Wednesday, November 19, 2025
Homeព័ត៌មានជាតិធ្វើបដិវត្តន៍ផ្នត់គំនិត មេបក្សជំនាន់ថ្មីថា បញ្ចប់វប្បធម៌អញនិយម ក្តិចត្រួយ

ធ្វើបដិវត្តន៍ផ្នត់គំនិត មេបក្សជំនាន់ថ្មីថា បញ្ចប់វប្បធម៌អញនិយម ក្តិចត្រួយ

ខេត្តព្រៃវែង ៖ មេបក្សជំនាន់ថ្មី លោក មាជ សុវណ្ណារ៉ា បានលើកឡើងថា គោលនយោបាយគណបក្សជំនាន់ថ្មី គឺធ្វើបដិវត្តន៍ផ្នត់គំនិត ពីនយោបាយគំនុំសងសឹក ដើម្បីការផ្សះផ្សា បញ្ចប់វប្បធម៌អញនិយម ឬវប្បធម៌ក្តិចត្រួយ មានឯង អត់អញ មានអញ អត់ឯង ។

ថ្លែងសារនយោបាយនៅចំពោះសមាជិក សមាជិកាគណបក្ស ក្នុងពិធីសម្ពោធទីស្នាក់ការបក្ស និងប្រកាសសុពលភាពថ្នាក់ដឹកនាំ នៃគណបក្សជំនាន់ថ្មី ស្រុកមេសាង ខេត្តព្រៃវែង កាលពេលថ្មីៗកន្លងទៅនេះ លោកមាជ សុវណ្ណារ៉ា ប្រមុខដឹកនាំគណបក្សជំនាន់ថ្មី បានបញ្ជាក់ថា គោលនយោបាយគណបក្សជំនាន់ថ្មី គឺធ្វើបដិវត្តន៍ផ្នត់គំនិត ពីនយោបាយសងសឹក ដើម្បីការផ្សះផ្សា គឺវប្បធម៌ «មានខ្ញុំ ក៏មានអ្នកដែរ» ដើម្បីបញ្ចប់វប្បធម៌អញនិយម ឬក្តិចត្រួយ «មានឯង អត់អញ មានអញ អត់ឯង» ។

លោក មាជ សុវណ្ណារ៉ា បានមានប្រសាសន៍ថា “ជោគជ័យ គឺនៅភាគីទាំងពីរហ្នឹង មានអ្នកឈ្នះ មានអ្នកចាញ់ ប៉ុន្តែជាមិត្តភាព ខ្មែរតែមួយ មិនយកខ្មែរណាជាសត្រូវ ហើយរួមគ្នាផ្សះផ្សា “មានអ្នក និងមានខ្ញុំ” សម្រាប់បុព្វហេតុជាតិ និងប្រជារាស្រ្ត តែប៉ុណ្ណឹង ។ ពេលនេះ ជាដំណាក់កាលដែលយើងត្រូវឲ្យខ្មែរ ទុកចិត្តគ្នាឡើងវិញ ហើយខ្ញុំឃើញខ្មែរ ទុកចិត្តគ្នាឡើងវិញ ក្រោយពីសង្រ្គាម៥ថ្ងៃ យើងមានបទពិសោធន៍ យើងមានមេរៀន ហើយខ្ញុំឃើញទឹកចិត្តខ្មែរយើងនេះ សឹងថា ៨៥% ដែលគាត់មានស្មារតីជាតិ ដូចជាគាត់ជួយវីរកងទ័ព គាត់ជួយផ្នែកមនុស្សធម៌ ទោះបីអត់ស៊ី មានស៊ីខ្លួនឯង ក៏គាត់សហការគ្នាយកទៅជួយកងទ័ព ព្រោះអានេះជាប្រយោជន៍ជាតិ ។ កាលណាជាប្រយោជន៍ជាតិ ប្រយោជន៍ប្រជាពលរដ្ឋ ប៉ះពាល់នូវអធិបតេយ្យ បូរណភាពទឹកដី ឯករាជ្យភាពជាតិ ឲ្យតែយើងឯកភាពជាតិគ្នា រក្សាបូរណភាពទឹកដី ខាងកើត ខាងលិច កុំឲ្យអាសៀម ក៏មើលងាយ អាខាងណេះ ក៏រំលោភបំពានគ្រប់សព្វបែបយ៉ាង អាហ្នឹងយើងបែកបាក់គ្នាទៀត ដែលប្រទេសជាតិ ទៅថ្ងៃមុខ ៥០ឆ្នាំ ១០០ឆ្នាំ បាត់ម្ដង១ហិកតារ ឬក៏យ៉ាងណា? អ៊ីចឹងហើយបានគណបក្សជំនាន់ថ្មី បើកគណបក្ស ដើម្បីឯកភាពជាតិគ្នា ប្រកួតប្រជែងគោលនយោបាយ តែអត់ធ្វើសត្រូវស៊ីសាច់ហុតឈាមគ្នា បំផ្លាញខ្មែរ បំផ្លាញភាគីណា ដោយបញ្ចប់អាវប្បធម៌ “មានឯង អត់អញ មានអញ អត់ឯង” យកវប្បធម៌ “មានអ្នក និងខ្ញុំ” ដើម្បីបុព្វហេតុជាតិ និងប្រជារាស្រ្ត ។ ប៉ុន្តែអត់មានរងសម្ពាធ ដាក់សម្ពាធ ជាប់ចំណងឲ្យគ្នា ផ្ទុយនឹងរដ្ឋធម្មនុញ្ញ នៃការបង្កើតគណបក្សនយោបាយ ។ អាហ្នឹងហើយដែលយើងចង់ឃើញការឯកភាពជាតិគ្នា ធ្វើការជាមួយគ្នា មិនមែនទៅចូលរួមជាអាយ៉ងបក្សកាន់អំណាច ឬក៏ទៅជាប់ចំណង ឬក៏ទៅយកលុយណាមកបើកបក្ស បើកអី ដើម្បីកំដរគេទេ“ ។

ក្រៅពីការថ្លែងខាងលើនេះ លោក មាជ សុវណ្ណារ៉ា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា គោលនយោបាយរបស់គណបក្សជំនាន់ថ្មី គឺការធ្វើបដិវត្តន៍ផ្នត់គំនិតតាមបែបអហិង្សា ហើយបញ្ចេញនូវមតិ គំនិត បញ្ញា ឲ្យគ្នាទៅវិញទៅមក មិនថាបក្សកាន់អំណាច មិនថាបក្សជំនាន់ថ្មី គឺផ្ដល់ចំណេះដឹងឲ្យគ្នា ហើយទទួលយកដោយការរិះគន់ស្ថាបនាបែបមានហេតុនិងផល ។

លោក មាជ សុវណ្ណារ៉ា បានមានប្រសាសន៍ថា “យើងដឹងហើយថា កន្លងមក គឺការប្រកាន់នូវនិន្នាការគណបក្សនយោបាយ ជាពិសេសគឺបក្សកាន់អំណាច នៃបុគ្គលខិលខូចទុច្ចរិតមួយចំនួន ដែលគាត់មានបុណ្យ មានស័ក្ដិ ហើយគាត់ច្រើនតែធ្វើនយោបាយបាទទាន!ៗ ក្នុងការបញ្ចើចបញ្ចើ បញ្ជោរ ភូតភរកុហក ដើម្បីប្រជាភិថុតិ ហើយផ្គាប់ផ្គន់ទៅដល់ថ្នាក់ដឹកនាំរបស់ខ្លួន ដែលអ្វីដែលជាការរាយការណ៍ ការចង់បង្ហាញនូវឥទ្ធិពល នូវការអន្តរាគមន៍ ការកម្ចាត់ ការគ្រប់គ្រង ត្រួតត្រា ដោយការគំរាមកំហែង បំភិតបំភ័យ យើងមើលឃើញហើយ ជាច្រើនអាណត្តិមក ក្នុងនិន្នាការរើសអើងគណបក្សនយោបាយ ពិសេសសមត្ថកិច្ច ឬក៏អាជ្ញាធរនៅមូលដ្ឋាន វាមិនមែនទាំងអស់ ប៉ុន្តែយើងឃើញថា វាប្រើនូវឥទ្ធិពលនយោបាយគ្របដណ្ដប់ដោយនិន្នាការគណបក្ស ។ អ៊ីចឹងហើយយើងឃើញថា អ្វីដែលជាគោលនយោបាយ យន្តការ គោលការណ៍របស់គណបក្សជំនាន់ថ្មី យើងចង់បញ្ចប់អាវប្បធម៌បែបហិង្សា វប្បធម៌នយោបាយរើសអើង ប្រកាន់និន្នាការហ្នឹង ឲ្យទៅជាវប្បធម៌មួយ ដែលបង្កើតនូវភាពអហិង្សា បង្កើតនូវទំនាក់ទំនង បង្កើតនូវការរាប់អានគ្នា ភាតរភាពក្នុងនាមជាខ្មែរ ជាអ្នកនយោបាយដូចគ្នា ឈាមជ័រជាខ្មែរ មិនយកខ្មែរណាជាសត្រូវ ។ អ៊ីចឹងយើងដឹងហើយថា បក្សនយោបាយ វាខុសគ្នា ទស្សនៈវាផ្ទុយគ្នា ប៉ុន្តែជាគោលការណ៍នៃប្រជាធិបតេយ្យ សិទ្ធិមនុស្ស សេរីភាពក្នុងការធ្វើនយោបាយ ការនិយាយស្ដី ការបញ្ចេញមតិ គឺសុទ្ធតែបានធានាការពារ រុញច្រានដោយរដ្ឋធម្មនុញ្ញ ច្បាប់ប្រទេស ច្បាប់បង្កើតគណបក្សនយោបាយ ក៏ដូចជាច្បាប់ទាក់ទងទៅនឹងអ្វីជាការគំរាមកំហែង បំភិតបំភ័យ ជាច្បាប់ព្រហ្មទណ្ឌស្រាល ព្រហ្មទណ្ឌកម្រិតធ្ងន់ ឬក៏ច្បាប់រដ្ឋប្បវេណី ច្បាប់លហុ ច្បាប់អី យើងសុទ្ធតែមានច្បាប់ក្នុងការការពារកុំឲ្យមានការរំលោភនូវសិទ្ធិមនុស្ស ដែលប្រទេសកម្ពុជា គឺជាប្រទេសអនុសញ្ញា កតិកាសញ្ញាអន្តរជាតិ ស្ដីពីសិទ្ធិមនុស្សជាសកល នៅក្នុងកិច្ចព្រមព្រៀងសន្ធិសញ្ញាជាមួយនឹងអង្គការសហប្រជាជាតិ ក្នុងនាមយើងជាប្រទេសនៃសមាជិកអាស៊ាន ហើយយើងជាសមាជិកនៃសន្ធិសញ្ញា ការគោរពនូវសិទ្ធិមនុស្សជាសកល របស់អង្គការសហប្រជាជាតិ មានន័យថា ឧត្ដមស្នងការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស អីជាដើម“ ។

លោក មាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តថា “អ៊ីចឹងហើយ យើងចង់ឲ្យបញ្ចប់អាវប្បធម៌រើសអើង វប្បធម៌ប្រើឥទ្ធិពលដែលផ្ទុយនឹងច្បាប់ វប្បធម៌ដែលយើងមិនគោរពច្បាប់ ហើយប្រើឥទ្ធិពលអំណាចនៃបុណ្យស័ក្ដិ លាភសក្ការៈយកមកបង្កើតនូវវប្បធម៌ មានអញ អត់ឯង មានឯង អត់អញ អាហ្នឹងហើយដែលនឹងធ្វើឲ្យនយោបាយបែបចាស់គំរឹល នយោបាយបែបជាន់ឈ្លីដល់អ្នកដទៃ រំលោភសិទ្ធិបំពានទាំងគឃើ្លន ងងើលទៅនឹងការរំលោភច្បាប់ ដោយសារតែខ្លួនមានអំណាច មានបុណ្យ មានស័ក្ដិ ។ អ៊ីចឹងបានគោលនយោបាយគណបក្សជំនាន់ថ្មី គឺបដិវត្តន៍ផ្នត់គំនិត ហើយការធ្វើបដិវត្តន៍ផ្នត់គំនិតនេះ គឺយើងយកអាផ្នត់គំនិតណាដែលជាការបែកបាក់ខ្មែរ យើងបង្កើតនូវផ្នត់គំនិតណាដែលមិនយកខ្មែរ ជាសត្រូវ ផ្នត់គំនិតណាដែលផ្ដល់ជាពហុគំនិតនៃចំណេះដឹង ឲ្យជាហេតុ ជាផល ជាបញ្ញា ពុទ្ធិ ធម្មទាន នៃអ្វីដែលស្របនឹងច្បាប់ ដែលមិនផ្ទុយពីរដ្ឋធម្មនុញ្ញ មិនផ្ទុយពីសន្ធិសញ្ញាទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ ហើយមិនផ្ទុយនឹងច្បាប់សិទ្ធិមនុស្សជាតិ និងសិទ្ធិមនុស្សអន្តរជាតិ ដើម្បីធានាការពារដល់អាយុជីវិត ការពារដល់សិទ្ធិធ្វើនយោបាយ សិទ្ធិជំនឿនិងសាសនា សិទ្ធិមិនអត់ឃ្លាន សិទ្ធិមិនមានការគំរាមកំហែង បំភិតបំភ័យ សិទ្ធិដែលទទួលបាននូវការធ្វើនយោបាយ សិទ្ធិការងារ គឺថា ដោយតម្លាភាព ដោយមិនមានការបិទបាំង ដោយមិនមានការជ្រៀតជ្រែកបង្ខិតបង្ខំនូវចំណុចណាដែលដើរផ្ទុយទៅនឹងច្បាប់ប្រទេស ហើយនិងច្បាប់អន្តរជាតិ ។ អាហ្នឹងហើយ ដែលគោលការណ៍ គោលនយោបាយរបស់គណបក្សជំនាន់ថ្មីហ្នឹង គឺថាការធ្វើបដិវត្តន៍ផ្នត់គំនិត តាមបែបអហិង្សា ហើយបញ្ចេញនូវមតិ បញ្ចេញនូវគំនិតបញ្ញាហ្នឹង ឲ្យគ្នាទៅវិញទៅមក មិនថាបក្សកាន់អំណាច មិនថាបក្សជំនាន់ថ្មី គឺថាចំណេះដឹង គឺយើងផ្ដល់ឲ្យគ្នា ហើយទទួលយកដោយការរិះគន់ស្ថាបនាបែបហេតុនិងផល ហេតុបច្ច័យហ្នឹង ។ អាហ្នឹងហើយដែលយើងចង់ឃើញនូវអ្វីជាការពិត គឺមានន័យថា ប្រទេសយើងមានច្បាប់ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធមានវិន័យ ប្រជាពលរដ្ឋមានសណ្ដាប់ធ្នាប់ ដោយសាររវាងរដ្ឋនិងរាស្រ្ត ។ ហ្នឹងហើយដែលយើងគោរពច្បាប់ទាំងអស់គ្នា គ្មានអ្នកធំ អ្នកតូច អ្នកក្រ អ្នកមានណាដែលរំលោភលើច្បាប់ប្រទេស ។ សូម្បីតែព្រះមហាក្សត្រ ប្រមុខរដ្ឋ ដែលជាស្ដេចផែនដី ក៏ព្រះអង្គមិនអាចរំលោភនូវច្បាប់ប្រទេសបានដែរ“ ។

លោកមាជ សុវណ្ណារ៉ា បានមានប្រសាសន៍បន្តទៀតថា “អ៊ីចឹងនិយាយជារួម គឺថាបដិវត្តន៍ផ្នត់គំនិតនូវគំនិត នូវចំណេះណាដែលជាចំណេះក្នុងការកសាងប្រទេសជាតិ ក្នុងការជួយឲ្យប្រជាពលរដ្ឋហ្នឹងសកម្ម ជួយឲ្យប្រជាពលរដ្ឋហ្នឹងមានសេចក្ដីសុខ មានសុខដុមរមនា សុភមង្គល គឺថាគាត់យល់ដឹងអំពីច្បាប់ គាត់មានជីវភាពល្អប្រសើរ មានមុខរបរសុចរិត គាត់ដឹងពីច្បាប់ទម្លាប់ រវាងរដ្ឋនិងរាស្រ្ត ត្រូវមានទំនាក់ទំនងបែបណា គឺពោរពេញទៅការមានច្បាប់ប្រទេសហ្នឹងឯង ។ អ៊ីចឹងហើយ គណបក្សជំនាន់ថ្មី គឺបដិវត្តន៍ផ្នត់គំនិត នូវគំនិតណាដែលជាគំនិតអភិវឌ្ឍន៍ គំនិតរីកចម្រើន គំនិតបង្កើតនូវធនធានចំណេះដឹង ផ្ដល់នូវចំណេះបែបអហិង្សា ដោះស្រាយដោយសន្តិវិធី មិនជ្រៀតជ្រែក មិនប្រើឥទ្ធិពលអំណាច លុយកាក់ អំពើពុករលួយ ហើយយកនិន្នាការបក្ស ធំជាងស្ថាប័នជាតិ ព្រោះយើងបង្កើតគណបក្សនយោបាយ ដើម្បីប្រកួតប្រជែងគោលនយោបាយ ៥ឆ្នាំម្ដង ទៅរកការឈ្នះឆ្នោត អភិវឌ្ឍប្រទេស អ្នកដែលចាញ់ ចាញ់ដោយអស់ចិត្ត ហើយមានជាសមាជិកនៃអ្នកតំណាងរាស្រ្ត តំណាងឲ្យប្រជារាស្រ្ត ។ អ៊ីចឹងហើយអាហ្នឹងហើយ ដែលយើងចង់បានថា ចំណេះជាការដឹកនាំប្រទេសកម្ពុជា តាមរបៀបនៃនីតិរដ្ឋ តុល្យភាពនៃអំណាចរវាងនីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ដែលសភានេះ ត្រូវធ្វើអី? តាក់តែងច្បាប់ អនុវត្តច្បាប់ ឃ្លាំមើល ដោះស្រាយវិបត្តិនយោបាយ វិបត្តិជម្លោះ ភាពអយុត្តិធម៌ ការរំលោភបំពាន បំភិតបំភ័យដល់ប្រជាពលរដ្ឋ ដើម្បីតាមដានរដ្ឋាភិបាល ឲ្យធ្វើកិច្ចការណាដែលគោរពនូវគោលនយោបាយ ធ្វើកិច្ចការណាដែលអនុវត្តច្បាប់ មិនរំលោភបំពាន ក្នុងនាមជាអ្នកនយោបាយ អ្នកបម្រើប្រជារាស្រ្ត ប្រជារាស្រ្ត ជាម្ចាស់ប្រទេស ជាម្ចាស់ឆ្នោត ដែលត្រូវការឲ្យរដ្ឋាភិបាលបម្រើពួកគាត់ ចៀសវាងអំពើពុករលួយ អយុត្តិធម៌ ការគាបសង្កត់ ភាពឈឺចាប់ដោយការរំលោភបំពាន គំរាមកំហែង បំភិតបំភ័យ ។ អាហ្នឹងទាំងអស់ហ្នឹងហើយ ដែលយើងមិនចង់ឲ្យរដ្ឋាភិបាល ជិះសេះលែងដៃ ហើយយើងមិនចង់ឲ្យមានការរំលោភបំពានគ្នានៃនីតិប្បញ្ញតិ្ត នីតិប្រតិបត្តិ នីតិតុលាការ ។ អ៊ីចឹងសរុបមកវិញ គឺបដិវត្តន៍ផ្នត់គំនិត យើងបង្ហាញរកនូវចំណេះដឹងណាដែលជាផលប្រយោជន៍នៃជាតិ ផលប្រយោជន៍នៃប្រជារាស្រ្ត ព្រោះយើងបើកគណបក្សនយោបាយ យើងបើកដើម្បីធ្វើការផ្នែកការបម្រើប្រជាជន ធ្វើការងារសម្រាប់ជួយដល់ជាតិ ដល់ប្រជារាស្រ្ត យើងមិនបើកគណបក្សនយោបាយ ដើម្បីតែជាគូប្រកួតប្រជែងស៊ីសាច់ហុតឈាមគ្នា ដោយប្រើពាក្យ «មានឯង អត់អញ មានអញ អត់ឯង» គឺថាអាហ្នឹងជាវប្បធម៌ចាស់គំរឹល ជាវប្បធម៌ត្រូវតែបញ្ចប់ ដោយប្រើពាក្យថា “មានខ្ញុំ ក៏មានអ្នកដែរ មានអ្នក ក៏មានខ្ញុំដែរ“ ដើម្បីបុព្វហេតុនៃប្រទេសជាតិ និងប្រជារាស្រ្ត“ ៕ កុលបុត្រ

RELATED ARTICLES