
ខេត្តកណ្ដាលៈ អង្គការបេះដូងជប៉ុន (Heart Japan) នៅថ្ងៃសុក្រ ១០កើត ខែកត្តិក ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ បានធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារមជ្ឈមណ្ឌលព្យាបាលកុមារអាស៊ី ដែលជាមន្ទីរពេទ្យថ្មី ទើបសាងសង់ហើយរួចរាល់ជាស្ថាពរ នៅក្នុងមន្ទីរពេទ្យបង្អែកជ័យជំនះ ស្ថិតនៅក្នុងភូមិក្រពើហា សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល ក្នុងតម្លៃជាង១៣លានដុល្លារ ។ មន្ទីរពេទ្យថ្មី របស់អង្គការបេះដូងជប៉ុននេះ ជាសេចក្ដីសង្ឃឹមសម្រាប់ពលរដ្ឋ និងកុមារកម្ពុជា ព្រោះជាមន្ទីរពេទ្យដែលព្យាបាលមិនគិតថ្លៃ និងផ្ដោតសំខាន់លើជំងឺមហារីកកុមារ ។
ពិធីបើកសម្ពោធនេះ ធ្វើឡើងក្រោមអធិបតីភាពលោកសាស្រ្តាចារឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងលោក អាត់ស៊ូស៊ី យូអេណូ ( Atsushi Ueno) ឯកអគ្គរដ្ឋទូត នៃស្ថានទូតជប៉ុន ប្រចាំកម្ពុជា និងមានការចូលរួមពីសប្បុរសជនជប៉ុន និងមន្រ្តីសុខាភិបាល នៃមន្ទីរសុខាភិបាលខេត្តកណ្ដាល ជាច្រើនរូប ។

ថ្លែងក្នុងពិធីសម្ពោធនោះ លោកគ្រុយ ម៉ាឡែន អភិបាលរង នៃគណៈអភិបាលខេត្តកណ្ដាល តំណាងដ៏ខ្ពង់ខ្ពស់របស់លោកគួច ចំរើន អភិបាលខេត្ត បានលើកឡើងថា អគារមជ្ឈមណ្ឌលព្យាបាលកុមារអាស៊ី បានចាប់ផ្ដើមសាងសង់ឡើងកាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤ និងបានបញ្ចប់ការសាងសង់រួចរាល់ជាស្ថាពរ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ ហើយត្រូវបានដាក់សម្ពោធឲ្យដំណើរការនៅថ្ងៃនេះ ។ អគារដែលបានដាក់ឲ្យដំណើរការខាងលើ មានកម្ពស់៣ជាន់ មានចំនួន១០០បន្ទប់ មានបន្ទប់វះកាត់ចំនួន៤ អាចដាក់គែ្របានចំនួន២០០ សាងសង់លើផ្ទៃដីប្រមាណ១ម៉ឺន៥ពាន់ម៉ែត្រ និងចំណាយថវិកាប្រមាណ១៣.៧៧៧០០០ដុល្លារ ដែលជាជំនួយរបស់ប្រជាជនជប៉ុន និងសប្បុរសជនក្នុងស្រុក តាមរយៈអង្គការបេះដូងជប៉ុន ។
លោកអភិបាលរងខេត្តកណ្ដាល បានមានប្រសាសន៍ថា “ក្នុងនាមរដ្ឋបាលខេត្ត ខ្ញុំសូមអបអរសាទរ និងគាំទ្រស្មោះស្ម័គ្រចំពោះសមិទ្ធផលថ្មីនាថ្ងៃនេះ ដែលបានជាចំណងដៃដ៏ថ្លៃថ្លា និងបញ្ជាក់ពីចំណងមិត្ត សាមគ្គីភាពជាប្រពៃណីរវាងប្រជាជនកម្ពុជា-ជប៉ុន ដែលនឹងចូលរួមចំណែកយ៉ាងសំខាន់ដល់គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រង គ្របដណ្ដប់សេវាសុខភាពសកល និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកវេជ្ជបណ្ឌិតយ៉ូស៊ីអូកា ហ៊ីដេតូ ជាស្ថាបនិក និងលោកស្រីវេជ្ជបណ្ឌិតអារីណា យូស៊ីអូកា ប្រធានអង្គការបេះដូងជប៉ុន ចំពោះការខិតខំអភិវឌ្ឍនូវវិស័យសុខាភិបាល ហើយដែលបាននិងកំពុងដំណើរការយ៉ាងសកម្មក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងខេត្តកណ្ដាល ។ បន្ថែមលើនេះ ខ្ញុំសូមបន្តការគាំទ្រយ៉ាងពេញទំហឹងក្នុងភាពជាដៃគូសហប្រតិបត្តិការ ដើម្បីធានាថា មជ្ឈមណ្ឌលព្យាបាលកុមារអាស៊ីនេះ អាចដំណើរការទៅបានប្រកបដោយប្រសិទ្ធភាព និងក្លាយទៅជាគំរូសម្រាប់ការអភិវឌ្ឍន៍វិស័យសុខាភិបាល “ ។

ក្នុងសុន្ទរកថាស្វាគមន៍ លោកវេជ្ជបណ្ឌិត ហ៊ីដេតូ យូស៊ីអូកា (Hideto Yushioka) ស្ថាបនិកអង្គការបេះដូងជប៉ុន បានរំលឹកថាប្រហែលជា១៥ឆ្នាំមុន លោកបានពិភាក្សាជាមួយសមាជិកនៃរដ្ឋាភិបាលជប៉ុន អំពីរបៀបដែលយើងអាចរួមចំណែកដល់ការអភិវឌ្ឍន៍ ការថែទាំសុខភាពនៅក្រៅប្រទេស ។ ក្នុងអំឡុងពេលសន្ទនានោះ សំណួរមួយបានកើតឡើង តើអ្វីជាវិភាគទានដ៏មានតម្លៃបំផុត ដែលជប៉ុនអាចធ្វើបានដល់ពិភពលោក? ជាការពិតណាស់ ការសាងសង់មន្ទីរពេទ្យ និងការបរិច្ចាគថវិកាពេទ្យ គឺជាទម្រង់នៃការគាំទ្រដ៏សំខាន់ ក៏ប៉ុន្តែនៅទីបំផុត យើងបានឈានទៅដល់ការសន្និដ្ឋានមួយថា អ្វីដែលមានតម្លៃលើសពីនេះទៅទៀតនោះ គឺការគាំទ្រចេញពីធនធានមនុស្សខ្លួនឯង ។ នោះគឺជាបុគ្គលដែលមានជំនាញ ចំណេះដឹង ការលះបង់របស់ប្រជាជនជប៉ុន ដែលតំណាងឲ្យការរួមចំណែកដ៏មានអត្ថន័យបំផុត ដែលប្រទេសរបស់យើងអាចផ្ដល់ជូនដល់ពិភពលោក ។ តាំងពីពេលនោះមក លោកប្រកាន់យកគំនិតនេះជាប់រហូត ។ មន្ទីរពេទ្យនេះ គឺជាកន្លែងដែលអ្នកជំនាញជនជាតិជប៉ុនប្រមូលផ្ដុំគ្នាសហការ ហើយក្នុងពេលជាមួយគ្នានោះដែរ ក៏ជាកន្លែងដែលគ្រូពេទ្យកម្ពុជាមានសមត្ថភាពមកធ្វើការរួមគ្នាជាមួយពួកយើង ។ នៅពេលដែលក្រុមទាំងពីរសហការគ្នាយ៉ាងស្អិតល្មួត នោះលទ្ធផលដ៏អស្ចារ្យមួយត្រូវបានលេចឡើង ។ នៅពេលដែលអង្គការបានចាប់ផ្ដើមព្យាបាលមហារីកកុមារនៅក្នុងប្រទេសកម្ពុជា នៅឆ្នាំ២០១៨ មានតែកុមារប្រមាណ១០% ប៉ុណ្ណោះ ដែលអាចជួយសង្រ្គោះបាន តាមរយៈការខិតខំប្រឹងប្រែងឥតឈប់ឈរ រហូតមកដល់ពេលនេះ យើងអាចជួយសង្រ្គោះកុមារបាន៥០% ។ តែទោះជាយ៉ាងណាក៏ដោយ នៅក្នុងប្រទេសអភិវឌ្ឍន៍អាចព្យាបាលបានរហូតដល់ទៅ៨០% ដែលមានគម្លាត៣០%ទៀត ។ ដើម្បីលុបបំបាត់ភាពខុសគ្នានេះ យើងមានគោលដៅចង់ជួយសង្រ្គោះកុមាររហូតបានសម្រេច៨០% ។

លោក ហ៊ីដេតូ យូស៊ីអូកា បានមានប្រសាសន៍ថា “ អង្គពិធីទាំងមូលជាទីគោរព! ការបើកមន្ទីរពេទ្យថ្មី ឆ្នាំ២០២៥នេះ គឺជាព្រឹត្តិការណ៍សំខាន់មួយ សម្រាប់អង្គការបេះដូងជប៉ុន ហើយនៅទីនេះក៏នឹងជានិមិត្តរូបនៃដំណាក់កាលថ្មី នៃការថែទាំវេជ្ជសាស្រ្តរវាងប្រទេសកម្ពុជា និងជប៉ុន ។ អាចនិយាយបានថា ដរាបណានៅមានជីវិតអាចសង្រ្គោះបាន យើងនឹងបន្តឆ្ពោះទៅមុខជានិច្ច ។ យើងខ្ញុំចង់បង្កើតមន្ទីរពេទ្យ ដែលមិនត្រឹមតែមនុស្សទូទៅមានអារម្មណ៍ថាជាកន្លែងដែលល្អបំផុតនោះទេ តែយើងចង់ឲ្យកុមារចូលចិត្តនៅទីនេះ ទោះបីជាពេលការព្យាបាលធ្វើឲ្យពួកគេរងនូវការឈឺចាប់ក៏ដោយ ក៏យើងនៅតែទទួលបានស្នាមញញឹមពីពួកគេ ។ ខ្ញុំសង្ឃឹមថា បទពិសោធន៍ និងការរៀនសូត្រ ដែលធ្វើឡើងនៅមន្ទីរពេទ្យនេះ នឹងរីករាលដាលពាសពេញប្រទេសកម្ពុជា និងទូទាំងបណ្ដាប្រទេសផ្សេងទៀតនៅអាស៊ី និងចង់ធ្វើឲ្យមន្ទីរពេទ្យនេះទៅជាមន្ទីរពេទ្យដែលគេទទួលស្គាល់ទូទាំងអាស៊ី និងពិភពលោក ។ យើងខ្ញុំមានគោលដៅចង់ធ្វើឲ្យមន្ទីរពេទ្យនេះក្លាយទៅជាកន្លែងដែលផ្ដល់សេវាកម្មគំរូសម្រាប់ពិភពលោក ។ យើងរស់នៅក្នុងពិភពនៃផលលំបាក ហើយយើងក៏ត្រូវការពេលវេលាដើម្បីស្វែងយល់អំពីបញ្ហានេះ ។ ខ្ញុំជឿថា បើសិនកុមារជាច្រើន បានទទួលការសង្រ្គោះនៅមន្ទីរពេទ្យនេះ មិនត្រឹមតែជីវិតរបស់ពួកគេទេ អ្នកពាក់ព័ន្ធដូចជាគ្រួសារ និងសូម្បីតែកូនចៅជំនាន់ក្រោយរបស់ពួកគេ នឹងមានសុខភាពល្អប្រសើរយ៉ាងខ្លាំង ។ យើងខ្ញុំសង្ឃឹមថា ក្ដីមេត្តា និងការរៀនសូត្រដែលកើតចេញពីមន្ទីរពេទ្យថ្មីនេះ នឹងរីករាលដាលពាសពេញប្រទេសកម្ពុជា អាស៊ី និងពិភពលោក ។ ខ្ញុំសុំឲ្យមន្ទីរពេទ្យនេះក្លាយជានិមិត្តរូបនៃសេចក្ដីមេត្តានិងក្ដីសង្ឃឹមដល់កុមារ ។ រួមគ្នាជាមួយអ្នកទាំងអស់គ្នា ខ្ញុំទន្ទឹងរង់ចាំការកសាងអនាគតដ៏ត្រចះត្រចង់ចេញពីកន្លែងនេះ “។
នៅក្នុងសុន្ទរកថានៅក្នុងពិធីនោះដែរ លោក អាត់ស៊ូស៊ី យូអេណូ ( Atsushi Ueno) ឯកអគ្គរដ្ឋទូត នៃស្ថានទូតជប៉ុន ប្រចាំកម្ពុជា បានបញ្ជាក់ថា ស្ថានទូតជប៉ុន និងខ្លួនលោកផ្ទាល់ នឹងបន្តគាំទ្រគាំទ្រលោកវេជ្ជបណ្ឌិតយូស៊ីអូកា និងអង្គការបេះដូងជប៉ុន ។ ទន្ទឹមនឹងនេះ លោកសូមសំណូមពរដល់រដ្ឋាភិបាលកម្ពុជា អភិបាលខេត្តកណ្ដាល និងអ្នកគាំទ្រជាច្រើនមកពីប្រទេសជប៉ុន សូមធ្វើការពង្រឹងការគាំទ្របន្ថែមទៀត ដល់សកម្មភាពរបស់អង្គការបេះដូងជប៉ុន នាឱកាសសម្ពោធមជ្ឈមណ្ឌលថ្មី នាថ្ងៃនេះ ។

លោក អាត់ស៊ូស៊ី យូអេណូ “ ខ្ញុំយល់ថា មណ្ឌលវេជ្ជសាស្រ្តកុមារអាស៊ីបេះដូងជប៉ុន ដែលបើកសម្ពោធថ្ងៃនេះ គឺជាសមិទ្ធផលនៃការគាំទ្រពីអ្នកគាំទ្រជាច្រើនរបស់លោកវេជ្ជបណ្ឌិតយូស៊ីអូកា តាមរយៈការបង្កើតទីតាំងផ្ដល់សេវាវេជ្ជសាស្រ្តកុមារថ្មី ដែលមានគ្រែ ចំនួន២រយគ្រែ នៅក្នុងក្រុងតាខ្មៅ ជិតអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលទើបនឹងបើកដំណើរការថ្មីៗនេះ នឹងជួយឲ្យមជ្ឈមណ្ឌលអាចបង្កើនការជួយអ្នកជំងឺទាំងក្នុងនិងក្រៅប្រទេសកម្ពុជា រួមទាំងអ្នកជំងឺមហារីកកុមារផងដែរ ហើយក៏ត្រូវបានគេរំពឹងដែរថា កម្មវិធីបណ្ដុះបណ្ដាលរបស់មជ្ឈមណ្ឌល នឹងចូលរួមចំណែកលើកម្ពុជាកម្រិតអ្នកជំនាញផ្នែកវេជ្ជសាស្រ្តមិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ថែមទាំងនៅប្រទេសជិតខាងផងដែរ ។ លើសពីនេះទៅទៀត ខ្ញុំក៏បានដឹងថា លោកវេជ្ជបណ្ឌិតយូស៊ីអូកា និងអង្គការបេះដូងជប៉ុន មានគោលបំណងអភិវឌ្ឍមជ្ឈមណ្ឌលនេះ ទៅជាមជ្ឈមណ្ឌលផ្ដល់សេវាវេជ្ជសាស្រ្តកុមារអាស៊ីឈានមុខគេនៅអាស៊ី នាពេលអនាគតផងដែរ ។ នៅពេលដែលឯកឧត្ដម លោកជំទាវ លោក លោកស្រីបានដឹងពីភាពទាក់ទាញ និងទឹកចិត្តមោះមុតរបស់លោកវេជ្ជបណ្ឌិតយូស៊ីអូកា លោកអ្នកនឹងមានចិត្តចង់គាំទ្រអង្គការបេះដូងជប៉ុន ដូចខ្ញុំបានរៀបរាប់ខាងលើ មជ្ឈមណ្ឌលវេជ្ជសាស្រ្តកុមារអាស៊ី មានចក្ខុវិស័យធំសម្រាប់ការអភិវឌ្ឍន៍បន្ថែមទៀតនាពេលអនាគត ។ ជាងនេះទៅទៀត សកម្មភាពរបស់អង្គការបេះដូងជប៉ុន មិនត្រឹមតែនៅក្នុងប្រទេសកម្ពុជា ប៉ុណ្ណោះទេ នៅប្រទេសម៉ាយ៉ាន់ម៉ា ឡាវ និងប្រទេសជប៉ុន ផងដែរ ក៏កំពុងមានការរីកចម្រើនធំធេងផងដែរ ។ ខ្ញុំមានទំនុកចិត្តថា អង្គការបេះដូងជប៉ុន និងក្រុមការងាររបស់វេជ្ជបណ្ឌិតយូស៊ីអូកា នឹងតបស្នងនូវការគាំទ្ររបស់លោកអ្នក ជាមួយនឹងលទ្ធផលស្របតាមបំណងបំផុត គឺការកែលម្អយ៉ាងសំខាន់ក្នុងស្ថានភាពជុំវិញការថែមទាំសុខភាពកុមារនៅកម្ពុជា ។ អាស្រ័យហេតុនេះ ស្ថានទូតជប៉ុន និងខ្លួនខ្ញុំផ្ទាល់ នឹងបន្តគាំទ្រគាំទ្រលោកវេជ្ជបណ្ឌិតអូស៊ីអូកា និងអង្គការបេះដូងជប៉ុន ។ ខ្ញុំសំណូមពរដល់រដ្ឋាភិបាលកម្ពុជា អភិបាលខេត្តកណ្ដាល និងអ្នកគាំទ្រជាច្រើនមកពីប្រទេសជប៉ុន សូមធ្វើការពង្រឹងការគាំទ្របន្ថែមទៀត ដល់សកម្មភាពរបស់អង្គការបេះដូងជប៉ុន នាឱកាសសម្ពោធមជ្ឈមណ្ឌលថ្មី នាថ្ងៃនេះ “ ។
ក្នុងសុន្ទរកថាប្រកាសបើកដំណើរការអគារមជ្ឈមណ្ឌលព្យាបាលកុមារអាស៊ី នៃអង្គការបេះដូងជប៉ុន លោកសាស្រ្តាចារ្យឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានបញ្ជាក់ថា សមិទ្ធផលថ្មីនាថ្ងៃនេះ គឺជាចំណងដៃដ៏ថ្លៃថ្លា សបញ្ជាក់ពីចំណងមិត្តភាព សាមគ្គីភាព ជាប្រពៃណីរវាងកម្ពុជា និងជប៉ុន ដែលចូលរួមចំណែកយ៉ាងសកម្ម និងសំខាន់សម្រាប់ក្រសួងសុខាភិបាល រាជរដ្ឋាភិបាល ប្រកាសសឆ្ពោះទៅកាន់គ្របដណ្ដប់សេវាសុខភាពជាសកល ជាពិសេសដល់ប្រជាជនគ្រប់រូប ពោលគឺមិនទុកឲ្យប្រជាជនណាម្នាក់មិនបានទទួលការថែទាំសុខភាពនោះឡើយ ។ ការបង្កើតមជ្ឈមណ្ឌលព្យាបាលជំងឺកុមារអាស៊ី នៃការអង្គការបេះដូងជប៉ុននេះ ផ្នែកដ៏សំខាន់មួយ នៃវិស័យសុខាភិបាលរបស់ប្រទេសកម្ពុជា និងជាពិសេសការថែរក្សា ថែទាំជំងឺមហារីកនៅលើកម្ពុជា ។ មជ្ឈមណ្ឌលថ្មីនេះ នឹងក្លាយជាជំហានដ៏សំខាន់មួយឆ្ពោះទៅមុខ ក្នុងការថែទាំជំងឺមហារីកសម្រាប់កុមារនៅកម្ពុជា ហើយក៏ជាតំណាងឲ្យភាពរីកចម្រើនដ៏សំខាន់ក្នុងកិច្ចខិតខំប្រែងរបស់ប្រទេសកម្ពុជា ក្នុងការពង្រឹងការការពារ និងការគ្រប់គ្រងជំងឺមហារីក ជាពិសេសសម្រាប់កុមារ ស្របតាមផែនការយុទ្ធសាស្រ្តជំងឺមហារីក ឆ្នាំ២០២៥-២០៣០ របស់ក្រសួងសុខាភិបាល ដែលបានដាក់ឲ្យដំណើរការកាលពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅ ។

ជាថ្មីម្ដងទៀត លោករដ្ឋមន្រ្តីក្រសួងសុខាភិបាល សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ជាពិសេសស្ថាបនិក និងបុគ្គលិកនៃអង្គការបេះដូងជប៉ុន ដែលបានកៀងគរថវិកាពីសប្បុរសជន និងសប្បុរសជនកម្ពុជា ដែលបានកសាងអគារមជ្ឈមណ្ឌលព្យាបាលកុមារអាស៊ី នៃអង្គការបេះដូងជប៉ុន ដ៏ថ្មីសន្លាងនិងថ្លៃថ្លានេះ ជូនប្រជាពលរដ្ឋក្នុងខេត្តកណ្ដាល និងខេត្តផ្សេងទៀត ជាប់នឹងខេត្តកណ្ដាល ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកជ័យជំនះ ។ លោកក៏សូមថ្លែងអំណរគុណដល់ក្រុមហ៊ុនសាងសង់ មន្រ្តីជំនាញនានា នៃអង្គការបេះដូងជប៉ុន ដែលបានខិតខំសម្រេចការសាងសង់តាមកាលវិភាគ តាមការគ្រោងទុក ។ លោកក៏សូមថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ដែលបានជួយសហការគាំទ្រអនុវត្តការសាងសង់អគារមជ្ឈមណ្ឌលព្យាបាលកុមារអាស៊ី នៃអង្គការបេះដូងជប៉ុន បានសម្រេចដោយជោគជ័យ ។ លោកក៏សូមថ្លែងអំណរគុណ និងសម្ដែងការកោតសរសើរដោយស្មោះចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិកសុខាភិបាល និងបុគ្គលិកបម្រើការរបស់អង្គការបេះដូងជប៉ុន ទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់ថែទាំសុខភាពប្រជាជន នៅក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ដោយការគោរពយ៉ាងខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈ ៕






