ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចម៉ូតូ ១គ្រឿង ពីមុខបន្ទប់ជួល ១កន្លែង ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ បានសម្រេច រួចជិះគេចទៅផ្ទះមិត្តភក្តិ នៅឯស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដើម្បីផ្តាច់ប្រព័ន្ធ GPS លុះប៉ុន្មានម៉ោងក្រោយមក កម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យជាម្ចាស់ផ្ទះ នាំយកមកចាត់ការតាមច្បាប់ ចំណែកបក្ខពួកដែលជាអ្នកលួចម៉ូតូ បានរត់គេចបាត់។

ករណីលួចម៉ូតូនេះ បានកើតឡើង កាលពីវេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅត្រង់ចំណុច មុខបន្ទប់ជួល តាមផ្លូវបេតុង ស្ថិតនៅភូមិខ្វារ សង្កាត់ដង្កោ ខណ្ឌដង្កោ។ លុះមកដល់វេលាម៉ោង៩និង៤០នាទីព្រឹក ថ្ងៃដដែល ទើបសមត្ថកិច្ច បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានម្នាក់ នៅត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិដំរីស្លាប់ ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ជនរងគ្រោះជាម្ចាស់ម៉ូតូ មានឈ្មោះណុល ដាវី ភេទប្រុស អាយុ២០ឆ្នាំ ស្នាក់នៅ បន្ទប់ជួល ភូមិខ្វារ សង្កាត់ដង្កោ ខណ្ឌដង្កោ។ ចំណែកជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះសាន វាសនា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរសន្តិសុខ មានលំនៅ ភូមិដំរីស្លាប់ ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ រីឯវត្ថុតាងចាប់យក រួមមាន ១-ម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KS-3681 លេខតួ និងលេខម៉ាស៊ីន 0162457 ចំនួន១គ្រឿង (ជារបស់ជនរងគ្រោះ)។ ២-ទួរណឺវីស ចំនួន២។ ៣-សោលេខ១០ ចំនួន១។ ៤-កូនសោម៉ូតូ ចំនួន១។

តាមប្រភពសមត្ថកិច្ច បានបញ្ជាក់ថា មុនពេលកើតហេតុ កាលពីវេលាម៉ោង៣ទៀបភ្លឺ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ជនរងគ្រោះ ឈ្មោះណុល ដាវី បានជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាក លេខ ភ្នំពេញ 1KS-3681 ចេញពីកន្លែងផឹកស៊ីនៅម្តុំផ្សារខេម៉ល ផ្លូវវេងស្រេង ស្ថិតនៅសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ មកបន្ទប់ជួលស្ថិតនៅភូមិខ្វារ សង្កាត់ដង្កោ ខណ្ឌដង្កោ។ ពេលមកដល់ ជនរងគ្រោះក៏បានទុកម៉ូតូនៅខាងមុខបន្ទប់ជួលដោយបានចាក់សោក និងបិទសន្ទះសុវត្ថិភាពម៉ូតូត្រឹមត្រូវ ហើយជនរងគ្រោះបានចូលទៅដេកនៅក្នុងបន្ទប់ជួល។
ប្រភពដដែល បន្តថា លុះមកដល់វេលាម៉ោង ៧និង៣០នាទីព្រឹក ថ្ងៃដដែល ពេលជនរងគ្រោះភ្ញាក់ពីដេក បានដើរចេញមកខាងក្រៅបន្ទប់ជួល ស្រាប់តែបាត់ម៉ូតូ ទើបជនរងគ្រោះមកប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ដាក់ពាក្យបណ្តឹង ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវ។
បន្ទាប់មក សមត្ថកិច្ចបានធ្វើការស្រាវជ្រាវតាមរយៈប្រព័ន្ធតាមដាន ជីភីអេស (GPS) ដែលបំពាក់ជាប់ម៉ូតូរបស់ជនរងគ្រោះ ហើយ GPS បានបង្ហាញទីតាំងម៉ូតូម៉ាកខាងលើ ត្រូវបានផ្តាច់នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ស្ថិតនៅភូមិដំរីស្លាប់ ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។ លុះដល់វេលាម៉ោង ៩និង៤០ព្រឹក ថ្ងៃដដែល សមត្ថកិច្ចបានបន្តស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឈ្មោះសាន វាសនា រួមនិងវត្ថុតាង យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ ធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះសាន វាសនា បានឆ្លើយសារភាពថា បក្ខពួករបស់ខ្លួន ឈ្មោះសីហា ភេទប្រុស អាយុប្រហែល ២៥ឆ្នាំ (បានរត់គេចខ្លួន) ជាអ្នកលួចម៉ូតូរបស់ជនរងគ្រោះយកមកផ្ទះរបស់ខ្លួន ដោយផ្តាច់ GPS ដែលបំពាក់ជាប់ម៉ូតូរបស់ជនរងគ្រោះ ប្រាកដមែន។
ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ចូនទៅតុលាការ ផ្តន្ទាទោសតាមច្បាប់៕