Thursday, December 11, 2025
Homeព័ត៌មានជាតិធនាគារជាតិ ឲ្យលុបចោលបំណុលវីរកងទ័ពពលី ពិការ

ធនាគារជាតិ ឲ្យលុបចោលបំណុលវីរកងទ័ពពលី ពិការ

ភ្នំពេញ ៖ ធនាគារជាតិ នៃកម្ពុជា បានណែនាំដល់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ  លុបចោលឥណទានរហូត ដល់ ៨០លានរៀល របស់អតិថជន ឬអ្នករួមខ្ចី ជាយោធិនពលី រីឯជនភៀសសឹក ផ្តល់ការលើកលែងរាល់កម្រៃនិងការផាកពិន័យទាក់ទងនឹងឥណទាន រួមទាំងលើកលែង ការទូទាត់សងការប្រាក់ និងពន្យារពេលទូទាត់សងប្រាក់ដើម សម្រាប់ជនភៀសសឹក និងយោធិនដែលប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ ដើម្បីជួយសម្រាលបន្ទុកដល់ប្រជាជន និងយោធិនដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ។

ការណែនាំនេះ ធ្វើឡើងបន្ទាប់ពីមានការអំពាវនាវរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីជួយកាត់ បន្ថយបន្ទុកហិរញ្ញវត្ថុរបស់ទាហាន និងក្រុមគ្រួសាររបស់ពួកគេ។

យោងតាមសេចក្តីប្រកាសរបស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ បានបញ្ជាក់ថា ស្ថាប័នហិរញ្ញវត្ថុនានា ត្រូវបានជំរុញឱ្យលើកលែងរាល់កម្រៃ និងការផាកពិន័យដែលទាក់ទងនឹងឥណទាន លើកលែងការទូទាត់សងការប្រាក់ និងពន្យារការបង់ប្រាក់ដើម សម្រាប់ជនភៀសសឹក ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦។

សម្រាប់អតិថិជនដែលជាយោធិន ដែលប្រតិបត្តិការដោយផ្ទាល់នៅក្នុងសមរភូមិ រាល់ការចំណាយទាក់ទងនឹងឥណទាន និងការផាកពិន័យ នឹងត្រូវបានលើកលែង រីឯការទូទាត់សងការប្រាក់ និងការទូទាត់ប្រាក់ដើម ត្រូវពន្យារពេល ពីថ្ងៃនេះ រហូតដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦។ ជាមួយគ្នានេះ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ មិនត្រូវធ្វើមូលធនកម្ម ការប្រាក់លើប្រាក់ដើម នោះទេ។

បន្ថែមពីនេះ សេចក្តីប្រកាសបានណែនាំគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ឱ្យលុបចោលឥណទានរហូតដល់ ៨០លានរៀល (១៩ ៩៦៧ដុល្លារ) របស់អតិថជន ឬអ្នករួមខ្ចី ជាយោធិនពលី ខណៈដែលយោធិនពិការក្នុងការប្រយុទ្ធ អាចទទួលបានការលុបចោលបំណុល រហូតដល់ ១០លានរៀល (២ ៤៩៥ដុល្លារ)។

គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ត្រូវបានតម្រូវឱ្យបន្តការរៀបចំរចនាសម្ព័ន្ធឥណទានសម្រាប់អតិថិជនផ្សេងទៀត តាមបទប្បញ្ញត្តិជាធរមាន ហើយត្រូវបានលើកទឹកចិត្តឱ្យផ្តល់ការអនុគ្រោះពិសេសបន្ថែមទៀត តាមលទ្ធភាពជាក់ស្តែង ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ និងយោធិន ដែលធ្វើប្រតិបត្តិការដោយផ្ទាល់ក្នុងសមរភូមិប្រយុទ្ធ។

គួរបញ្ជាក់ថា នេះជាការណែនាំនេះលើកទី២ របស់ធនាគារជាតិនៃកម្ពុជា បន្ទាប់ពីកម្ពុជា និងថៃ បានផ្ទុះអាវុធនៅតាមព្រំដែន ដែលបងកឡើងដោយទាហានថៃឈ្លានពាន បានធ្វើឱ្យទាហានបានបាត់បង់ជីវិត រងរបួស និងពិការ ព្រមទាំងគ្រួសាររាប់ម៉ឺននាក់ ក្លាយជាជនភៀសសឹក មិនអាចរកប្រាក់ចំណូលចិញ្ចឹមជីវិតបាន៕

RELATED ARTICLES