Tuesday, December 23, 2025
Homeសង្គម និងជីវិតប្តីលាទៅសមរភូមិ ប្រពន្ធកូនខ្ចីដេកយំ

ប្តីលាទៅសមរភូមិ ប្រពន្ធកូនខ្ចីដេកយំ

ខេត្តឧត្តរមានជ័យ ៖ មន្ត្រីនគរបាលការពារព្រំដែន ១រូប ត្រូវបានភរិយាសម្រាលកូន ចំពេលប្រទេសកំពុងមានសង្គ្រាមឈ្លានពានពីសំណាក់ទាហានចោរសៀម ទើបមានឱកាសមើលថែប្រពន្ធសម្រាលកូន បានត្រឹមតែរយៈ ពេល ៧ថ្ងៃ ក៏ត្រូវបានលាប្រពន្ធ ចេញទៅសមរភូមិមុខវិញ ដើម្បីការពារទឹកដីពីសត្រូវឈ្លានពាន ធ្វើឲ្យប្រពន្ធកូនខ្ចី ភ័យបារម្ភពីសុវត្ថិភាពប្តី ដេកយំគួរឱ្យសង្វេគ ឯបុរសជាប្តី បានឱបថើប លួងលោមប្រពន្ធ ដោយក្តីអា ណិតស្រឡាញ់់ពេញបេះដូវ។

វីរនគរបាលដែលត្រូវលាប្រពន្ធកូនខ្ចី ចេញទៅសមរភូមិនោះ មានឈ្មោះ យ៉ែម សុខលាង ចំណែកស្ត្រីជាប្រពន្ធ មានឈ្មោះ ជីវ សុកគឹមឡាំង ទើបនឹងសម្រាលបានកូនស្រីម្នាក់ ឈ្មោះលាន អាននីង កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥។

លោក យ៉ែម សុខលាង បានបង្ហោះវីដេអូមួយ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ បង្ហាញពីការឱបថើប លួងលោម លាប្រពន្ធនិងកូនស្រីដែលទើបនឹងសម្រាលបាន៧ថ្ងៃ ដើម្បីចេញទៅសមរភូមិមុខវិញ ភ្ជាប់ជាមួយសំណេរថា “ដោយសារសង្គ្រាម ខ្ញុំត្រូវឃ្លាតឆ្ងាយ ប្រពន្ធសរសៃខ្ចី និងកូនស្រី ទើបតែនឹងកើតបាន៧ថ្ងៃ…”។

តាមរយៈឃ្លីបវីដេអូ រយៈពេលជាង៥នាទី វីរនគរបាល យ៉ែម សុខលាង បានឱបថើបភរិយាជាទីស្រលាញ់ ដែលដេកបង្ហូរទឹកភ្នែក ព្រោះតែនឹកបារម្ភពីប្តី ដោយលោកបានផ្តាំភរិយាជាទីស្រលាញ់ថា “អ៊ីចឹងបងទៅហើយណា កុំយំ ចាំបងឧស្សាហ៍តេមកអូន យំអ៊ីចឹងអត់ល្អទេ អូនអើយ សរសៃខ្ចីផង អូនឯងកូនទើបបាន៧ថ្ងៃ ឥឡូវប្តីទៅវិញហើយ ថែរក្សាខ្លួន ឭទេ? ញ៉ាំអីឱ្យបានច្រើន ញ៉ាំថ្នាំឱ្យទៀង កុំធ្វើអីផ្តេសផ្តាសធ្ងន់ៗ ឮអត់? ចាំប្តីមកវិញ។ មើលកូនឱ្យល្អណាអូនណា ចាំប្តីមកវិញ ប្តីមកដេកឱបអូននិងកូន រាល់យប់ កុំយំទៀត ឮនៅ ខ្លាចឈឺ អូនសរសៃខ្ចីផង បងប្រញាប់ចេញទៅហើយ បងឆាប់មកវិញទេណាអូនណា! សុំទោសណាអូនអើយ សុំទោស ណា កុំខឹងបង ឮអត់? បងស្រលាញ់អូន កុំយំ…”។

បន្ទាប់មក វីរនគរបាល យ៉ែម សុខលាង បានថើបលាកូនស្រី អាយុ៧ថ្ងៃ របស់ខ្លួន  ដោយនិយាយទៅកាន់កូនស្រីថា “កូនស្រី ប៉ាៗទៅហើយណាកូន កុំធ្វើបាបម៉ាក់ ឮអត់? កុំរករឿងម៉ាក់ពេក ឮអត់កូន? កុំឈឺ បាយៗ កូនស្រីប៉ាៗ បាយៗកូនស្រី កូនស្រីប៉ាៗ…”។

ចំណែកស្ត្រីជាភរិយា ឈ្មោះជីវ សុកគឹមឡាំង បានពោលពាក្យយ៉ាងខ្លីថា “មានលុយ ឡាន ផ្ទះ ក៏មិនសប្បាយជាងការបានរស់នៅជុំគ្នាប្តីប្រពន្ធកូនដែរ…”។

វីរនគរបាល យ៉ែម សុខលាង ក៏បានសរសេរបន្ថែមថា “ទម្រាំប៉ាបានឃើញមុខកូន វាមានរឿងច្រើនណាស់ ដែលបានកើតឡើង ហើយប៉ា តែងតែរង់ចាំកម្លាំងចិត្តរបស់ប៉ា រង់ចាំថ្ងៃដែលប៉ាបានឃើញមុខកូន ដោយផ្ទាល់ភ្នែក កូនស្រីប៉ា កូនពិតជាគួរឱ្យអាណិតណាស់ កើតចំពេលប្រទេសមានសង្គ្រាម លាន អាននីង កើតម៉ោង៩ៈ៤៥នាទី ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥…”។

វីរនគរបាល យ៉ែម សុខលាង បានបន្ថែមទៀតថា “កូនស្រីដ៏កម្សត់របស់ប៉ា កើតចំពេលប្រទេសមានសង្គ្រាម យាយតា អ៊ំពូមីង បងប្អូន អត់ទាន់បានមកមើលកូនទេ ពូកគាត់ភៀសសឹកអស់ហើយ។ ម៉ាក់កូន ទម្រាំបង្កើតកូនបាន លំបាកណាស់ ភៀសសឹកផង សុខភាពមិនសូវល្អផង ត្រូវគេងតាមដាននៅពេទ្យ ៩ថ្ងៃទៀត ប៉ាក៏ប្រហែលជាមិនបាននៅក្បែរកូនយូរដែរ ព្រោះប៉ា ជាប៉ូលិសព្រំដែន ប៉ាមានកាតព្វកិច្ចដែលត្រូវបំពេញ។ តាកូន មិនទាន់បានមកលេងកូនទេ ព្រោះតាកូន កំពុងនៅក្នុងសមរភូមិ តែបានយាយៗកូន បានមកមើលថែកូន ព្រោះពូកគាត់ត្រូវភៀសសឹក បានអ៊ីនិងពូតូចៗ ពីរនាក់នេះដែរ ទុកប្រឡែងលេងជាមួយកូន ព្រោះត្រូវភៀសសឹក មកជាមួយយាយកូន សម្លឹងមើលជីវិតខ្លួនឯងពេលណា ចង់តែស្រែកយំ…”។

គួរបញ្ជាក់ថា លោកយ៉ែម សុខលាង ជាវីរនគរបាលការពារព្រំដែន បានរៀបការជាមួយភរិយាឈ្មោះជីវ សុកគឹមឡាំង កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤ គិតមកទល់ពេលនេះ អ្នកទាំងពីរទើបនឹងរៀបការនឹងគ្នាបានរយៈពេល ១ឆ្នាំប៉ុណ្ណោះ និងទទួលបានចំណងដៃអាពាហ៍ពិពាហ៍ កូនស្រីម្នាក់ ដែលចាប់កំណើតចំពេលប្រទេសកម្ពុជា កំពុងមានសង្គ្រាម ដោយសារការឈ្លានពានពីសំណាក់ទាហានចោរសៀម៕ ដារិទ្ធ

RELATED ARTICLES