ភ្នំពេញ ៖ រថយន្តកូរ៉េ ដឹកស្ពៃជ្រក់ ១គ្រឿង បើកបរក្នុងល្បឿនលឿន បំពានភ្លើងស្តុប ត្រូវរថយន្តទំនើប ១គ្រឿង ជ្រុលបុក បណ្តាលឱ្យក្រឡាប់បះជើង សំណាងល្អ មិនបង្កឱ្យមានគ្រោះថ្នាក់អ្វីធ្ងន់ដល់អ្នកបើកបរ និងអ្នករមដំណើរឡើយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៣ទៀបភ្លឺ ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅត្រង់ចំណុចស្តុបចម្ការមន តាមបណ្តោយផ្លូវព្រះនរោត្តម កែងផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តប្រភេទកូរ៉េ ដឹក ស្ពៃជ្រក់ ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-4984 ជិះគ្នា៣នាក់ (ប្រុស២នាក់និងស្ត្រីម្នាក់) បានធ្វើដំណើរតាមបណ្តោយផ្លូវព្រះនរោត្តម ទិសដៅពីត្បូង ទៅជើង លុះមកដល់ចំណុចកើត ហេតុ ដែលជាផ្លូវបំបែកជាបួន ស្រាប់តែបំពានភ្លើងស្តុប ហើយគាប់ជួនពេលនោះ ស្រាប់តែបុរសម្នាក់ទៀត បានបើករថយន្តទំនើប ១គ្រៀង ម៉ាក GAC ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2CL-0103 ធ្វើដំណើរតាមបណ្តោយផ្លូវសុធារស ទិសដៅពីកើត ទៅលិច ជ្រុលបុករថយន្តកូរ៉េដឹកស្ពៃជ្រក់ បណ្តាលឱ្យក្រឡាប់បះជើងខាងឆ្វេង បត់ក្បាលត្រលប់ក្រោយវិញ រងការខូចខាត ចាក់ស្ពៃជ្រក់ពេញផ្លូវ និងធ្វើឱ្យមនុស្សរបួសស្រាល។ ដោយឡែកខាងរថយន្ត GAC ខូចខាតខ្ទេចផ្នែកខាងមុខ តែមិនគ្រោះថ្នាក់ដល់មនុស្សឡើយ។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ បានចុះធ្វើការវាស់វែង រួចអូសយករថយន្តទាំង២គ្រឿងខាងលើទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រង់ចាំដំណោះស្រាយបន្តនៅពេលក្រោយ៕