ភ្នំពេញៈ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ថា សារមន្ទីរសិល្បៈអាស៊ី សាន់ហ្វ្រាន់ស៊ីស្កូ សហរដ្ឋអាមេរិក (Asian Art Museum of San Francisco) បានប្រគល់វត្ថុបុរាណខ្មែរចំនួន១៣រូប ជូនមកកម្ពុជា វិញ។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានបញ្ជាក់ថា ការសម្រេចជាផ្លូវការនេះ ធ្វើឡើងបន្ទាប់ពីគណៈកម្មការសិល្បៈអាស៊ី បានបោះឆ្នោត យល់ព្រមជាឯកច្ឆន្ទ កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ ដោយបញ្ជាក់ថា វត្ថុបុរាណខ្មែរ ដ៏វិចិត្រ ទាំង៣៣រូប បាននាំចេញពីកម្ពុជា ដោយខុសច្បាប់ ដែលជាការបំពានលើច្បាប់សហព័ន្ធ និងផ្អែកលើភ័ស្តុតាងនានា ដែលរកឃើញដោយភ្នាក់ងារសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក រួមទាំងក្រុមស្រាវជ្រាវកម្ពុជា និងក្រុមការងារសារមន្ទីរសិល្បៈអាស៊ី។
ក្នុងចំណោមវត្ថុ ទាំង១៣រូបនេះ មានដូចជា ៖ បដិមាជាទេវរូប ព្រះសិរទេពប្រុស ចម្លាក់តោ និងចម្លាក់ គ្រឿង បង្គុំប្រាសាទនានា។ តាមរយៈការសិក្សាវិភាគលើភ័ស្តុតាង ដោយមន្ត្រីជំនាញសារមន្ទីរ និងក្រុមអ្នកស៊ើបអង្កេតបា នបញ្ជាក់ថា វត្ថុទាំងនេះ មានជាប់ពាក់ព័ន្ធនឹងបណ្តាញទំនាក់ទំនងជាមួយលោក ខូក្លាស ឡាតហ្វដ (Douglas Latchford) ដែលបានលួចនាំចេញពីកម្ពុជា ក្នុងអំឡុងសង្គ្រាមស៊ីវិល និងអសន្តិសុខ។
លោកស្រីបណ្ឌិត ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានស្វាគមន៍ ចំពោះការសម្រេចចិត្តរបស់សារមន្ទីរសិល្បៈអាស៊ី ដោយបានថ្លែងថា “វត្ថុដ៏វិចិត្រដែលប្រគល់មកវិញទាំងនេះ គឺជាផ្នែកមួយនៃមរតកវប្បធម៌និងអត្តសញ្ញាណជាតិខ្មែរ ដែលមិនត្រឹមតែជាការស្តារឡើងវិញនូវការចងចាំផ្នែកវប្បធម៌ប៉ុណ្ណោះទេ ប៉ុន្តែជាការព្យាបាលស្លាកស្នាមរបួសផ្លូវចិត្ត ដែលបន្សល់មករាប់ទសវត្សរ៍ ដោយសារសង្គ្រាម និងការបាត់បង់បេតិកភណ្ឌវប្បធម៌ជាតិ”។

លោកស្រីបណ្ឌិត ក៏បានគូសបញ្ជាក់ពីសារសំខាន់ក្នុងការចែករំលែកភ័ស្តុតាងអំពីប្រភពដើមនៃវត្ថុ ក្រសួងសូមវាយតម្លៃខ្ពស់ចំពោះសារមន្ទីរសិល្បៈអាស៊ី ដែលបានបង្ហាញនូវតម្លាភាពក្នុងការចែករំលែកព័ត៌មានជាមួយកម្ពុជា អំពីប្រភពដើមនៃវត្ថុ និងឯកសារពាក់ព័ន្ធនានា។ ការបើកទូលាយនេះ ពិតជាមានសារៈសំខាន់ណាស់ ដែលផ្តល់លទ្ធភាពឱ្យយើងអាចបង្ហាញការពិត អំពីប្រវត្តិនៃសម្បត្តិវប្បធម៌ និងអាចស្វែងរកយុត្តិធម៌ ក្នុងករណីនេះ។ នៅពេលដែលស្ថាប័នពាក់ព័ន្ធទាំងអស់អាចចែករំលែកភ័ស្តុតាង និងព័ត៌មានអំពីប្រភពដើម ដោយចំហនិង ដោយស្មោះត្រង់ វាពិតជាជួយជំរុញដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីស្តារឡើងវិញនូវបេតិកភណ្ឌវប្បធម៌ដ៏ពិសិដ្ឋរបស់កម្ពុជា ដែលជាម្ចាស់នៃមរតកទាំងនោះ៕