Tuesday, November 25, 2025
Homeព័ត៌មានជាតិក្រសួងការបរទេសកម្ពុជា ថាវៀតណាម គ្មានការសាងសង់ផ្លូវកាត់សមុទ្រទៅកោះត្រល់

ក្រសួងការបរទេសកម្ពុជា ថាវៀតណាម គ្មានការសាងសង់ផ្លូវកាត់សមុទ្រទៅកោះត្រល់

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ បំភ្លឺថាការផ្សព្វផ្សាយក្នុងបណ្តាញសង្គមថ្មីៗ នេះដែលថា វៀតណាម កំពុងតែអនុវត្តនូវគម្រោងសាងសង់ផ្លូវ កាត់សមុទ្រ ភ្ជាប់ពីកោះទៀនហៃ (Tien Hai) នៃខេត្តអានយ៉ាង (An Giang) ទៅកាន់កោះហ្វូគុក (កោះត្រល់) ផ្ទុយនឹងកិច្ចព្រមព្រៀងដែនទឹកប្រវត្តិសាស្ត្រកម្ពុជា-វៀតណាម ឆ្នាំ១៩៨២នោះ តាមការបញ្ជាក់ពីឯកអគ្គរដ្ឋទូតវៀតណាម និងព័ត៌មានផ្តល់ដោយស្ថានទូតវៀតណាមនៅភ្នំពេញ គឺពុំមានការសាងសង់ផ្លូវកាត់សមុទ្រ រំលោភនឹងកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ដូចការផ្សព្វផ្សាយលើបណ្តាញសង្គមនោះទេ។

សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ លេខ ថក ២៦/២០២៥ កបទ.សអ ចុះថ្ងៃចន្ទ ៤កើត មិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ មានខ្លឹមសារទាំងស្រុងថា «ឆ្លើយតបនឹងការសាកសួររបស់អ្នកសារព័ត៌មាន អំពីការផ្សព្វផ្សាយក្នុងបណ្តាញសង្គមថ្មីៗនេះ ដែលថា វៀតណាម កំពុងតែអនុវត្តនូវគម្រោងសាងសង់ផ្លូវកាត់សមុទ្រ ភ្ជាប់ពីកោះទៀនហៃ (Tien Hai) នៃខេត្តអានយ៉ាង (An Giang) ទៅកាន់កោះហ្វូគុក (កោះត្រល់) ផ្ទុយនឹងកិច្ចព្រមព្រៀងដែនទឹកប្រវត្តិសាស្ត្រកម្ពុជា-វៀតណាម ឆ្នាំ១៩៨២ អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមធ្វើការបំភ្លឺថា តាមការបញ្ជាក់ពីឯកឧត្តមឯកអគ្គរដ្ឋទូតវៀតណាម និងព័ត៌មានផ្តល់ដោយស្ថានទូតវៀតណាម នៅភ្នំពេញ គឺពុំមានការសាងសង់ផ្លូវកាត់សមុទ្រ រំលោភនឹងកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ ដូចការផ្សព្វផ្សាយលើបណ្តាញសង្គមនោះទេ។

រូបភាពសំណង់ផ្លូវកាត់សមុទ្រ ដែលឃើញចែកផ្សព្វផ្សាយនៅក្នុងបណ្តាញសង្គម គឺជា សំណង់ផ្លូវចេញពីដីគោក នៃសង្កាត់ហាទៀង (Ha Tien) ខេត្តអានយ៉ាង (An Giang) ទៅកាន់ កំពុងផែពហុបំណង នៃទីក្រុងហាទៀង ដែលស្ថិតក្នុងទឹកដីវៀតណាម។

ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ សូមស្នើឱ្យបញ្ឈប់ការចែកផ្សាយព័ត៌មានខុសការពិតនេះ ដែ លអាចបង្កឱ្យមានការយល់ខុស និងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងមិត្តភាពរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម»៕ ខៀវទុំ

RELATED ARTICLES