ខេត្តសៀមរាប ៖ សារមន្ទីរតេជោសន្តិភាព ស្ថិតនៅឃុំត្រពាំងធំ ស្រុកបាគង ខេត្តសៀមរាប បានរៀបចំពិធីបញ្ចប់ការងារចាក់បេតុងទាំងស្រុង សម្រាប់សំណង់អគាររាងគ្រាប់មីន PMN-2 នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥។


លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានឲ្យដឹងតាម ទំព័របណ្តាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ថា «នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ នៅសារមន្ទីរតេជោសន្តិភាព ស្ថិតនៅឃុំត្រពាំងធំ ស្រុកបាគង ខេត្តសៀមរាប ខ្ញុំនិងក្រុមការ ងារ ព្រមក្រុមវិស្វករជប៉ុន នៃក្រុមហ៊ុន SATO KOGYO បានរៀបចំពិធីបញ្ចប់ការងារចាក់បេតុងទាំងស្រុង សម្រាប់សំណង់អគាររាងគ្រាប់មីន PMN-2 ដែលអគារនេះ មានទំហំផ្ទៃបាត ១០៨ម៉ែត្រx១០៨ម៉ែត្រ និងមានកម្ពស់ ១៧ម៉ែត្រ ជាអគាររាងគ្រាប់មីន PMN-2 ធំជាងគេលើពិភពលោក»។


លោកអគ្គនាយកស៊ីម៉ាក់ បន្តថា «អគាររាងគ្រាប់មីន PMN-2 នេះ ជានិមិត្តរូបបង្ហាញឱ្យឃើញច្បាស់នូវឆន្ទ:និងការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តអនុសញ្ញាមីនអន្តរជាតិ អូតាវ៉ា ប្រកបដោយជោគ ជ័យ។ សមិទ្ធផលនេះ ក៏បង្ហាញឱ្យឃើញនូវស្មារតីរួមគ្នារបស់រដ្ឋភាគីទាំងឡាយ ដែលបានរួមគ្នាអនុវត្តអនុ សញ្ញាអូតាវ៉ា ប្រកបដោយការទទួលខុសត្រូវខ្ពស់។ សូមបញ្ជាក់ថា គម្រោងសាងសង់អគាររាងគ្រាប់មីន PMN-2 នេះ បានផ្តួចផ្តើមអនុវត្ត តាំងពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ និងគ្រោងបញ្ចប់នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ខាងមុខនេះ»៕


