
ភ្នំពេញ ៖ អតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ ចំនួន២រូប ដែលចេញពីកូតាគណបក្សសិទ្ធិមនុស្ស (ក្រុមកឹម សុខា) គឺលោក សួន សូរីដា និងលោក ទួន យក់ដា បានសម្រេចចិត្តដឹកនាំសមាជិករបស់ខ្លួន ចំនួន៧៧រូប មកចូលរួមជាមួយគណបក្សប្រជាធិបតេយ្យជឿនលឿន របស់លោក យ៉ែម បុញ្ញឫទ្ធិ ជាអតីតសហការី ដើម្បីបន្តជីវិតនយោបាយរបស់ខ្លួនឡើងវិញ ក្នុងបំណងបង្រួបបង្រួមអ្នកប្រជាធិបតេយ្យផ្សេងៗទៀត ដែលជាអតីតថ្នាក់ដឹកនាំនិងសកម្មជននៃគណបក្សសង្គ្រោះជាតិ ឡើងវិញ បន្ទាប់ពីមិនសង្ឃឹមថា គណបក្សសង្រ្គោះជាតិ នឹងអាចរស់ឡើងវិញ ហើយលោកកឹម សុខា ប្រធានគណបក្ស នៅបន្តជាប់ឃុំក្នុងផ្ទះ បន្ទាប់ពីត្រូវបានតុលាការសម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារ ចំនួន ២៧ឆ្នាំ ពីបទក្បត់ជាតិ «សន្ទិដ្ឋភាពជាមួយបរទេស» ហើយបច្ចុប្បន្នកំពុងជាប់ឃុំក្នុងផ្ទះ។ អ្នកនយោបាយប្រឆាំង មកពីក្រុមលោក កឹម សុខា នេះ បានប្រកាសថា «តោះ! យើងកសាងផ្ទះយើងវិញ»។

គួរបញ្ជាក់ថា នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ទួន យក់ដា អតីតអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលខេត្តកំពង់ចាម និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃអតីតគណបក្សសង្គ្រោះជាតិ និងលោក សួន រីដា អតីតអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃអតីតគណបក្សសង្គ្រោះជាតិ ព្រមទាំងអតីតថ្នាក់ដឹកនាំថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ នៃអតីតគណបក្សសង្គ្រោះជាតិ ចំនួន ៧៧នាក់ បានធ្វើលិខិតគោរពជូនលោក យ៉ែម បុញ្ញឫទ្ធិ ប្រធានគណបក្សប្រជាធិបតេយ្យជឿនលឿន កម្មវត្ថុ ស្នើសុំចូលរួមនយោបាយជាមួយគណបក្សប្រជាធិតេយ្យជឿនលឿន ។
លិខិតចុះថ្ងៃព្រហស្បតិ៍ ៧កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលចុះហត្ថលេខាដោយលោក ទួន យក់ដា និងលោក សួន រីដា បានបញ្ជាក់ថា “បន្ថែមទៅនឹងការស្នើសុំចូលរួបរួមនេះ ដោយសារតែយើងខ្ញុំមើលឃើញថា ការរួបរួមអ្នកនយោបាយដែលមាននិន្នាការប្រជាធិបតេយ្យពិតប្រាកដ ឱ្យក្លាយជាប៉ូលនយោបាយមួយ គឺជាការចូលរួមចំណែកជួយដោះស្រាយបញ្ហាជាតិ និងបញ្ហាសង្គមនានា ដើម្បីជួយដល់ជីវភាពប្រជាពលរដ្ឋខ្មែរ ឱ្យកាន់តែប្រសើរឡើង និងការអភិវឌ្ឍន៍មាតុភូមិកម្ពុជា ។ លើសពីនេះទៀត ព្រោះតែគណបក្សប្រជាធិបតេយ្យជឿនលឿន ប្រកាន់យកគោលការណ៍ប្រជាធិបតេយ្យ តាមបែបប្រទេសប្រជាធិបតេយ្យជឿនលឿនលើពិភពលោក និងគោលការណ៍អហិង្សា មិនយកខ្មែរណាធ្វើជាសត្រូវ ធ្វើការប្រកួកប្រជែង តាមរយៈការបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌ តាមបែបប្រកួតប្រជែងទស្សនៈយោបាយដោយសុចរិតភាព ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោកប្រធាន ទទួលយើងខ្ញុំចូលរួមជាសមាជិកគណបក្សប្រជាធិបតេយ្យជឿនលឿន ដោយក្ដីអនុគ្រោះ“ ។
ជាការឆ្លើយតប នៅក្នុងសារលិខិតអបអរសាទរនិងស្វាគមន៍ ស្តីពីការចូលរួមរួបរួមគ្នារវាងអ្នកប្រជាធិបតេយ្យជឿនលឿន ចុះថ្ងៃព្រហស្បតិ៍ ៧កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក យ៉ែម បុញ្ញឫទ្ធិ ប្រធានគណបក្សប្រជាធិបតេយ្យជឿនលឿន បញ្ជាក់ថា រូបលោក ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិកទាំងអស់ សូមសម្តែងនូវការអបអរសាទរនិងស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ក្នុងការចូលរួមរួបរួមគ្នាជាមួយគណបក្សប្រជាធិបតេយ្យជឿនលឿន ដែលរួមមាន លោក ទួន យក់ដា អតីតអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម មកពីគណបក្សសង្គ្រោះជាតិ និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សសង្គ្រោះជាតិ លោក សួន សូរីដា អតីតអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ មកពីគណបក្សសង្រ្គោះជាតិ និងជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សសង្គ្រោះជាតិ និងអតីតថ្នាក់ដឹកនាំថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ នៃគណបក្សសង្គ្រោះជាតិ ចំនួន ៧៧រូប។

លោក យ៉ែម បុញ្ញឫទ្ធិ បញ្ជាក់បន្តថា «គណបក្សប្រជាធិបតេយ្យជឿនលឿន បានកំណត់ថា កម្ពុជា ជារបស់យើងទាំងអស់គ្នា! ដូច្នេះក្នុងនាមយើងជាសមាជិកនៃសង្គម ជាពលរដ្ឋសកម្ម យើងមានកាតព្វកិច្ចចូលរួមដោះស្រាយបញ្ហាសង្គម សេដ្ឋកិច្ច នយោបាយ ដោយគោរពរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា តាមគោលការណ៍អហិង្សា ក្រុមសីលធម៌ល្អ នីតិរដ្ឋ អភិបាលកិច្ចល្អ ប្រជាធិបតេយ្យសេរីពហុបក្ស សេរីភាព និងការគោរពសិទ្ធិមនុស្ស ។ល។ ដោយតម្កល់ឧត្ដមប្រយោជន៍ជាតិខ្មែរ ជាធំ ជាពិសេសការការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ»។
ក្រោយទទួលបានការអបអរសាទរនិងស្វាគមន៍ពីលោកយ៉ែម បុញ្ញឫទ្ធិ ប្រធានគណបក្សប្រជាធិបតេយ្យជឿនលឿន ដូចខាងលើនេះ លោក សួន សូរីដា បានប្រកាសអំពាវនាវតាមបណ្ដាញសង្គមថា «តោះ យើងកសាងផ្ទះរបស់យើងវិញ!» ។
លោក សួន សូរីដា បានសរសេរនៅក្នុងគណនីបណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា “តោះ! យើងកសាងផ្ទះរបស់យើងវិញ! រយៈពេល ៨ឆ្នាំដែលគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយ លោកកឹម សុខា ត្រូវបានចាប់ឃុំ និងដាក់ទោស២៧ឆ្នាំ ពីបទគប់គិតជាមួយរដ្ឋបរទេស (សហរដ្ឋអាមេរិក) ក្នុងការផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ពួកយើងដែលជាអតីតថ្នាក់ដឹកនាំ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៃគណបក្សសង្គ្រោះជាតិ (CNRP) បានស្ថិតនៅក្រៅសង្វៀននយោបាយ ដោយពុំបានចូលរួមជាមួយគណបក្សនយោបាយណាមួយឡើយ។ មកដល់ពេលនេះ ដោយមើលឃើញការប្រែប្រួលភូមិសាស្ត្រនយោបាយជាតិនិងអន្តរជាតិ និងដោយស្ថានភាពមាតុភូមិកម្ពុជា ដ៏កម្សត់របស់យើង កំពុងត្រូវការពួកយើងដែលជាអ្នកនយោបាយ ចេញមកចូលរួមជួយជាតិទាំងអស់ ដែលក្នុងពេលនេះ យើងខ្ញុំទាំងអស់គ្នា មិនអាចឈរឱបដៃ បន្តមើលមាតុភូមិកម្ពុជា ដ៏អភ័ព្វបានទៀតឡើយ។ អាស្រ័យហេតុនេះ យើងខ្ញុំទាំងអស់ ដែលមានចំនួន ៧៧រូប ក៏បានសម្រេចចិត្តចូលរួមជាមួយគណបក្សប្រជាធិបតេយ្យជឿនលឿន ដែលដឹកនាំដោយលោក យ៉ែម បុញ្ញឫទ្ធិ ដើម្បីបោះជំហានក្នុងការបង្រួបបង្រួមអ្នកប្រជាធិបតេយ្យផ្សេងៗទៀត ដែលជាអតីតនៃគណបក្សសង្គ្រោះជាតិ ឡើងវិញ ស្របតាមឆន្ទៈប្រជាពលរដ្ឋខ្មែរ ចង់បាន“ ។

បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោក សួន សូរីដា បានបញ្ជាក់ប្រាប់ ”នគរធំ” នៅយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា លោកសង្ឃឹមថា អាចសង់ផ្ទះឡើងវិញបាន ព្រោះថ្នាក់ដឹកនាំទាំងអស់ នៃគណបក្សដែលបែកចេញពីអតីតគណបក្សសង្រ្គោះជាតិ សុទ្ធតែតម្កល់ផលប្រយោជន៍នៃការរួបរួម ជាធំ ហើយយល់ថា តម្លៃនៃការរួបរួម មានសារសំខាន់ ដែលអាចក្លាយទៅជាកម្លាំងនយោបាយមួយ សម្រាប់ធ្វើការប្រកួតប្រជែងនៅក្នុងការបោះឆ្នោត នៅឆ្នាំ២០២៧ និង២០២៨ ខាងមុខ ។ ដូច្នេះបើយល់នូវសារសំខាន់នៃការរួបរួមគ្នានេះ លោកគិតថា ចាំបាច់ណាស់ គឺការរួបរួមគ្នា ការកសាងផ្ទះថ្មី អាចធ្វើទៅបាន ។
លោក សួន សូរីដា បានមានប្រសាសន៍ថា “បាទ! ដូចខ្ញុំបានបង្ហោះនៅក្នុងហ្វេសប៊ុករបស់ខ្ញុំ គឺការសម្រេចចិត្តក្នុងការចូលរួមនយោបាយឡើងវិញនេះ គឺក្នុងគោលបំណងដើម្បីចូលរួមចំណែកនៅក្នុងការកសាងជាតិ ឡើងវិញ ទោះបីជាខ្ញុំចូលរួមនៅក្នុងគណបក្សជំទាស់ ក៏ដោយ ប៉ុន្តែទស្សននយោបាយរបស់ខ្ញុំ គឺប្រកាន់យកនូវការប្រកួតប្រជែងតាមបែបសុចរិត ការប្រកួតប្រជែងតាមបែបអហិង្សា ។ និយាយឲ្យខ្លី គឺយើងប្រកួតប្រជែងតាមរយៈការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ហើយប្រកួតប្រជែងទៅលើគោលនយោបាយ ឬទស្សននយោបាយ ដោយមិនធ្វើនយោបាយដោយចាត់ទុកខ្មែរណាមួយជាសត្រូវឡើយ ។ អ្វីដែលជាការសម្រេចចិត្តចូលក្នុងសង្វៀននយោបាយឡើងវិញនេះ គឺដោយសារតែស្ថានការណ៍នៅក្នុងប្រទេសកម្ពុជាយើង កំពុងតែមានបញ្ហាជាច្រើន ដែលអ្នកនយោបាយ ត្រូវចូលរួមជួយទាំងអស់គ្នា មិនអាចឈរឱបដៃ ឈរមើលនូវមាតុភូមិដ៏អភ័ព្វរបស់យើងដែលកំពុងត្រូវការយើងជួយទាំងអស់គ្នា ។ ហើយបន្ថែមពីលើនេះទៀត ខ្ញុំគិតថា គណបក្សប្រជាធិបតេយ្យជឿនលឿន ដែលដឹកនាំដោយលោក យ៉ែម បុញ្ញឫទ្ធិ គឺជាគណបក្សមួយ ដែលខ្ញុំសម្រេចចិត្តឈានជើងចូលរួមជាមួយគណបក្សនេះ ក៏ព្រោះតែគណបក្សនេះ ទី១ គឺមេដឹកនាំនៃគណបក្សនេះ និងខ្ញុំ ជាអតីតនៃថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ជាមួយគ្នា ។ អ៊ីចឹងយើងមានទំនាក់ទំនង យើងស្គាល់ចិត្តថ្លើមគ្នា យើងមានទឹកចិត្ត គោលជំហរចំពោះជាតិ ដូចគ្នា ។ ទី២ គណបក្សប្រជាធិបតេយ្យជឿនលឿន គឺមានគោលការណ៍ ៣ធំៗ ។ ទី១ អនុវត្តគោលការណ៍ប្រជាធិបតេយ្យផ្ទៃក្នុង ហើយនិងការអនុវត្តគោលការណ៍ប្រជាធិបតេយ្យ តាមបែបប្រជាធិបតេយ្យជឿនលឿន នៅលើពិភពលោក ។ ទី២ គឺគណបក្សនេះ បានប្រកាន់យកនូវគោលការណ៍ដែលបន្តពីស្មារតីនៃគោលការណ៍របស់លោក កឹម សុខា ដែលជាប្រធានគណបក្សសង្រ្គោះជាតិ គឺគោលការណ៍អហិង្សា មិនប្រកាន់យកខ្មែរណាមួយជាសត្រូវ ហើយនិងទី៣ គឺគោលការណ៍នៃការធ្វើនយោបាយ ដោយចូលរួមនៅក្នុងការស្ថាបនាជាតិ ជាមួយគ្នា មិនប្រកួតប្រជែងដោយជេរ ចោទ ឬក៏លាបពណ៌ទៅលើអ្នកនយោបាយដែលជាគូប្រកួតរបស់ខ្លួននោះទេ ។ អ៊ីចឹងហើយ បានជាខ្ញុំសម្រេចចិត្តចូលរួមជាមួយនឹងគណបក្សប្រជាធិបតេយ្យជឿនលឿន ហ្នឹងឯង“ ។

លោក សួន សូរីដា បានមានប្រសាសន៍បន្តថា “ហើយអ្វីដែលលើកឡើងថា តើយើងសង្ឃឹមទេ នៅក្នុងការកសាងផ្ទះយើងឡើងវិញនេះ? យើងដឹងហើយថា គណបក្សសង្រ្គោះជាតិ គឺមានការគាំទ្រពីប្រជាពលរដ្ឋ ស្ទើរតែពាក់កណ្ដាលប្រទេស ហើយមកដល់ពេលនេះ គឺគណបក្សសង្រ្គោះជាតិ ថ្នាក់ដឹកនាំនៃគណបក្សសង្រ្គោះជាតិ នេះ គឺបែកបាក់ជាបំណែកៗ ដូចបានមើលឃើញ គឺគណបក្ស ជាច្រើន ។ ដូច្នេះខ្ញុំគិតថា ប្រសិនបើយើងចេញទៅ ហើយអ្នកនយោបាយដែលជាឈាមជ័រនៃគណបក្សសង្រ្គោះជាតិ នេះ អាចនឹងធ្វើការជជែកគ្នា ក្នុងការបង្រួបបង្រួមគ្នាឡើងវិញ ខ្ញុំគិតថា យើងអាចធ្វើបាន ។ ហេតុអីបានខ្ញុំសង្ឃឹមថា យើងអាចធ្វើបាន? ពីព្រោះថ្នាក់ដឹកនាំទាំងអស់ តម្កល់ផលប្រយោជន៍នៃការរួបរួម ជាធំ ហើយយល់ថា តម្លៃនៃការរួបរួម គឺមានសារសំខាន់ ដែលអាចក្លាយទៅជាកម្លាំងនយោបាយមួយ សម្រាប់ធ្វើការប្រកួតប្រជែងនៅក្នុងការបោះឆ្នោត នៅឆ្នាំ២០២៧ និង២០២៨ ខាងមុខ ។ ដូច្នេះបើសិនជាថ្នាក់ដឹកនាំទាំងអស់ នៃគណបក្សដែលបែកចេញពីគណបក្សសង្រ្គោះជាតិ យល់នូវសារសំខាន់នៃការរួបរួមគ្នា ចាំបាច់ណាស់ គឺការរួបរួមគ្នា ការកសាងផ្ទះថ្មី ខ្ញុំគិតថា អាចធ្វើទៅបាន“ ៕ កុលបុត្រ