១២១១០២០៥-០០៦០ ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ចេញដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដី រាជធានីភ្នំពេញ មានទីតាំងស្ថិតនៅភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ឱ្យទៅឈ្មោះ ហ៊ី សៀងលី ជាភាគីអ្នកដេញថ្លៃបានតាមផ្លូវតុលាការ ប៉ុន្តែការអនុវត្តដីកា សម្រេ ចនេះ ត្រូវបានបរាជ័យ បន្ទាប់ពីត្រូវបានស្ត្រីម្នាក់ ដែលអះអាងថា ជាអ្នកទទួលមរតកដីពីខ្មោចឪរបស់ខ្លួន បានលីកាំបិតផ្គាក់ ចេញមុខតវ៉ា ការពារដីផ្ទះរបស់ខ្លួន មិនឲ្យមានការរឹបអូសឡើយ។

សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លេខ ៖ ៦៩៥ សបព/២៥ ចុះថ្ងៃពុធ ៨កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ពស ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥ ស្តីពីការផ្សាយរបស់គណនីហ្វេសប៊ុក ឈ្មោះ ជីវិតកៅ សុខណា កំសត់គេយកដីផ្ទះ, គណនីហ្វេសប៊ុក ឈ្មោះ Sothea Kong, Thoeun Sharing បណ្តាផេក និងបណ្តាញសង្គមនានា ទាក់ទងនឹងការចុះអនុវត្តប្រគល់អចលនវត្ថុ នៅខណ្ឌជ្រោយចង្វា នោះ មានខ្លឹមសារទាំងស្រុងថា«កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គណនីហ្វេសប៊ុក ឈ្មោះ ជីវិតកៅ សុខណា កំសត់គេយកដីផ្ទះ, គណនីហ្វេសប៊ុក ឈ្មោះ Sothea Kong, Thoeun Sharing បានផ្សព្វផ្សាយនិងឡាយផ្ទាល់ ពាក់ព័ន្ធនឹងការចុះអនុវត្តដីកាសម្រេចបង្គាប់ឱ្យប្រគល់អចលនវត្ថុ របស់សាលាដំបូងរាជធានីភ្នំពេញ លេខ១០៤ ចុះថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ នៅក្នុងសំណុំរឿងអនុវត្ត លេខ២០ ចុះថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ របស់អង្គភាពអាជ្ញាសាលា នៃសាលាដំបូងរាជធានីភ្នំពេញ ដែលមានខ្លឹមសារសម្រេច បង្គាប់ឱ្យឈ្មោះកៅ ចាន់ធី, ផូរ វីន និងកៅ សុគង់ អាសយដ្ឋាននៅភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជ ធានីភ្នំពេញ ដែលជាកូនបំណុលនៃការអនុវត្តប្រគល់អចលនវត្ថុ ដែលមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចល នវត្ថុលេខ ១២១១០២០៥-០០៦០ ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ ចេញដោយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដី រាជធានីភ្នំពេញ មានទីតាំងស្ថិតនៅភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជ ធានីភ្នំពេញ ឱ្យទៅឈ្មោះ ហ៊ី សៀងលី ជាភាគីអ្នកដេញថ្លៃបានតាមផ្លូវតុលាការ។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ សូមបញ្ជាក់ជូនសារធារណជនជ្រាបថា ៖
កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ អាជ្ញាសាលា បានចុះអនុវត្តដីកាសម្រេចបង្គាប់ឱ្យប្រគល់អចលនវត្ថុ ដែលមានទីតាំងនៅភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ឱ្យទៅអ្នកទិញ ឈ្មោះហ៊ី សៀងលី តាមរយៈការទិញក្នុងសំណុំរឿងអនុវត្តដោយបង្ខំរបស់តុលាការ ដោយយោងតាមសាលក្រមស្ថាពរ លេខ ៥៨៣ “រ” ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ របស់សាលាដំបូងរាជធានីភ្នំពេញ ដែលបានសម្រេចបង្គាប់ឱ្យឈ្មោះកៅ សុគង់ (ម្តាយ) ឈ្មោះកៅ ចាន់ធី (កូនបង្កើត) និងឈ្មោះផូរ រីន (កូនប្រសា) សងប្រាក់ដើម ចំនួន ៩៥ ២៩៨,៩៤ដុល្លារអាមេរិក រួមទាំងការប្រាក់ ចំនួន១១ភាគរយ និងប្រាក់ពិន័យ ២៤ភាគរយ ឱ្យទៅម្ចាស់បំណុ ល ជាធនាគារ។

ក្នុងរឿងនេះ ផ្តើមចេញពីឈ្មោះកៅ សុគង់ (ម្តាយ) ឈ្មោះកៅ ចាន់ធី (កូនបង្កើត) និងឈ្មោះផូរ រីន (កូនប្រ សា) បានខ្ចីប្រាក់ពីធនាគារ ដោយយកប័ណ្ណដីដែលមានឈ្មោះកម្មសិទ្ធិ កៅ សុខគង់ (ម្តាយ) និងឪពុកឈ្មោះអ៊ុំ សុវណ្ណ (ស្លាប់) ជាទ្រព្យរួមប្តីប្រពន្ធ និងទាយាទខ្មោច អ៊ុំ សុវណ្ណ ដាក់ធានាបំណុល ជាមួយធនាគារ។
នៅក្នុងចំណាត់ការសំណុំរឿងអនុវត្តដោយបង្ខំ ក៏ដូចជានៅថ្ងៃដែលអាជ្ញាសាលា បានចុះអនុវត្តនោះ ក៏មានឈ្មោះកៅ សុខណា ធ្វើការជំទាស់រារាំង និងមានប្រតិកម្មជាខ្លាំងចំពោះការអនុវត្តនេះ ដោយគាត់បានអះអាងថា គាត់ត្រូវជាកូនរបស់ខ្មោចឪពុក ឈ្មោះអ៊ុំ សុវណ្ណ ជាមួយម្តាយឈ្មោះកៅ សុគង់ ហើយបាននិងកំពុងកាន់ កាប់ ដោយបានសង់តូបនៅលើដីមួយចំណែកដែលត្រូវរឹបអូសនេះ ដោយគាត់បានធ្វើការតវ៉ាថា គាត់មានចំណែកកម្មសិទ្ធិមត៌កលើដី បន្តពីខ្មោចឪពុក ដែលដីនេះ ត្រូវបានម្តាយ និងបងស្រី លួចលាក់យកទៅដាក់ធានាបំណុល ជាមួយធនាគារ ដោយមិនឱ្យខ្លួនដឹង។
ចំពោះការអះអាងជាមត៌កកន្លងមក សាលាដំបូងរាជធានីភ្នំពេញ មិនដែលបានទទួលបណ្តឹងដោះស្រាយពីការទាមទារបែងចែកមត៌ក ពីភាគីអ្នកតវ៉ានោះទេ។
បន្ទាប់ពីបានដឹងពីចំណាត់ការអនុវត្តសំណុំរឿងនេះ ប្រធានសាលាដំបូងរាជធានីភ្នំពេញ បានឱ្យអាជ្ញាសាលា ផ្អាកការអនុវត្តរួចហើយ ដើម្បីរក្សាស្ថានភាពបច្ចុប្បន្ន ឱ្យនៅដដែលសិន និងបានយកចិត្តទុកដាក់ពិនិត្យចំណាត់ការសំណុំរឿងបន្ត ដើម្បីផ្តល់យុត្តិធម៌ជូនអ្នកតវ៉ា និងភាគី ពាក់ព័ន្ធ ឱ្យបានត្រឹមត្រូវតាមច្បាប់។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន»។

ទោះបីជាយ៉ាងណា ព័ត៌មានចុងក្រោយ នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៥ ករណីស្ត្រីដែលលីកាំបិតផ្គាក់ ការពារដីផ្ទះនោះ ត្រូវបានដោះស្រាយបញ្ចប់ហើយ ដោយភាគីស្ត្រីឈ្មោះកៅ សុខណា នោះ បានយល់ព្រមទទួលសំណង ៣៣០០០ដុល្លារ ជាថ្នូរការចាកចេញពីដីទំនាស់ខាងលើ៕

