ខេត្តកណ្តាល ៖ យុវជនម្នាក់ ចេញពីផឹកស៊ីស្រវឹងជោក ជិះម៉ូតូទៅមុខលែងខ្លួន ក៏ឈប់ម៉ូតូ រួចប្រះដេកនៅចិ ញ្ចើមផ្លូវ ស្រាប់តែត្រូវជនសង្ស័យ២នាក់ ដើររើសអេតចាយនៅពេលយប់ ប្រទះឃើញឱកាសល្អ ក៏លួចបណ្តើរម៉ូតូជនរងគ្រោះ ទៅបញ្ចាំ យកលុយទិញថ្នាំញៀនជក់ ទីបំផុតត្រូវបានសមត្ថកិច្ចជំនាញស្រាវជ្រាវឃាត់ខ្លួនជន សង្ស័យបានម្នាក់ ខណៈបក្ខពួកម្នាក់ទៀត បានរត់គេចបាត់។

ករណីលួចម៉ូតូនេះ បានកើតឡើង កាលពីវេលាម៉ោង ៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចជាប់របងវិទ្យាល័យហ៊ុនសែន សេរីភាព ស្ថិតក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ។ លុះមកដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ទើបសមត្ថកិច្ចស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យបានម្នាក់។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះឈុំ វាសនា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបររើសអេត ចាយ ស្នាក់នៅមិនពិតប្រាកដ (មានសារធាតុញៀន)។ ចំណែកបក្ខពួកម្នាក់ទៀតឈ្មោះថេង ភេទប្រុស អាយុ៣៣ឆ្នាំប មុខរបររើសអេតចាយ ស្នាក់នៅមិនពិតប្រាកដ (រត់គេចខ្លួន)។ ចំណែកម៉ូតូដែលជនសង្ស័យលួចយកទៅ ម៉ាក Honda Scoopy ណ៌ស ពាក់ស្លាកលេខ កណ្តាល 1AG-4589 ជារបស់ ជនរងគ្រោះឈ្មោះអុល សុខខេមរៈ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរសិស្ស។
លោកវរសេនីយ៍ឯក យី វណ្ណដា អធិការនគរបាលក្រុងតាខ្មៅ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង ៣និង៣០នាទី ទៀបភ្លឺ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ជនសង្ស័យទាំង២នាក់ខាងលើ ដែលជាអ្នករើសអេតចាយ បានប្រទះឃើញយុវជនរងគ្រោះឈ្មោះអុល សុខខេមរៈ ដេកដួលស្រវឹងស្រាក្បែររបងវិទ្យាល័យហ៊ុន សែន សេរីភាព ទើបឆ្លៀតឱកាសបណ្តើរម៉ូតូរបស់ជនរងគ្រោះ យកទៅបញ្ចាំនៅម្តុំចាក់អង្រែក្រោម បានលុយ៥០ម៉ឺនរៀល រួចយកលុយ១០ម៉ឺនរៀល ទៅទិញគ្រឿងញៀន ជក់ជុំគ្នា។ លុះមកដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក៏ត្រូវបានកម្លាំងសមត្ថកិច្ច ជំនាញធ្វើការស្រាវជ្រាវឈានដល់ការបង្ក្រាប ឃាត់ខ្លួនជនសង្ស័យបានម្នាក់ ឈ្មោះឈុំ វាសនា ចំណែកបក្ខពួកម្នាក់ទៀត ឈ្មោះថេង បានរត់គេចខ្លួនបាត់។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះឈុំ វាសនា បានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចម៉ូតូរបស់ជនរងគ្រោះ យកទៅបញ្ចាំ យកលុយទិញគ្រឿងញៀនជក់ ប្រាកដមែន។
ចំពោះវត្ថុតាងចាប់យក រួមមាន កាបូបស្ពាយចំហៀងពណ៌ខ្មៅ ចំនួន១ កន្ត្រៃពណ៌បៃតងលាយផ្កាឈូក ចំនួន១ កាំបិតដងពណ៌លឿង ចំនួន១ ទួរណឺវីសដងជ័រពណ៌ខ្មៅ ចំនួន១ កូនសោពណ៌ក្រហម ចំនួន១ និងនាឡិកា ចំនួន២គ្រឿង។

ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីបន្តនីតិវិធី។ ចំណែកបក្ខពួកម្នាក់ទៀត សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួន ដើម្បីនាំយកមកផ្តន្ទាទោសតាមច្បាប់៕