Friday, November 21, 2025
Homeព័ត៌មានជាតិអ្នកច្បាប់កម្ពុជា ថាថៃ ចង់បន្តសង្រ្គាម ព្រោះបញ្ចប់សង្រ្គាម៥ថ្ងៃ ក្នុងស្ថានភាពចាញ់

អ្នកច្បាប់កម្ពុជា ថាថៃ ចង់បន្តសង្រ្គាម ព្រោះបញ្ចប់សង្រ្គាម៥ថ្ងៃ ក្នុងស្ថានភាពចាញ់

ភ្នំពេញ ៖ អ្នកច្បាប់កម្ពុជា បានលើកឡើងថា ថៃ ចង់បន្តសង្រ្គាមព្រំដែនជាមួយកម្ពុជា ទើបចេះតែរករឿងកម្ពុជា មិនឈប់ឈរ អស់ពីរូបភាពមួយ ចូលរូបភាពមួយទៀត ព្រោះការបញ្ចប់សង្រ្គាម ៥ថ្ងៃ ក្រោយមានបទឈប់បាញ់ កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ក្រោមការផ្ដួចផ្ដើមពីសហរដ្ឋអាមេរិក និងជួយសម្របសម្រួលដោយប្រទេសម៉ាឡេស៊ី ប្រធានប្ដូរវេនអាស៊ាន នោះ គឺមានន័យថា ថៃ បានបញ្ចប់សង្គ្រាមក្នុងស្ថានភាពចាញ់ ។ ដូច្នេះបើគ្មានការគាបសង្កត់ពីមហាអំណាច អាមេរិក និងចិន នោះទេ ថៃ នឹងរកលេសវាយប្រហារកម្ពុជា ប៉ុន្តែថ្វីដ្បិតតែត្រូវអត់ធ្មត់ ក៏កម្ពុជា ត្រូវត្រៀមខ្លួនជានិច្ចដែរ ដើម្បីការពារខ្លួន ។

លោកមេធាវី សុក សំអឿន ទីប្រឹក្សាច្បាប់អមរិន្ទ បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “ហេតុអ្វីបានជាថៃ ចង់ធ្វើសង្រ្គាម? នៅពេលដែលប្រទេសពីរមានសង្រ្គាមជាមួយគ្នា ពេលមួយ ប្រទេសទាំងពីរ ត្រូវបញ្ឈប់សង្រ្គាម ហើយចាប់ផ្តើមចរចារកសន្តិភាព។ នៅពេលធ្វើការចរចាបញ្ចប់សង្រ្គាមនោះ ភាគីដែលគ្រប់គ្រងបានដីច្រើន អាចនឹងមានប្រៀប ដោយអាចបានទឹកដីដែលខ្លួនដណ្តើមបាន។ មុនសង្រ្គាម ៥ថ្ងៃ ថៃ អាចចេញចូល ចែកការគ្រប់គ្រងលើតំបន់ប្រាសាទ ទាំងបួនបាន ឬសូម្បីតែមួយក៏ដោយ តែពេលចប់សង្រ្គាម ថៃ បានបាត់បង់សិទ្ធិគ្រប់គ្រងទាំងនោះអស់ ដូចនេះគឺថៃ ចាញ់។ ដូចនេះ ថៃ មិនអស់ចិត្តនោះទេ ព្រោះហេតុអ្វីបានជាបញ្ចប់សង្រ្គាមក្នុងស្ថានភាពចាញ់ប្រៀបបែបនេះ? នេះជាមូលហេតុដែលសៀម មិនអស់ចិត្ត ចេះតែចង់បន្តសង្រ្គាមតទៅទៀត។ ប្រសិនបើមិនមានការគាបសង្កត់ពីមហាអំណាច ដូចជា អាមេរិក និងចិន ទេ ថៃ ប្រាកដជារកលេសបើកការវាយប្រហារកម្ពុជា ជាមិនខាន។ ដូចនេះ ថ្វីដ្បិតតែកម្ពុជា ត្រូវអត់ធ្មត់ ក៏ប៉ុន្តែកម្ពុជា ត្រូវត្រៀមជានិច្ច!“ ។

បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោកមេធាវី សុក សំអឿន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា បើថៃ នៅតែចង់បន្តសង្រ្គាម កម្ពុជា បើទោះបីមិនចង់ឲ្យមានសង្រ្គាមក៏ដោយ ក៏ត្រូវវ៉ៃទប់ ការពារវិញដែរ ហើយទន្ទឹមនេះ ត្រូវពង្រឹងនយោបាយការទូតទៀត គឺទៅមហាអំណាច និងអង្គការសហប្រជាជាតិ ។ 

លោកមេធាវី សុក សំអឿន បានមានប្រសាសន៍ថា “យើងមើលឃើញហើយ ឃើញនាយករដ្ឋមន្រ្តីថៃ ថយចុះ ថយឡើងអ៊ីចឹង ម្ដងថាព្យួរកិច្ចព្រមព្រៀងហ្នឹង ម្ដងថាមាន ហើយទាល់តែអាមេរិក មានការគាបសង្កត់ ទើបរាងស្លូតបន្តិចអ៊ីចឹង ។ ក្នុងចំណុចហ្នឹង មានតែយើងពង្រឹងការទូតរបស់យើងខ្លាំងទៅ ហើយទន្ទឹមហ្នឹង យើងក៏មិនត្រូវភ្លេចខ្លួនដែរ ព្រោះបើគេវ៉ៃយើងហើយ យើងមិនទប់ទល់ម៉េចកើត? បើសិនជាផ្ទុះទៅហើយ យើងមិនទប់ទល់ម៉េចកើត? ដូច្នេះយើងត្រូវការពារខ្លួនយើងដែរ។ ទន្ទឹមហ្នឹង យើងមិនចង់ឲ្យមានសង្រ្គាមទេ យ៉ាងណា យើងបានមហាអំណាច ជួយទប់ដែរ យើងអរហើយ ក៏ប៉ុន្តែបើសិនជាមានករណីជាយថាហេតុណាមួយ បើយើងអត់ទប់ទេ វាវ៉ៃយកអីអ៊ីចឹងទៅ ។ ឧទាហរណ៍ថា វាវ៉ៃយក ៤ខេត្ត ដល់អ៊ីចឹងវាយកលេសដើម្បីធ្វើការចរចា ដើម្បីទាមទារដីប៉ុនណាៗអ៊ីចឹង ។ ដល់អ៊ីចឹងយើងមិនចាញ់ប្រៀបវា? ដូច្នេះយើងត្រៀមទប់ ការពារហ្នឹង ហើយទន្ទឹមហ្នឹង ពង្រឹងនយោបាយការទូតទៀត គឺទៅមហាអំណាច ហើយនិងអង្គការសហប្រជាជាតិ ។ ប៉ុន្តែទោះបីជាមានអង្គការសហប្រជាជាតិ បើអត់មានមហាអំណាច ក៏អត់ទៅរួចដែរ ហើយមហាអំណាច មានតែពីរហ្នឹង គឺអាមេរិក និងចិន ហ្នឹងឯង“ ។

ចំណែកលោកយឿន យឿត ទីប្រឹក្សារាជរដ្ឋាភិបាល និងជាទីប្រឹក្សាសម្តេចហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអ្នកតាមដានសង្គមនិងនយោបាយ ក៏បានលើកឡើងដូចគ្នានឹងការលើកឡើងរបស់លោកមេធាវី សុក សំអឿន ខាងលើនេះដែរ ដោយលោកបានលើកឡើងថា មុនសង្រ្គាម ៥ថ្ងៃ ថៃ អាចចេញចូលចែកការគ្រប់គ្រងលើតំបន់ប្រាសាទទាំងបួនបាន តែពេលចប់សង្រ្គាម ថៃ បានបាត់បង់សិទ្ធិគ្រប់គ្រងប្រាសាទទាំងនោះអស់ ។ ដូច្នេះថៃ មិនអស់ចិត្តនោះទេ ព្រោះបានជាបញ្ចប់សង្រ្គាម ក្នុងស្ថានភាពចាញ់ប្រៀបកម្ពុជា ។

លោក យឿន យឿត បានសរសេរក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោកថា “ មូលហេតុអ្វីបានជាថៃ ចង់ធ្វើសង្រ្គាម? ប្រទេសទាំងពីរ ត្រូវបញ្ឈប់សង្រ្គាម ហើយចាប់ផ្តើមចរចារកសន្តិភាព។ នៅពេលធ្វើការចរចាបញ្ចប់សង្រ្គាមនោះ ភាគីដែលគ្រប់គ្រងបានដីច្រើន អាចនឹងមានប្រៀប ដោយអាចបានទឹកដីដែលខ្លួនដណ្តើមបាន។ មុនសង្រ្គាម ៥ថ្ងៃ ថៃ អាចចេញចូលចែកការគ្រប់គ្រងលើតំបន់ប្រាសាទទាំងបួនបាន សូម្បីតែមួយក៏ដោយ តែពេលចប់សង្រ្គាម ថៃ បានបាត់បង់សិទ្ធិគ្រប់គ្រងប្រាសាទទាំងនោះអស់ ដូចនេះ គឺថៃ ចាញ់។ ដូចនេះហើយបានថៃ មិនអស់ចិត្តនោះទេ ព្រោះហេតុអ្វីបានជាបញ្ចប់សង្រ្គាម ក្នុងស្ថានភាពចាញ់ប្រៀបកម្ពុជា បែបនេះ? នេះជាមូលហេតុដែលសៀម មិនអស់ចិត្ត ចេះតែចង់បន្តសង្រ្គាមតទៅទៀត ។ ប្រសិនបើមិនមានការគាបសង្កត់ពីមហាអំណាច ដូចជា អាមេរិក និង ចិន ទេ ថៃប្រាកដជារកលេសបើកការវាយប្រហារកម្ពុជាជាមិនខាន។ ដូចនេះ ថ្វីត្បិតតែកម្ពុជាត្រូវអត់ធ្មត់ ក៏ប៉ុន្តែកម្ពុជាត្រូវត្រៀមជានិច្ច ដើម្បីការពារដែនអធិបតេយ្យភាព និងបូរណភាពទឹកដី “ ។

គួររំលឹកថា ទាហានថៃ បានបើកការបាញ់ប្រហារមកលើទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ដោយចាប់ផ្តើមពីតំបន់ប្រាសាទតាមាន់ធំ នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ទើបកងទ័ពកម្ពុជា បានប្រើសិទ្ធិការពារខ្លួននិងវាយបក ហើយការវាយប្រហាររបស់ទាហានថៃ មកលើកម្ពុជា បានរាលដាលទៅតំបន់ជាច្រើនទៀត តាមបណ្តោយខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ  ដោយទាហានថៃ បានប្រើប្រាស់គ្រប់មធ្យាបាយក្នុងការវាយប្រហារកម្ពុជា ទាំងកាំភ្លើងតូចធំ  យន្តហោះចម្បាំង គ្រាប់បែកចង្កោម តែមិនអាចវាយដណ្តើមកាន់កាប់ទឹកដីកម្ពុជា បានឡើយ  ផ្ទុយទៅវិញ ថែមទាំងត្រូវបាត់បង់ទីតាំងដែលពួកគេឈ្លានពាន ឈរជើងរួមគ្នាជាមួយទាហានកម្ពុជា ដូចជាតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ជាដើម ដោយកងទ័ពកម្ពុជា បានវាយបណ្តេញផុតពីទឹកដីជាដែនអធិបតេយ្យរបស់កម្ពុជា រហូតដល់មានការចុះកិច្ចព្រមព្រៀងបទឈប់បាញ់ នៅម៉ាឡេស៊ី ថ្ងៃទី២៨ ខែកក្កដា​ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ។

លុះមកដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ភាគីថៃ បានប្រកាសផ្អាកការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា បន្ទាប់ពីបានចោទកម្ពុជា ថាបានដាក់មីនថ្មី បណ្ដាលឱ្យទាហានខ្លួន ៤នាក់ រងរបួស នៅតំបន់ជិតប្រាសាទព្រះវិហាររបស់កម្ពុជា ខណៈកម្ពុជា ឆ្លើយតបថា មិនមានការដាក់មីនថ្មីនោះទេ ហើយបានប្រាប់ឱ្យទាហានថៃ កុំដើរចូលចម្ការមីនតទៅទៀត។

នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោយពីប្រទេសថៃ ប្រកាសផ្អាកកិច្ចព្រមព្រៀងសន្ដិភាពជាមួយកម្ពុជា ទាហានថៃ បានបើកការបាញ់រះមកលើពលរដ្ឋខ្មែរ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បណ្ដាលឱ្យពលរដ្ឋខ្មែរ ស្លាប់១នាក់ និងរងរបួសធ្ងន់ ៣នាក់។ កម្ពុជា បានថ្កោលទោសចំពោះសកម្មភាពនេះ និងទាមទារឱ្យថៃ ទទួលខុសត្រូវផងដែរ ៕ កុលបុត្រ

RELATED ARTICLES