ភ្នំពេញ ៖ រថយន្តប្រភេទយីឌុប ដឹកស្រូវ ១គ្រឿង បានបើកបរក្នុងល្បឿនលឿន លុះដល់ត្រង់ចំណុចរង្វង់មូលផ្លូវកោង បានជាន់ហ្វ្រាំងបង្ខំ ធ្វើឱ្យកាច់ទ្រុងក្រឡាប់ចាក់ស្រូវចោលពេញផ្លូវ ប៉ុន្តែសំណាងល្អ ពុំបណ្តាលឱ្យសង្កត់អ្នកដំណើរតាមផ្លូវនោះឡើយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៩និង៣០នាទីព្រឹក ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅតាមមហាវិថីឈ្នះ-ឈ្នះ នៅត្រង់ចំណុចរង្វង់មូលស្ពានអាកាសផ្លូវល្បឿនលឿន (រាជធានីភ្នំពេញ-ខេត្តព្រះសីហនុ) ស្ថិតក្នុងភូមិចែងម៉ែង សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
រថយន្តដឹកស្រូវដែលក្រឡាប់នោះ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ បាត់ដំបង 3A-3949 ជារថយន្តកងដឹកជញ្ជូន H.C បើកបរដោយបុរសម្នាក់ពុំស្គាល់អត្តសញ្ញាណ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ រថយន្តដឹកស្រូវ ខាងលើ ធ្វើដំណើរតាមមហា វិថីឈ្នះ-ឈ្នះ ក្នុងទិសដៅពីជើង ទៅត្បូង លុះនៅពេលធ្វើដំណើរមកដល់ក្រោមស្ពានអាកាសផ្លូវល្បឿនលឿន បានវាងរង្វង់មូល ដោយសារតែរថយន្តធ្វើដំណើរលឿន ស្ថានភាពកកស្ទះចរាចរណ៍ និងបានជាន់ហ្វ្រាំងបង្ខំ ជាហេតុបណ្តាលឱ្យកាច់ទ្រុងក្រឡាប់ចាក់ស្រូវចោលពេញផ្លូវតែម្តង។ ទោះបីជាយ៉ាងណា ពុំបណ្តាឱ្យមនុស្សរងរបួសឡើយ។

តាមព័ត៌មាន ឱ្យដឹងថា រថយន្តខាងលើ ដឹកស្រូវមកពីខេត្តសៀមរាប យកមកស្តុកនៅក្នុងឃ្លាំង នៅរាជធានីភ្នំពេញ ប៉ុន្តែធ្វើដំណើរមិនទាន់ដល់គោលដៅផង ក៏បានជួបគ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់បែបនេះតែម្តង។ក្រោយកើតហេតុ នគរបាលមូលដ្ឋាន បានចុះសម្រួលចរាចរណ៍ ដោយសារតែគ្រោះថ្នាក់នេះពុំបណ្តាលឱ្យអ្នកដទៃរងរបួស ទើបសមត្ថកិច្ច បានណែនាំឱ្យម្ចាស់ យករថយន្តមកស្ទួចចេញពីផ្លូវ ដើម្បីសម្រួលចរាចរណ៍ឡើងវិញ៕
