Wednesday, November 26, 2025
Homeសង្គម និងជីវិតខឹម វាសនា ថាចិញ្ចឹមឆ្កែ១០០ក្បាល ចំណាយ១ខែ ជាង១ម៉ឺនដុល្លារ

ខឹម វាសនា ថាចិញ្ចឹមឆ្កែ១០០ក្បាល ចំណាយ១ខែ ជាង១ម៉ឺនដុល្លារ

ខេត្តសៀមរាប ៖ លោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) ដែលតាំងខ្លួនជាព្រហ្មរក្សាលោក ល្បីកន្លងមករឿងអះអាងថា ទឹកលិចលោក មនុស្សមួយផែនដី នឹងស្លាប់អស់ សល់តែដីមួយដុំ គឺចម្ការរបស់ខ្លួន នៅជើងភ្នំគូលែន ក្នុងស្រុកបន្ទាយស្រី នោះ បានអះអាងថា សព្វថ្ងៃក្រៅពីចិញ្ចឹមសាវ័ករាប់រយនាក់ នៅក្នុងចម្ការនោះ លោកបានចំណាយថវិកា ក្នុង ១ខែ ចំនួន ជាង១ម៉ឺនដុល្លារ បន្ថែមទៀត ទៅលើការចិ ញ្ចឹមសត្វឆ្កែ ចំនួន ១០០ក្បាល ឲ្យបានរស់សោយសុខ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ មានគណនីបណ្តាញសង្គម ហ្វេសប៊ុក មួយឈ្មោះ «Kong Sovatana» បានបង្ហោះវីដេអូមួយ បង្ហាញពីសត្វឆ្កែ តូចៗ ២ក្បាល ត្រូវបានគេយកមកចោលនៅក្រៅរបងវត្តមួយ ហើយលោកបានប្រកាសរកអ្នកទទួលយកកូនឆ្កែ ២ក្បាលនេះ ទៅចិញ្ចឹម ដោយម្ចាស់គណនីហ្វេសប៊ុក ខាងលើ បានសរសេរថា «កូនឆ្កែញីមួយ ឈ្មោលមួយ គេយកមកចោលនៅក្រៅរបងវត្ត ពីរនាក់បងប្អូន ពួនតែក្នុងគុម្ពស្លឹកគ្រៃ បងប្អូនស្រលាញ់ ចង់យកចិញ្ចឹម អាចទាក់ទងខ្ញុំបាន»។

បន្ទាប់ពីបានឃើញវីដេអូ និងសំណេររបស់ម្ចាស់គណនីហ្វេសប៊ុក ខាងលើ លោក ខឹម វាសនា បានស៊ែរ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ជាមួយសំណេរក្នុងគណនីហ្វេសប៊ុក របស់លោកថា «ជួយសួររកទីតាំងផង ពូចង់យកឆ្កែទាំងពីរ មកចិញ្ចឹមក្មួយ»។

ក្រោយពីបានឃើញសំណេររបស់លោក ខឹម វាសនា ខាងលើនេះ មានគណនីហ្វេសប៊ុក មួយ ឈ្មោះ «Vitou Lee» បានចូលទៅខម្មិនថា​ «ឃើញ ខឹម វាសនា និងក្រុមគាត់ ចង់បាន។ ខ្ញុំសូម អង្វរ កុំឲ្យទៅខាង LDP នេះអី ព្រោះឆ្កែ នឹងត្រូវក្រៀវ ទោះបីជាគ្នាកំពុងឈឺក៏ដោយ ហើយបើឆ្កែនេះ នៅមិនចុះសម្រុងនឹងគេ ខឹម វាសនា នឹងបញ្ជាកូនចៅ ឲ្យចាក់ថ្នាំសម្លាប់ចោល ដែល មកដល់ពេលនេះ ស្លាប់អស់រាប់សិបក្បាលហើយ»។

ជាប្រតិកម្មនឹងម្ចាស់គណនីហ្វេសប៊ុក ខាងលើ លោក ខឹម វាសនា បានសរសេរក្នុងគណនីហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា​ «ជាគំនិតពួកអាកំណើតឆ្កែ មិនដែលចេះគោរពទឹកចិត្តល្អរបស់អ្នកដទៃយ៉ាងម៉េច? ពួកវាចិញ្ចឹមសត្វ មិនដែលបានគិតពីសុខទុក្ខសត្វ គឺវាយល់តែចិត្តវា វាមិនដែលគិតយល់ពីចិត្តសត្វ ឬចិត្តអ្នកដទៃសោះឡើយ។ អានេះអកតញ្ញូ អត់កំណើតសោះតែម្តង»។

លោក ខឹម វាសនា បានសរសេរបន្ថែម នៅថ្ងៃដដែលនោះថា «ពូចំណាយអស់ជាងមួយម៉ឺនដុល្លារ ក្នុងមួយខែ សម្រាប់ចិញ្ចឹមបីបាច់ថែរក្សាឆ្កែ ជាងមួយរយក្បាលនេះ ប៉ុណ្ណឹងហើយ នៅមានឈាមអត់កំណើត វាទើសពូ ខ្វាក់ខួរ លម្អៀង មិនទទួលស្គាល់ចិត្តល្អដែលពូមានចំពោះពួកសត្វទាំងអស់ ដែលពូមើលថែ។ ចិត្តថោកទាបរបស់វាហ្នឹងហើយ ដែលពួកវាតែងនិយាយថា តែគេស្អប់យើងហើយ ទោះយើងល្អយ៉ាងណា ក៏គេនៅតែមិនទទួលស្គាល់ចិត្តល្អរបស់យើងដែរ គឺចំលើចិត្តពួកវាហ្នឹងហើយ។ វាគ្មានដែលមើលកំហុសវាទេ អូ! អញនេះលម្អៀងអាក្រក់ជួជាតិណាស់ហ្ន គេល្អយ៉ាងហ្នឹងទៅហើយ អញនៅតែមិនព្រមទទួលស្គាល់ថាគេទៀត អញនេះលម្អៀងហួសហេតុណាស់ទេតើ! អត់គិតអញ្ចឹងកើតទេ វាត្រូវរហូត ទោះចិត្តមិនបានស្មើនឹងអាចម៍យើងផង ក៏វានៅតែមានអារម្មណ៍វាល្អជាងយើង ហើយទោះយើងយ៉ាងណា ក៏យើងនៅតែអាក្រក់ដែរ។ ហេតុផលនេះ ដែលយើងហៅវាថា អាអត់កំណើត ឈាមថោក ពូកែណាស់អារឿងកាច់មួល បំភាន់សឲ្យទៅជាខ្មៅនោះ»។

លោក ខឹម វាសនា សរសេរបន្ថែមថា «ពួកអាសត្វអត់សីល ពូកែតែរឿងកាច់មួល សន្តានថោកតាំងពីកំណើតក្នុងពោះម៉ែវាមក ទោះរឿងនេះ ភ្នែកមនុស្សមើលឃើញកណ្តាលវាល ថាឆ្កែក្រោមការមើលថែរបស់ពូ មានសំណាងយ៉ាងណាទៅហើយ ប៉ុន្តែដោយសន្តានឈាមវាជាឈាមកប់ គាស់មិនហើបមុខ រឿងកាច់មួល បំពានការពិត វានៅតែខំបំភ្លៃរឿងពិត អំពីការចិញ្ចឹម ថែឆ្កែដ៏ល្អរបស់ពូ ថាពូហ្នឹង មានចិត្តមិនល្អចំពោះឆ្កែ ទៅរួចទៀត។ យី! អាសន្តានឈាមថោក គឺមិនដែលស្គាល់ចិត្តល្អរបស់អ្នកដទៃតែម្តងទេ។ ពួកអាអស់នេះ មិនដឹងជាជេរ ដៀលយ៉ាងណា ឲ្យស័ក្តិសមនឹងសន្តានឈាមថោក មួលកាច់របស់ពួកវាទេ។ មួយខែ ពូចំណាយជាងមួយម៉ឺនដុល្លារ សម្រាប់មើលថែ ជាងមួយរយ នៅចម្ការយើង តើក្បាលពូជវាហ្នឹង ហ៊ានចំណាយច្រើនយ៉ាងនេះ សម្រា ប់ថែជីវិតសត្វ ដូចយើងទេ? បើមិនដៀលដល់សន្តានពូជវា គឺមិនបានទេ ត្រូវតែជេរដៀលអាកំពូជឈាមថោកនេះ ទើបបាន។ ២៤-១១-២០២៥»។

លោក ខឹម វាសនា សរសេរបន្ថែមទៀតថា «ពូគិតដឹងថា ឆ្កែដែលពូមើលថែ វារស់បានសុខជាងគេលើលោក ព្រោះជាការមើលថែ ដោយផ្លូវអារម្មណ៍គិតយល់ ដឹងសុខទុក្ខគេណាស់ តែពូ នៅតែនឹងសង្វេគដល់ពួកវា មិនអាចជួយពន្យល់ពួកវា ឲ្យដោះកងទុក្ខបាន បែកពីពូទៅ តើពួកវា នឹងរសាត់អណ្តែតទៅទីណាទៀត? ក្នុងលោកិយនេះ គ្មានអ្វីដែលត្រូវមានអារម្មណ៍ថាបានទេ សុទ្ធតែជារបស់មានតម្លៃស្មើសូន្យទាំងអស់។ ពួកអ្នកមិនយល់បដិច្ចសមុប្បាទ ពួកគេគិតមិនយល់ពីរឿងនេះទេ ពួកគេនឹងវង្វេងនឹងភពដែលវិញ្ញាណពាក់សឡាយតនៈ បង្កើតមកហ្នឹងរហូតរៀងទៅ។ បើពូអាចសូមបាន ពូសូមតាមមើលថែវា ក្នុងវាលវដ្តសង្សារនេះ»។

លោកខឹម វាសនា សរសេរបន្ថែមទៀតថា «ជួយឆ្កែ គឺជួយជីវិតសត្វសោយ។ គ្នាត្រូវមកយកកំណើតជាឆ្កែ ដើម្បីសោយកម្មដែលគ្នាបានសាងក្នុងកំណើតជាមនុស្សនោះហើយ កំណើតសត្វសោយ ពួកវាគ្មានសាងកម្មអ្វីទេ គឺសោយកម្មសុទ្ធតែម្តង។ គិតយល់ត្រង់ចំណុចនេះ ចិត្តគ្មានស្ទាក់ស្ទើរក្នុងការចំណាយលុយ ចំណាយកម្លាំង ចំណាយពេលវេលាចំពោះពួកវា ដើម្បីជួយពួកវា ឲ្យបានសោយសុខឲ្យអស់លទ្ធភាពដែលយើងអាចជួយបាន ឲ្យកំណើតសោយគ្នាជាសត្វទុគ្គតិភពនោះ បានសុខដោយសារយើងផង ព្រោះគ្នាបានជាមកសោយទុក្ខក្នុងឋានទុគ្គតិភពទៅហើយ ជួយស្អីក៏មិនបាន ជួយពន្យល់ធម៌ឲ្យគ្នាយល់ ក៏ធ្វើមិនបាន ដូច្នេះជួយស្អីគ្នាបាន យើងត្រូវតែជួយឲ្យអស់លទ្ធភាពនិងសមត្ថភាពរបស់យើង។ ចំណែកសត្វ មកយកកំណើតក្នុងសំបកជាមនុស្សវិញ គឺមានសត្វគ្រប់តែឋានទាំងអស់។ សំបកជាមនុស្ស តែវិញ្ញាណដែលនៅក្នុងសំបកមនុស្សនោះ ជាវិញ្ញា ណនរកក៏មាន ប្រេតក៏មាន តិរច្ឆានក៏មាន មនុស្សក៏មាន ទេវតាក៏មាន ហើយសាងគ្រប់តែសត្វក្នុងសំបកមនុ ស្សទាំងអស់ ព្រោះកំណើតមនុស្សនេះ ជាកំណើតសាង មកកើតជាមនុស្ស គឺដើម្បីសាង ពេលស្លាប់ គឺត្រូវទៅសោយកម្មដែលខ្លួនបានសាង កាលនៅក្នុងកំណើតជាមនុស្សហ្នុងហើយ ដូច្នេះជួយសត្វក្នុងសំបកជាមនុស្ស ត្រូវប្រយ័ត្ន គិតឲ្យយល់ថា សត្វអីនៅក្នុងសំបកមនុស្សហ្នឹង? បើជួយចំសត្វនរកប្រេតក្នុងសំបកមនុស្ស គឺជួយពួកវាឲ្យមានលទ្ធភាពសាងកម្មអាក្រក់រឹតតែខ្លាំង គឺជួយខុសហើយ ជួយមិនត្រូវទេ ជួយឆ្កែ ប្រសើរជាងជួយសត្វទុគ្គតិភពក្នុងសំបកជាមនុស្សឆ្ងាយណាស់»៕ ខៀវទុំ

RELATED ARTICLES