Wednesday, November 12, 2025
Homeចរាចរណ៍ចេញពីធ្វើការ ដួលម៉ូតូស្លាប់

ចេញពីធ្វើការ ដួលម៉ូតូស្លាប់

ភ្នំពេញ ៖ បុរសម្នាក់ បានជិះម៉ូតូមួយគ្រឿង ចេញពីធ្វើការ ក្នុងគោលបំណងទៅផ្ទះ ស្រាប់តែជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងតែម្តង ដោយប្រភពខ្លះថា ជនរងគ្រោះដួលម៉ូតូដោយខ្លួនឯង តែខ្លះថាមានរថយន្តបុក។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៦និង២០នាទីព្រឹក ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ស្ថិតត្រង់ចំណុចផ្លូវជាតិលេខ៥ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ មានប្រពលរដ្ឋបានឃើញបុរសរងគ្រោះខាងលើបានជិះម៉ូតូ មួយគ្រឿង ម៉ាក Today ពណ៌ខ្មៅលាយស ពាក់ស្លាកលេខ ភ្នំពេញ 1AA-4690 ដោយចេញពីធ្វើការ ក្នុងគោលបំណងទៅផ្ទះវិញ លុះធ្វើដំណើរមកដល់ទីតាំងខាងលើ ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។

ជុំវិញករណីខាងលើនេះ បើតាមប្រភពព័ត៌មានខ្លះ បានប្រាប់ថា ជនរងគ្រោះ បានជិះម៉ូតូដួលដោយខ្លួនឯង បណ្តាលឱ្យស្លាប់ ប៉ុន្តែប្រភពខ្លះទៀតប្រាប់ថា ជនរងគ្រោះត្រូវបានរថយន្ត ១គ្រឿង បើកបុក បណ្តាលឱ្យស្លាប់ រួចហើយរថយន្តនោះបានបើកគេចបាត់។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញ និងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ និងបានធ្វើការឆែកកាមេរ៉ាសុវត្ថិភាពតាមផ្លូវ ដើម្បីបញ្ជាក់ថា បុរសខាងលើនេះ ជួបគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯង ឬក៏រថយន្តបុក បណ្តាលឱ្យស្លាប់។

សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឱ្យក្រុមគ្រួសារ យកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES