ខេត្តស្វាយរៀង ៖ ទារិកាម្នាក់ ទើបតែកើត មិនទាន់ទាំងកាត់ទងសុកផង ត្រូវបានយកមកប្លុងចោលនៅលើចិញ្ចើមផ្លូវ ត្រូវបានប្រជាពលរដ្ឋដែលជាអ្នកលក់បាយ នៅក្បែរកន្លែងកើតហេតុប្រទះឃើញ ជួយសង្គ្រោះ និងរាយការណ៍ជូនសមត្ថកិច្ចជួយអន្តរាគមន៍ បង្កឱ្យមានការភ្ញាក់ផ្អើលទាំងវេលាទៀបភ្លឺ។

ករណីប្រទះឃើញទារិកាប្លុងចោលនេះ កើតមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី២៦ ខែ វិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចលើចិញ្ចើមផ្លូវបេតុង ក្បែរទួលព្រៃយាយ ស្ថិតក្នុងភូមិបាវិត សង្កាត់បាវិត ក្រុងបាវិត។
តាមប្រភពប្រជាពលរដ្ឋ បានឱ្យដឹងថា មុនពេលកើតហេតុ ខណៈដែលស្ត្រីជាអ្នកលក់បាយដែលមានយីហោ «ម៉ាក់អូនតេឈិន លក់បាយ» ក្រោកពីដេក រៀបចំដាំបាយ ដើម្បីលក់ ស្រាប់តែឮសូរសំឡេងក្មេងយំ ទើបនឹកឆ្ងល់ ក៏បានដើរទៅរកមើល ស្រាប់តែប្រទះឃើញ ទារិកាម្នាក់ ទើបនឹងកើត មិនទាន់កាត់ទងសុកផង ត្រូវបានគេយកមកប្លុងចោល ដោយដាក់ក្នុងកេសក្រដាស និងមានភួយចំនួន២ រុំទារិកា។
ក្រោយមក ស្ត្រីជាអ្នកលក់បាយ បានជួយសង្គ្រោះទារិកាខាងលើ យកមករក្សាទុកជាបណ្តោះអាសន្នរួចរាយ ការណ៍ជូនសមត្ថកិច្ច ចុះមកទទួលយកទារិកាអភ័ព្វនេះ ទៅមណ្ឌលសុខភាពបាវិត ដើម្បីសង្គ្រោះ៕