Wednesday, November 26, 2025
Homeព័ត៌មានជាតិក្រសួងអប់រំ ណែនាំពីដំណើរការបង្រៀននិងរៀន ពេញមួយថ្ងៃ សម្រាប់គ្រឹះស្ថានមធ្យមសិក្សា ចំណេះទូទៅសាធារណៈ

ក្រសួងអប់រំ ណែនាំពីដំណើរការបង្រៀននិងរៀន ពេញមួយថ្ងៃ សម្រាប់គ្រឹះស្ថានមធ្យមសិក្សា ចំណេះទូទៅសាធារណៈ

ភ្នំពេញ ៖ ក្រសួងអប់រំ យុវជននិងកីឡា នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ បានផ្សព្វផ្សាយសេចក្តីណែនាំលេខ ៥២ អយក.សណន ចុះថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥   ស្តីពីដំណើរការបង្រៀននិងរៀនពេញមួយថ្ងៃ សម្រាប់គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅសាធារណៈ។

សេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជននិងកីឡា លេខ ៥២ អយក.សណន ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥  ដែលចុះហត្ថលេខាដោយលោកបណ្ឌិត ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជននិងកីឡា ស្តីពីដំណើរការបង្រៀននិងរៀន ពេញមួយថ្ងៃ សម្រាប់គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅសាធារណៈ មានខ្លឹមសារទាំងស្រុងថា «ក្រសួងអប់រំ យុវជននិងកីឡា បាននិងកំពុងអនុវត្តកំណែទម្រង់ការគ្រប់គ្រងសា លារៀនយ៉ាងសកម្មតាមរយៈ ការលើកទឹកចិត្តឱ្យគណៈគ្រប់គ្រងសាលារៀន គ្រូបង្រៀន ក្នុងការបង្កើនស្វ័យភាព គណនេយ្យភាព និងភាពជាអ្នកដឹកនាំ ក្នុងការគ្រប់គ្រងសេវាអប់រំនៅកម្រិតសាលា រៀន។ ការរៀបចំឱ្យមានដំណើរការបង្រៀននិងរៀន ពេញមួយថ្ងៃ ជាការឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដរបស់សហគមន៍ មាតា បិតា ឬអ្នកអាណាព្យាបាល នាពេលបច្ចុប្បន្ន និងការបង្ហាញពីលទ្ធផលសិក្សារបស់សិស្ស មានការរីកចម្រើនជាប្រចាំ ជាក់ស្តែង និងជឿទុកចិត្តបាន។ ដូចនេះ គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ ដែលមានធនធានគ្រប់ គ្រាន់អាចដំណើរការកម្មវិធីបង្រៀននិងរៀន ពេញមួយថ្ងៃ ត្រូវអនុលោមតាម ៖

១.ការគ្រប់គ្រង និងការទ្រទ្រង់ដំណើរការ

១.១.មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត និងការិយាល័យអប់រំ យុវជននិងកីឡា នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ

– សម្របសម្រួលការចូលរួមគាំទ្រពីអាជ្ញាធរមូលដ្ឋាន សហគមន៍ មាតាបិតា ឬអ្នកអាណាព្យាបាលសិស្ស និងគ្រូបង្រៀន ព្រមទាំងកៀរគរធនធាននានាក្នុងកិច្ចដំណើរការសាលារៀនឱ្យមានប្រសិទ្ធភាព

– រៀបចំផែនការប្រតិបត្តិប្រចាំឆ្នាំ សម្រាប់គ្រប់គ្រងដំណើរការនៃការអនុវត្តការបង្រៀននិងរៀន ពេញមួយថ្ងៃ

– តាមដាននិងត្រួតពិនិត្យការអនុវត្តកម្មវិធីសិក្សា និងកាលវិភាគប្រចាំសប្តាហ៍ របស់គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ

– ជំរុញការបង្រៀននិងរៀន តាមគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ ឱ្យបញ្ចប់កម្មវិធីសិក្សានូវគ្រប់កម្រិតថ្នាក់ និងគ្រប់មុខវិជ្ជា ប្រកបដោយគុណភាព

– រៀបចំយន្តការធ្វើតេស្តរង្វាយតម្លៃសិស្ស តាមគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ សិក្សារបស់សិស្សដើមឆ្នាំ ប្រចាំខែ ប្រចាំឆមាស និងដំណាច់ឆ្នាំសិក្សា ដើម្បីវាយតម្លៃលទ្ធផល

– តាមដាននិងក្តាប់ឱ្យបានច្បាស់លាស់អំពីលទ្ធផលសិក្សារបស់សិស្សប្រចាំខែ ប្រចាំឆមាស និងដំណាច់ឆ្នាំ បូកសរុបនិងវាយតម្លៃការរីកចម្រើន និងផលប៉ះពាល់នៃការអនុវត្តកម្មវិធីបង្រៀននិងរៀន ពេញមួយថ្ងៃ ដើម្បីធ្វើការកែលម្អនិងចងក្រងឯកសារមេរៀនពិសោធន៍ពីការ អនុវត្តការបង្រៀននិងរៀន ពេញមួយថ្ងៃ។

១.២ គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ

គណៈគ្រប់គ្រងសាលារៀន ត្រូវបង្ហាញឱ្យឃើញពីការទាមទាររបស់សហគមន៍ មាតាបិតា ឬអ្នកអាណាព្យា បាល ដែលជាអ្នកគាំទ្រនិងចូលរួមទាំងស្រុង ក៏ដោយសារតែសាលារៀន បានយកចិត្តទុកដាក់និងប្តេជ្ញាចិត្តអនុវត្តឱ្យសម្រេចស្តង់ដារសាលារៀនគំរូ។ ដូចនេះការរៀបចំអនុវត្តកម្មវិធីរៀន ពេញមួយថ្ងៃ គឺជាបរិបទនៃការផ្លាស់ប្តូរពីការរៀនតែមួយពេល និងជាតម្រូវការរបស់សហគមន៍សាលារៀន។

១.២.១. ម៉ោងសិក្សា

– គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ ត្រូវកំណត់ម៉ោងសិក្សា ដោយពេលព្រឹក ចូលម៉ោង ៧ៈ០០ ចេញម៉ោង ១១ៈ០០ និងរសៀល ចូលម៉ោង ១៣ៈ០០ ឬម៉ោង ១៤ៈ០០ ចេញម៉ោង ១៦ៈ០០ ឬម៉ោង ១៧ៈ០០

– គ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ ត្រូវរៀបចំកាលវិភាគបង្រៀន ឱ្យបានយ៉ាងតិច ៤០ម៉ោងសិក្សា ក្នុងមួយសប្តាហ៍ ដែល១ម៉ោងសិក្សា មានរយៈពេល ៥០នាទី និងលម្អិតទៅតាមកម្រិតថ្នាក់និងមុខវិជ្ជា។

១.២.២. ការដឹកនាំ និងគ្រប់គ្រងរដ្ឋបាលសាលារៀន

ការធ្វើឱ្យសាលារៀន និងថ្នាក់រៀន មានការផ្លាស់ប្តូរ គឺផ្តោតលើការជួយសិស្សរៀនយឺត សិស្សរៀនលឿន រៀនទាន់តាមកម្រិតថ្នាក់ ដែលនាំឱ្យសហគមន៍ មាតាបិតា ឬអ្នកអាណាព្យាបាល ពេញចិត្តនិងជួយគាំទ្រដល់សាលារៀន។ ដូចនេះគណៈគ្រប់គ្រងសាលារៀនត្រូវ ៖

– រៀបចំបែងចែកតួនាទី ភារកិច្ចទទួលខុសត្រូវរបស់គណៈគ្រប់គ្រងសាលារៀន គ្រូបង្រៀន គណៈកម្មការគ្រប់គ្រងសាលារៀន និងគ្រប់អ្នកពាក់ព័ន្ធ ក្នុងការអនុវត្តការបង្រៀននិងរៀន ពេញមួយថ្ងៃ ឱ្យសមស្របតាម ជំនាញនិងសមត្ថភាព ដើម្បីធានាបាននូវប្រសិទ្ធភាព ដំណើរការបង្រៀននិងរៀន ពេញមួយថ្ងៃ

– រៀបចំផែនការសកម្មភាពសម្រាប់គ្រប់គ្រងដំណើរការនៃការអនុវត្តការបង្រៀននិងរៀន ពេញមួយថ្ងៃ ដោយផ្អែកតាមផែនការកែលម្អសាលារៀន បញ្ចូលការបណ្តុះបណ្តាលជាប្រចាំស្តីពីវិធីសាស្ត្របង្រៀនថ្មីៗ ការប្រើ ប្រាស់បច្ចេកវិទ្យា និងការគ្រប់គ្រងថ្នាក់រៀន ឱ្យមានប្រសិទ្ធភាព

– គ្រប់គ្រងធនធាននិងថវិកាសម្រាប់អនុវត្តការបង្រៀននិងរៀន ពេញមួយថ្ងៃ ឱ្យមានគណនេយ្យភាព និងតម្លាភាព

– រៀបចំដំណើរការថ្នាក់រៀន មានបន្ទប់កុំព្យូទ័រ បន្ទប់ពិសោធន៍ និងបន្ទប់មុខវិជ្ជា ឱ្យបានស្អាត មានខ្យល់ចេញចូលគ្រប់គ្រាន់ មានពន្លឺគ្រប់គ្រាន់ និងមានបំពាក់សម្ភារៈសិក្សា តាមលទ្ធភាព

– រៀបចំឱ្យមានសកម្មភាពបំណិនជីវិតមូលដ្ឋាន ដូចជា ដាំដុះក្នុងសួនបន្លែសាលារៀន

– រៀបចំឱ្យមានសកម្មភាពច្នៃប្រឌិតការប្រើប្រាស់ឡើងវិញនូវសម្ភារៈ ឬសំណល់ផ្ទះបាយ ជាជីកំប៉ុស្ត បម្រើឱ្យសួនបន្លែ ឬសួនជីវៈចម្រុះសាលារៀន

– រៀបចំកម្មវិធីកៀរគរការឧបត្ថម្ភ ការសហការ និងការចូលរួមពីសហគមន៍ អាជ្ញាធរដែនដី អង្គការ សប្បុរសជននានា សម្រាប់ការគាំទ្រដល់ការអនុវត្តការបង្រៀននិងរៀន ពេញមួយថ្ងៃ

– ស្វែងរកដៃគូ ឬអ្នកស្ម័គ្រចិត្តជួយបង្រៀនលើមុខវិជ្ជាចាំបាច់ ដែលបានបន្ថែមក្នុងកម្មវិធីសិក្សា ដើម្បីឱ្យកម្មវិធីទាំងនេះមានដំណើរការប្រកបដោយប្រសិទ្ធភាព

– រៀបចំប្រព័ន្ធវាយតម្លៃការអនុវត្តការងាររបស់គ្រូបង្រៀន ជាប្រចាំ និងផ្តល់មតិកែលម្អប្រកបដោយការស្ថាបនា។

១.២.៣. ការគ្រប់គ្រងបច្ចេកទេសបង្រៀន និងរៀន

ភាសាខ្មែរ គណិតវិទ្យា ភាសាបរទេស និងមុខវិជ្ជាមួយចំនួនទៀត ដែលអាចបត់បែនការអនុវត្ត ឬតាមស្ថាន ភាពជាក់ស្តែងរបស់សាលារៀន ព្រមទាំងជួយសិស្សរៀនយឺតផងដែរ។ ប្រសិនបើមានលទ្ធភាពអាចបញ្ចូលការអនុវត្តកម្មវិធីសិក្សាទំនើប ដោយបន្ថែមមុខវិជ្ជាភាសា អង់គ្លេស ចិន កុំព្យូទ័រ ការអប់រំស្តែម រ៉ូបូទិក ការអប់រំសិល្បៈ កីឡា…

– រៀបចំបំណែងចែកកម្មវិធីសិក្សា ដោយបែងចែកចំនួនម៉ោង និងចំនួនមេរៀនបង្រៀន តាមសប្តាហ៍ និងតាមខែ សម្រាប់អនុវត្តការបង្រៀននិងរៀន ពេញមួយថ្ងៃ ទៅតាមកម្រិតថ្នាក់

– តាមដាននិងត្រួតពិនិត្យការអនុវត្តកម្មវិធីសិក្សា និងកាលវិភាគប្រចាំសប្តាហ៍ ទៅតាមកម្រិតថ្នាក់ ដោយបូកសរុបលទ្ធផល រៀងរាល់សប្តាហ៍ទីបួន នៃខែនីមួយៗ

– ជំរុញការបញ្ចប់កម្មវិធីសិក្សាគ្រប់កម្រិតថ្នាក់ និងគ្រប់មុខវិជ្ជា ប្រកបដោយគុណភាពនៅដំណាច់ឆ្នាំសិក្សា

– ពិនិត្យនិងកែលម្អកិច្ចតែងការបង្រៀនរបស់គ្រូ ជាប្រចាំ

– តាមដាននិងវាយតម្លៃលទ្ធផលសិក្សារបស់សិស្ស តាមមុខវិជ្ជា ប្រចាំខែ និងត្រីមាស ដើម្បីជួយសិស្សរៀនយឺត ឱ្យបានទាន់ពេលវេលា

– រៀបចំឱ្យគ្រូបង្រៀន មានកម្មវិធីនិងផែនការជួយសិស្សរៀនយឺត

– ចូលរួមនិងរៀបចំការធ្វើតេស្តរង្វាយតម្លៃលទ្ធផលសិក្សាសិស្ស ដើម្បីវាយតម្លៃលទ្ធផលសិក្សារបស់សិស្ស ប្រចាំខែ ប្រចាំឆមាស និងដំណាច់ឆ្នាំសិក្សា

– បូកសរុបនិងវាយតម្លៃការរីកចម្រើននិងផលប៉ះពាល់នៃការជួយសិស្សរៀនយឺត តាមខែ និងតាមកម្រិតថ្នាក់ នៅរៀងរាល់សប្តាហ៍ទីបួន នៃខែនីមួយៗ

– ប្រជុំផ្សព្វផ្សាយដល់អ្នកពាក់ព័ន្ធ និងសិក្សា រកឱ្យឃើញនូវមូលហេតុដែលនាំឱ្យសិស្សធ្លាក់មធ្យមភាគប្រចាំខែ តាមកម្រិតថ្នាក់ ដើម្បីចាត់វិធានការជួយសិស្ស ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព

– រៀបចំផែនការពិនិត្យតាមដានការបង្រៀននិងរៀន តាមថ្នាក់ ដើម្បីធានាការអនុវត្តឱ្យបានត្រឹមត្រូវ ដោយរាយការណ៍ពីលទ្ធផលនៃការពិនិត្យ តាមដាន និងផ្តល់អនុសាសន៍ដល់គ្រូបង្រៀន ដើម្បីកែលម្អ

– រៀបចំប្រជុំបច្ចេកទេសតាមមុខវិជ្ជា ដើម្បីពិភាក្សាអំពីដំណើរការដែលទាក់ទងទៅនឹងការបង្រៀននិងរៀន ពេញមួយថ្ងៃ ដូចជា ការរៀបចំកិច្ចតែងការបង្រៀន ការផលិតសម្ភារៈបង្រៀន ការរៀបចំថ្នាក់ និទស្សន៍ និងការងារពាក់ព័ន្ធនានា។

១.២.៤. គ្រូបង្រៀន

– អភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ ដោយសិក្សាស្រាវជ្រាវដើម្បីបង្កើនចំណេះដឹងនិងជំនាញ ជាប្រចាំ ដូចជា ការរៀនភាសាបរទេស ការរៀនព័ត៌មានវិទ្យា និងការផ្លាស់ប្តូរបទពិសោធន៍

– ធ្វើជាគំរូល្អសម្រាប់សិស្ស ទាំងផ្នែកចំណេះដឹង សីលធម៌ និងឥរិយាបថរស់នៅប្រចាំថ្ងៃ និងត្រូវរក្សាសុខភាពល្អ ទាំងផ្លូវកាយ និងផ្លូវចិត្ត រក្សាបានកម្លាំងគ្រប់គ្រាន់ក្នុងការបង្រៀន សិក្សាឱ្យបានច្បាស់ពីស្ថានភាពគ្រួសារ សមត្ថភាព អាកប្បកិរិយា និងចំណង់ចំណូលចិត្តរបស់

សិស្សានុសិស្ស

– យកចិត្តទុកដាក់ខ្ពស់ និងមានទំនាក់ទំនងល្អជាមួយសិស្ស ដើម្បីយល់ពីតម្រូវការ និងបញ្ហារបស់សិស្សម្នាក់ៗ

– សហការជាមួយមាតាបិតាសិស្ស ឬអ្នកអាណាព្យាបាល និងសហគមន៍ ដើម្បីគាំទ្រដល់ការសិក្សារបស់សិស្ស

– គ្រប់គ្រងបញ្ជីឈ្មោះសិស្ស បញ្ជីពិន្ទុ សៀវភៅតាមដានសិស្ស និងបញ្ជីជួយសិស្សរៀនយឺត

– គ្រប់គ្រងវត្តមាន និងតាមដានសិស្សអវត្តមាន ឱ្យបានច្បាស់លាស់ ដោយដឹងពីមូលហេតុដើម្បីមានវិធានការ ឬទំនាក់ទំនងទៅមាតាបិតា ឬអាណាព្យាបាល តាមរយៈសៀវភៅទំនាក់ទំនង ឬទូរស័ព្ទ

– អនុវត្តកម្មវិធីសិក្សា និងកាលវិភាគ ឱ្យបានត្រឹមត្រូវ ចំពោះមុខវិជ្ជាពលរដ្ឋវិជ្ជា ត្រូវបង្រៀនខ្លឹមសារដែលទាក់ ទងទៅនឹងសុជីវធម៌ និងសីលធម៌ ដោយផ្សារភ្ជាប់ជីវភាពជាក់ស្តែង ឱ្យចេះរួមរស់ជាមួយគ្នា ប្រកាន់ខ្ជាប់នូវអំពើអហិង្សា ទំនៀមទម្លាប់ប្រពៃណីខ្មែរ ព្រះពុទ្ធសាសនា ឬសមាធិ…

– រៀបចំកិច្ចតែងការបង្រៀនលម្អិត តាមម៉ោងសិក្សា ទៅតាមកាលវិភាគសិក្សា ឱ្យសមស្របទៅនឹងការបង្រៀននិងរៀន ពេញមួយថ្ងៃ តាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជននិងកីឡា

– រៀបចំដំណើរការសិក្សាបែបគម្រោង សិក្សាស្រាវជ្រាវ និងបណ្តុះទម្លាប់សិស្សក្នុងការធ្វើបទបង្ហាញ និងកាន់កម្មវិធីនានា

– ដឹកនាំសកម្មភាពបង្រៀននិងរៀន អនុវត្តតាមគោលវិធីសាស្ត្របង្រៀនថ្មី ដោយប្រើប្រាស់សំណួរ តាមកម្រិត សមស្របតាមខ្លឹមសារមេរៀន

– ជ្រើសរើសវិធីសាស្ត្របង្រៀន ឱ្យសមស្របនឹងខ្លឹមសារមេរៀន និងកម្រិតយល់ដឹងរបស់សិស្ស ដើម្បីឱ្យសិស្សងាយយល់ និងចូលរួមយ៉ាងសកម្ម ដោយបញ្ចូលការបង្រៀននិងរៀនដែលមានការប្រើប្រាស់បច្ចេកវិទ្យា និងវិធីសាស្ត្រប្រកបដោយភាពច្នៃប្រឌិត

– ណែនាំនិងដឹកនាំសិស្ស ឱ្យយល់ពីគោលបំណងនិងខ្លឹមសារមេរៀន ដើម្បីឱ្យសិស្សសម្រេចបាននូវវត្ថុបំណងមេរៀន

– ផលិតនិងប្រើប្រាស់សម្ភារឧបទេស ឱ្យសមស្របទៅតាមខ្លឹមសារមេរៀន សម្រាប់ការបង្រៀននិងរៀន ពេញមួយថ្ងៃ

– បង្កើតបរិយាកាសសិក្សាវិជ្ជមាន ដោយធានាឱ្យបាននូវបរិយាកាសសិក្សាក្នុងថ្នាក់រៀន មានភាពកក់ក្តៅ រួសរាយរាក់ទាក់ និងលើកទឹកចិត្តដល់ការរៀនសូត្រ ដែលគ្រូបង្រៀន គួរមានចិត្តត្រជាក់ មិនឆេវឆាវ និងពេញចិត្តចំពោះការបង្រៀន

– រៀបចំតេស្តរង្វាយតម្លៃនិងធ្វើការវាយតម្លៃលទ្ធផលសិក្សារបស់សិស្ស តាមមុខវិជ្ជា និងតាមកម្រិតថ្នាក់ ជាប្រចាំខែ ប្រចាំឆមាស និងប្រចាំឆ្នាំសិក្សា ដើម្បីតាមដានវឌ្ឍនភាពនៃលទ្ធផលសិក្សារបស់សិស្ស

– ផ្តល់កម្លាំងចិត្តនិងលើកទឹកចិត្តសិស្ស ឱ្យចូលរួមសកម្មភាពក្នុងការសិក្សា ទាំងក្នុងថ្នាក់ និងក្រៅថ្នាក់ ដោយអាចធ្វើឡើងតាមរយៈការសរសើរ ការផ្តល់រង្វាន់ ឬការបង្ហាញពីសារៈសំខាន់នៃការសិក្សា

– ផ្តល់មតិកែលម្អដល់សិស្ស ប្រកបដោយការស្ថាបនា ដើម្បីឱ្យសិស្សយល់ពីចំណុចខ្លាំង និងចំណុចគួរកែលម្អរបស់ខ្លួន ដែលជំរុញឱ្យការសិក្សា បានកាន់តែល្អប្រសើរ

– បូកសរុបនិងវាយតម្លៃការរីកចម្រើន ផលប៉ះពាល់នៃការជួយសិស្សរៀនយឺត ជូនគណៈគ្រប់គ្រងសាលារៀន នៅរាល់មុនដំណាច់ខែ។

១.៣ គណៈកម្មការគ្រប់គ្រងសាលារៀន សហគមន៍ និងអ្នកពាក់ព័ន្ធ

– គាំទ្រលើកិច្ចការមួយចំនួន តាមការស្នើសុំរបស់គណៈគ្រប់គ្រងសាលារៀន

– ជំរុញនិងផ្សព្វផ្សាយការអនុវត្តកម្មវិធីការបង្រៀននិងរៀន ពេញមួយថ្ងៃ ឱ្យបានទូលំទូលាយដល់គ្រប់អ្នកពាក់ព័ន្ធ

– ចូលរួមបំផុសចលនាមូលនិធិសមធម៌ សម្រាប់អនុវត្តកម្មវិធីការបង្រៀននិងរៀន ពេញមួយថ្ងៃ

– ផ្សព្វផ្សាយនិងអប់រំមាតាបិតាសិស្ស ឱ្យយល់ពីផលប្រយោជន៍នៃការសិក្សាពេញមួយថ្ងៃ ដើម្បីជួយតាមដាននិងជំរុញការរៀនសូត្ររបស់កូន ឱ្យទៅរៀនទាំងព្រឹក និងរសៀល

– ចូលរួមស្វែងរកដៃគូ ឬអ្នកស្ម័គ្រចិត្តបង្រៀនលើមុខវិជ្ជាចាំបាច់ ដែលបានបន្ថែមលើកម្មវិធីសិក្សា

– ចូលរួមទប់ស្កាត់បាតុភាពមិនប្រក្រតី និងដោះស្រាយបញ្ហានានាដែលកើតឡើងនៅក្នុងនិងក្រៅសាលារៀន

– ចូលរួមក្នុងការសាងសង់ ជួសជុល និងថែរក្សាហេដ្ឋារចនាសម្ព័ន្ធរបស់សាលារៀន

– ចូលរួមលើកកម្ពស់ការងារសុខភាពលើផ្នែកអនាម័យចំណីអាហារ និងទប់ស្កាត់ជំងឺនានា

– ចូលរួមពិនិត្យ តាមដាន និងវាយតម្លៃលើការអនុវត្តការបង្រៀននិងរៀន ពេញមួយថ្ងៃ

– ចូលរួមផ្តល់យោបល់ក្នុងការចងក្រងឯកសារស្តីពីបទពិសោធន៍លើការអនុវត្តការបង្រៀន និងរៀន ពេញមួយថ្ងៃ។

២.ការងារពិនិត្យតាមដាន វាយតម្លៃ និងរបាយការណ៍

មន្ទីរអប់រំ យុវជននិងកីឡារាជធានី ខេត្ត និងការិយាល័យអប់រំ យុវជននិងកីឡានៃរដ្ឋបាល ក្រុង ស្រុក ខណ្ឌ ត្រូវរៀបចំផែនការពិនិត្យ តាមដាន និងវាយតម្លៃមួយច្បាស់លាស់ ធានាបាននូវគុណភាពការបង្រៀននិងរៀន ការកំណត់បាននូវវឌ្ឍនភាពការសិក្សារបស់សិស្ស បញ្ហា ប្រឈម ដំណោះស្រាយ ជាមូលដ្ឋានសម្រាប់ការធ្វើការកែលម្អ ក្នុងការអនុវត្តការបង្រៀននិងរៀន ពេញមួយថ្ងៃ។ គណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀន ត្រូវធ្វើស្វ័យវាយតម្លៃសាលារៀន ឱ្យបាន២ដង ក្នុងមួយឆ្នាំ (ដើមឆ្នាំសិក្សា និងដំណាច់ឆ្នាំ) ដោយប្រើប្រាស់ស្តង់ដារសាលារៀនគំរូ ដើម្បីប្រៀបធៀបលទ្ធផលសម្រេចបានទៅនឹងចំណុចដៅនៃផែនការប្រចាំឆ្នាំ និងរៀបចំបញ្ជីឈ្មោះគ្រឹះស្ថានមធ្យមសិក្សាដែលបានអនុវត្ត ផ្ញើមកក្រសួងអប់រំ យុវជននិងកីឡានាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ។

ទទួលបានសេចក្តីណែនាំនេះ ប្រធានមន្ទីរអប់រំ យុវជននិងកីឡារាជធានី ខេត្ត ការិយាល័យអប់រំ យុវជននិងកីឡា នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ គណៈគ្រប់គ្រងសាលារៀន ត្រូវអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់»៕

RELATED ARTICLES