Tuesday, December 30, 2025
Homeនយោបាយនាយករដ្ឋមន្រ្តីកម្ពុជា ថាអនុវត្តបទឈប់បាញ់ មិនមែនចុះចាញ់ថៃ កាត់ដីដូរយកសន្តិភាព

នាយករដ្ឋមន្រ្តីកម្ពុជា ថាអនុវត្តបទឈប់បាញ់ មិនមែនចុះចាញ់ថៃ កាត់ដីដូរយកសន្តិភាព

ភ្នំពេញ ៖ ក្នុងឱកាសកម្ពុជា ប្រារព្ធខួបលើកទី២៧ ទិវាសន្តិភាពនៃកម្ពុជា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ក្រោយពីការព្យាយាមចរចាប្រ កបដោយភាពអត់ធ្មត់ខ្ពស់បំផុត កម្ពុជា និងថៃ បានឯកភាពអនុវត្ត «បទឈប់បាញ់ភ្លាមនៅនឹងកន្លែង» ដែលបានចូលជាធរមាន ចាប់ពីម៉ោង ១២:០០ ថ្ងៃត្រង់ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលចំណុចនេះ មិនមែនមានន័យថា កម្ពុជា ចុះចាញ់ ឬសុខចិត្តយកបូរណភាពទឹកដី ទៅដូរយកសន្តិភាពឡើយ ហើយរឹតតែមិនមែនមានន័យថា កម្ពុជា អស់សមត្ថភាព ឬបោះបង់សិទ្ធិស្វ័យការពារខ្លួននោះដែរ ។ ផ្ទុយទៅវិញ ការសម្រេចចិត្តនេះ បង្ហាញថា កម្ពុជា បានសម្រេចប្រកាន់យកមាគ៌ាសន្តិភាព និងការតម្កល់អាយុជីវិតនិងសុខទុក្ខរបស់ប្រជាជន ជាអាទិភាពចម្បងបំផុត និងខ្ពស់បំផុតមួយ របស់ខ្លួន បើទោះជាត្រូវប្រឈមមុខនឹងសម្ពាធ ឬការលំបាកយ៉ាងណាក៏ដោយ ។

សម្ដេច ហ៊ុន ម៉ាណែត បានសរសេរនៅក្នុងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់សម្តេច នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ ថា “ជូនចំពោះបងប្អូនវីរកងទ័ព និងវីរនគរបាល ដ៏អង់អាចក្លាហានគ្រប់រូប និងបងប្អូនជនរួមជាតិ ជាទីគោរព និងស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត!

 ថ្ងៃនេះ ក្នុងនាមប្រមុខរាជរដ្ឋាភិបាល ខ្ញុំព្រះករុណា ទូលព្រះបង្គំ ខ្ញុំ សូមផ្ញើនូវសារមួយ ទៅកាន់បងប្អូនជន រួមជាតិទាំងអស់ នៅក្នុងវេលាដែលមាតុភូមិកម្ពុជា ជាទីស្រឡាញ់របស់យើងបាននិងកំពុងរងសោកនាដកម្មនៃសង្គ្រាមឈ្លានពាន ក្រោយពីការទទួលបានសន្តិភាពពេញលេញ នៅឆ្នាំ១៩៩៨ ។ កម្ពុជា បានឆ្លងកាត់យ៉ាងឆ្អែតឆ្អន់នូវភ្នក់ភ្លើងសង្រ្គាម រាប់រយឆ្នាំ រួមទាំងរបបប្រល័យពូជសាសន៍ ដែលនាំឱ្យប្រជាពលរដ្ឋកម្ពុជា គ្រប់រូប ស្គាល់តម្លៃពិតប្រាកដនៃ «សន្តិភាព» ហើយក្នុងកាលៈទេសៈនេះ យើងពិតជាគ្មានប្រាថ្នាអ្វីផ្សេងឡើយ ក្រៅពីសុខសន្តិភាព និងលទ្ធភាពក្នុងការអភិវឌ្ឍប្រទេស ឱ្យមានការរីកចម្រើន ។ ក្នុងន័យនេះ កម្ពុជា ផ្តល់តម្លៃខ្ពស់បំផុតចំពោះ «សន្តិភាពនិងការអភិវឌ្ឍ» ហើយកម្ពុជា តែងតែគាំទ្រ និងចូលរួមអនុវត្តដោយសុចរិត នូវសណ្តាប់ធ្នាប់តំបន់ និងសកល ដោយផ្អែកលើច្បាប់អន្តរជាតិ, សន្ធិសញ្ញា, អនុសញ្ញា និងកិច្ចព្រមព្រៀងនានា ដែលកម្ពុជា បានទទួលយក, ជាពិសេសធម្មនុញ្ញអង្គការសហប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ក្នុងគោលដៅចង់រួមរស់ប្រកបដោយសន្តិសហវិជ្ជមាន ជាមួយគ្រប់បណ្តាប្រទេសទាំងអស់, ទាំងប្រទេស នៅជិតខាង, ក្នុងតំបន់ និងលើសកលលោក ។

ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលកម្ពុជា តែងតែប្រកាន់ជំហរដោះស្រាយបញ្ហាដោយសន្តិវិធី និងនៅតែបន្តព្យាយាមចរចាតាមគ្រប់រូបភាពទាំងអស់ ដើម្បីបញ្ចប់ការប្រឈមមុខគ្នាដោយអាវុធ និងវិលត្រឡប់ទៅដោះស្រាយបញ្ហាព្រំដែន តាមយន្តការបច្ចេកទេស និងក្របខ័ណ្ឌច្បាប់ ដែលមានជាធរមាន។ ក្រោយពីការព្យាយាមចរចាប្រ កបដោយភាពអត់ធ្មត់ខ្ពស់បំផុត, កម្ពុជា និងថៃ បានឯកភាពអនុវត្ត «បទឈប់បាញ់ភ្លាមនៅនឹងកន្លែង» ដែលបានចូលជាធរមាន ចាប់ពីម៉ោង ១២:០០ ថ្ងៃត្រង់, ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ តទៅ ។

ការជ្រើសរើសយកការអនុវត្តបទឈប់បាញ់នេះ មិនមែនមានន័យថា កម្ពុជា ចុះចាញ់ ឬសុខចិត្តយកបូរណភាពទឹកដី ទៅដូរយកសន្តិភាពឡើយ ហើយរឹតតែមិនមែនមានន័យថា កម្ពុជា អស់សមត្ថភាព ឬបោះបង់សិទ្ធិស្វ័យការពារខ្លួននោះដែរ ។ ផ្ទុយទៅវិញ ការសម្រេចចិត្តនេះ បង្ហាញថា កម្ពុជា បានសម្រេចប្រកាន់យកមាគ៌ាសន្តិ ភាព និងការតម្កល់អាយុជីវិត និងសុខទុក្ខរបស់ប្រជាជន ជាអាទិភាពចម្បងបំផុត និងខ្ពស់បំផុតមួយ របស់ខ្លួន បើទោះជាត្រូវប្រឈមមុខនឹងសម្ពាធ ឬការលំបាកយ៉ាងណាក៏ដោយ ។

ទោះបីយើងនៅតែអាចបន្តទប់ទល់បានក្នុងការប្រយុទ្ធគ្នា ក្នុងនាមជាប្រទេសតូច យើងនៅតែមិនមានអ្វីចំ ណេញសោះឡើយ ពីការអូសបន្លាយក្នុងរយៈពេលយូរនៃការប្រយុទ្ធនេះ។ ពេលនេះ ប្រជាពលរដ្ឋភៀសសឹក ជាងកន្លះលាននាក់ កំពុងទន្ទឹងរង់ចាំថ្ងៃដែលពួកគេអាចវិលត្រឡប់ទៅកាន់គេហដ្ឋានវិញ, កុមាររាប់ពាន់នាក់ កំពុងរង់ចាំថ្ងៃដែលពួកគេអាចវិលត្រឡប់ទៅថ្នាក់រៀនវិញ ហើយក្រុមគ្រួសារកងទ័ព កងនគរបាល រាប់ពាន់នាក់ ក៏កំពុងរង់ចាំផ្លូវឪពុក, ប្តី,កូន, ពូ, មីង, បង ឬ ប្អូន របស់ពួកគេ ពីសមរភូមិ យ៉ាងអន្ទះសាបំផុត ។ ដូច្នេះ ខណៈដែល លទ្ធភាពនៃការស្វែងរកដំណោះស្រាយបញ្ហាវិវាទព្រំដែននេះ ដោយសន្តិវិធី នៅតែមាន, រាជរដ្ឋា ភិបាល បានសម្រេចចិត្តប្រកាន់យកការចរចាបញ្ចប់ការប្រយុទ្ធគ្នា មុនពេលវាកាន់តែរីកធំជាងនេះទៅទៀត ដើម្បីកាត់បន្ថយការឈឺចាប់ និងទុក្ខសោករបស់បងប្អូនជនរួមជាតិ ជាអតិបរមា ហើយក៏ដើម្បីបញ្ឈប់នូវការព លី និងការរងរបួសរបស់បងប្អូនវីរកងទ័ព, វីរនគរបាល ក៏ដូចជាប្រជាពលរដ្ឋស្លូតត្រង់ ដែលមកទល់នឹងពេលនេះ មានប្រជាជនស៊ីវិល ៣២នាក់ បានបាត់បង់ជីវិត និង ៩៣នាក់ បានរងរបួស ។

ជាការពិត, «ការឈប់បាញ់ភ្លាមនៅនឹងកន្លែង» មានន័យថា កងកម្លាំងទាំងសងខាង ត្រូវអនុវត្តបទឈប់បាញ់នេះ ដោយរក្សាកម្លាំងនៅតាមទីតាំងឈរជើងរបស់ខ្លួន នៅម៉ោងនៃការចាប់ផ្តើមអនុវត្តបទឈប់បាញ់ ។ ក្នុងន័យនេះ ខ្ញុំព្រះករុណា ទូលព្រះបង្គំ ខ្ញុំ សូមសង្កត់ធ្ងន់ថា ការរក្សាកងកម្លាំងឈរជើងនៅតាមទីតាំងជាក់ស្តែងនានា នៅម៉ោងនៃការចាប់ផ្តើមអនុវត្តបទឈប់បាញ់នេះ គឺត្រូវបានទទួលស្គាល់ជាផ្លូវការ ដោយភាគីទាំងសងខាងថា មិនមានការពាក់ព័ន្ធដល់ការកំណត់ខណ្ឌសីមាព្រំដែនរវាងប្រទេសទាំងពីរនោះឡើយ ដែលចំណុចនេះ ត្រូវបានរដ្ឋាភិបាលកម្ពុជា ទាមទារកំណត់ច្បាស់នៅក្នុង «សេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសនៃគណៈកម្មាធិ ការព្រំដែនទូទៅ (GBC) រវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥» ។ ប្រការនេះ បញ្ជាក់ច្បាស់ថា ខ្សែព្រំដែនអន្តរជាតិ រវាងកម្ពុជា និងថៃ នៅតែត្រូវបានកំណត់ដោយសន្ធិសញ្ញា និង អនុសញ្ញាដែលមានស្រាប់ ហើយកម្ពុជា នៅតែរក្សាបានពេញលេញនូវសិទ្ធិក្នុងការដោះស្រាយបញ្ហាព្រំ ដែននេះ ជាមួយនឹងភាគីថៃ អនុលោមតាមច្បាប់អន្តរជាតិ, សន្ធិសញ្ញា, អនុសញ្ញា និងយន្តការទ្វេភាគីទាំង ឡាយ ដែលមានជាធរមាន ។

ជាមួយនឹងការធានាបាននូវការបញ្ជាក់ច្បាស់ថា ការរៀបចំទាំងឡាយ (Arrangments) ក្នុងសេចក្តីថ្លែងការណ៍រួមស្តីពីបទឈប់បាញ់នេះ នឹងមិនធ្វើឱ្យប៉ះពាល់ដល់ការងារវាស់វែង និងខណ្ឌសីមាព្រំដែន រវាងប្រទេសទាំងពីរនោះទេ, ភាគីទាំងពីរ បានឯកភាពគ្នាប្រគល់ជូនគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) បន្តដំណើរការឡើងវិញ ឱ្យបានឆាប់បំផុត នូវការងារវាស់វែងនិងខណ្ឌសីមាព្រំដែន ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ រវាងប្រទេសទាំងពីរ, ពិសេសនៅតំបន់ព្រំដែនរងផលប៉ះពាល់ ដែលមានប្រជាជនស៊ីវិល ធ្លាប់រស់នៅ, ដើម្បីធានានូវសន្តិភាពយូរអង្វែង នៅតាមបណ្តោយព្រំដែននៃប្រទេសទាំងពីរ ។

 លក្ខខណ្ឌ នៃការអនុវត្តបទឈប់បាញ់នេះ ក៏បានបើកផ្លូវឱ្យបងប្អូនភៀសសឹក ដែលមានលំនៅឋានតាមតំបន់ព្រំដែន អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ខ្លួនវិញ ដោយគ្មានឧបសគ្គ និងប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ក្នុងតំបន់រៀងខ្លួនផងដែរ ។ ពាក់ព័ន្ធនឹងចំណុចនេះ, ខ្ញុំសូមយកឱកាសនេះ ជម្រាបជូនជនរួមជាតិផងដែរថា ខ្ញុំបានផ្តល់ការណែនាំដល់ក្រសួងការពារជាតិ, ក្រសួងមហាផ្ទៃ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ឱ្យចាត់ ចែងកំណត់ទីតាំងដែលមានសុវត្ថិភាពគ្រប់គ្រាន់ និងរៀបចំការសម្របសម្រួលដើម្បីបងប្អូនជនភៀសសឹករបស់យើង អាចវិលត្រឡប់ទៅកាន់គេហដ្ឋានវិញ ឱ្យបានឆាប់បំផុត តាមដែលអាចធ្វើបាន ។ ចំពោះតំបន់ដែលមិន ទាន់មានភាពអំណោយផលសម្រាប់ការវិលត្រលប់ដោយសុវត្ថិភាព រាជរដ្ឋាភិបាល នឹងស្វែងរកដំណោះ ស្រា យចំពោះមុខ សម្រាប់បងប្អូនដែលរស់នៅតំបន់នោះ។

មួយវិញទៀត, តាមលក្ខខណ្ឌនៃសេចក្តីប្រកាសរួមនេះ, ក្រោយបទឈប់បាញ់ ត្រូវបានអនុវត្តដោយពេញលេញ រយៈពេល ៧២ម៉ោង, យោធិនកម្ពុជា ១៨រូប ក៏នឹងត្រូវបានដោះលែងត្រលប់មកកម្ពុជា វិញផងដែរ ស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ ដែលត្រូវបានចុះហត្ថលេខា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ។

 បន្ថែមលើនេះ, សេចក្តីថ្លែងការណ៍រួមនេះ ក៏បានគូសរំលេចអំពីការបេ្តជ្ញារួមគ្នារវាងភាគីទាំងពីរ ក្នុងការបន្តជំរុញអនុវត្តកិច្ចសហប្រតិបត្តិការជាអាទិភាពមួយចំនួនទៀត ដោយប្រើប្រាស់យន្តការ និងអនុលោមតាមកិច្ចព្រមព្រៀងដែលមានជាធរមាន ។ ក្នុងន័យនេះ, សេចក្តីថ្លែងការណ៍រួមនេះ ក៏ជាការបន្តអនុវត្តនូវអ្វីដែលបានឯកភាពគ្នាកន្លងមក រួមមាន សេចក្តីប្រកាសព័ត៌មានរួម នៃបទឈប់បាញ់ កាលពីថ្ងៃទី២៨ ខែ កក្កដា ឆ្នាំ ២០២៥ និងសេចក្តីថ្លែងការណ៍រួម ទីក្រុងកូឡាឡាំពួរ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ រួមបញ្ចូលនូវឯកសារព្រម ព្រៀងផ្សេងទៀត ដែលសមេ្រចបានមក នៅក្រោមខណ្ឌកិច្ចព្រមព្រៀងនេះ, ព្រមទាំងកិច្ចព្រមព្រៀងជាធរមានទាំងឡាយទៀត រវាងកម្ពុជា និងថៃ ។

 ក្នុងនាមជាប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា, ខ្ញុំសូមយកឱកាសនេះ ថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះប្រទេសជាមិត្ត និងសហគមន៍អន្តរជាតិ, ជាពិសស សហរដ្ឋអាមេរិក, សាធារណរដ្ឋប្រជាមានិតចិន និងបណ្តាប្រទេសអាស៊ាន ក្រោមការសម្របសម្រួលរបស់ម៉ាឡេស៊ី ក្នុងឋានៈជាប្រធានអាស៊ាន ដែលបានជួយជ្រោមជ្រែង និងចូលរួមយ៉ាងសកម្ម ក្នុងកិច្ចដំណើរការនេះ តាំងពីដើមទីមក ពោលគឺតាំងពីការរៀបចំនូវបទឈប់បាញ់ នាថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ ជាបន្តបន្ទាប់ រហូតមកទល់បច្ចុប្បន្ន ។ ខ្ញុំក៏សូមគូសបញ្ជាក់ផងដែរថា កម្ពុជា ប្រកាន់គោលជំហរអនុវត្តពេញលេញ និងដោយស្មោះត្រង់ នូវសេចក្តីប្រកាសរួម ស្តីពីបទឈប់បាញ់នេះ និងសូមស្វា គមន៍ការចូលរួមរបស់ប្រទេសជាមិត្ត និងសហគមន៍អន្តរជាតិ ក្នុងការគាំទ្រដល់ការធានានូវការអនុវត្តសេចក្តីប្រកាសរួមនេះ ឱ្យបានពេញលេញ និង ប្រកបដោយប្រសិទ្ធភាព, ពិសេសក្នុងការពង្រឹងតួនាទីរបស់អ្នកសង្កេត ការណ៍អាស៊ាន (AOT) ដើម្បីផ្ទៀងផ្ទាត់ និងធានាការអនុវត្តប្រកបដោយប្រសិទ្ធភាព នូវវិធានការនានាដែលបានឯកភាពគ្នាក្នុងបទឈប់បាញ់នេះ ។

ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្នុងនាមជាពលរដ្ឋខ្មែរ មួយរូប, ទូលព្រះបង្គំជាខ្ញុំ សូមសម្តែងនូវកតញ្ញុតាធម៌ និងអំណរព្រះគុណដ៏ជ្រាលជ្រៅបំផុត ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ដែលជានិច្ចកាល ទ្រង់ទាំងទ្វេ តែងតែផ្តល់ការគាំទ្រដល់រាជរដ្ឋាភិបាល ក្នុងការបំពេញបេសកម្មដើម្បីជាតិ និងមាតុភូមិ និងតែងយកព្រះទ័យទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខកូនចៅ ជាប្រជានុរាស្ត្ររបស់ព្រះអង្គ ក្នុងគ្រប់កាលៈទេសៈ, ពិសេស ក្នុងកាលៈទេសៈដ៏លំបាកបំផុតចំពោះមុខនេះ ។

ខ្ញុំព្រះករុណា ទូលព្រះបង្គំ ខ្ញុំ សូមសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះការលះបង់មិនអាចកាត់ថ្លៃបាន របស់វីរកងទ័ព និងវីរនគរបាល ដ៏អង់អាចក្លាហានគ្រប់រូប ក្នុងការបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តមនៃការកាពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី ហើយក៏សូមសម្តែងនូវការកោតសរសើរនិងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតផងដែរ ចំពោះស្មារតីស្នេហាជាតិមាតុភូមិ និងស្មារតីសាមគ្គីជាតិជាធ្លុងមួយ ក្នុងការការពារអធិបតេយ្យជាតិ និង បូរណភាពទឹកដី របស់ព្រះសង្ឃគ្រប់ព្រះអង្គ និងជនរួមជាតិគ្រប់រូប ពីគ្រប់ទិសទី ទាំងក្នុងនិង ក្រៅប្រទេស ។ គុណូបការៈទាំងនេះ ពិតជាមានតម្លៃលើសអ្វីៗទាំងអស់ ហើយនឹងត្រូវបានចារទុកក្នុងប្រវត្តិសាស្រ្ត សម្រាប់ប្រជាពលរដ្ឋកម្ពុជា គ្រប់រូប និងគ្រប់ជំនាន់ ។

 ទុក្ខលំបាក និងពលិកម្មសាច់ស្រស់ ឈាមស្រស់ របស់វីរជនរបស់យើង នៅសមរភូមិ គឺជាការដាស់តឿនមិនឱ្យយើងបំភ្លេចបានមួយវិនាទីណាឡើយថា «បែកបាក់ គឺស្លាប់, សាមគ្គីរឹងមាំ គឺរស់» ។ ដូច្នេះ ស្របតាមពាក្យចាស់ថា «ចង្កឹះមួយបាច់ គេកាច់មិនបាក់» យើងត្រូវយកការលំបាកនៅពេលនេះ ធ្វើជាឱកាសដើម្បីឱ្យខ្មែរគ្រប់រូប ចេះពួតដៃគ្នាកសាងជាតិខ្មែរយើង ឱ្យកាន់តែរឹងមាំ និងកាន់តែប្រសើរឡើង ប្រកបដោយភាពធន់ នៅក្រោមម្លប់ដ៏សែនត្រជាក់នៃអង្គព្រះមហាក្សត្រ ជាទីគោរពសក្ការៈនៃយើង ។

 ជាថ្មីម្តងទៀត, បទពិសោធនៃសង្រ្គាមដ៏ឆ្អែតឆ្អន់របស់កម្ពុជា បានបង្ហាញថា សង្រ្គាមមិនអាចបញ្ចប់បានដោយសង្រ្គាមនោះទេ ហើយមានតែការជ្រើសរើសមធ្យោបាយដោះស្រាយដែលផ្អែកលើច្បាប់ ប្រកបដោយសន្តិវិធី និងការយោគយល់គ្នាប៉ុណ្ណោះ ទើបអាចបញ្ចប់សង្រ្គាមបាន ព្រមទាំងអាចបញ្ចៀសបាននូវការបាត់បង់អាយុជីវិត, ការឈឺចាប់ និងការរងទុក្ខសោករបស់បងប្អូនប្រជាពលរដ្ឋ ។

ខ្ញុំក៏សង្ឃឹមថា បងប្អូនប្រជាពលរដ្ឋយើង គ្រប់មជ្ឈដ្ឋាន និងគ្រប់ទិសទី នឹងបន្តផ្តល់ជំនឿដ៏មុតមាំលើរាជរដ្ឋា ភិបាល និង រួបរួមសាមគ្គីគ្នាក្នុងស្មារតីជាតិខ្មែរ តែមួយ ប្រើប្រាស់តម្លៃនៃសន្តិភាពនេះ ដើម្បីអភិវឌ្ឍខ្លួន ឱ្យក្លាយជាពលរដ្ឋឆ្នើមរបស់កម្ពុជា និងក្លាយជាកម្លាំងដ៏រឹងមាំ មិនអាចបំបែកបំបាក់បាន ក្នុងកិច្ចការពារអធិបតេ យ្យជាតិ និងបូរណភាពទឹកដី និងក្នុងការអភិវឌ្ឍជាតិ និងមាតុភូមិកម្ពុជា ជាទីស្នេហាបំផុតនៃយើង ឱ្យកាន់តែមានការរីកចម្រើនខ្លាំងក្លាឡើងជាលំដាប់ និងក្លាយជាប្រជាជាតិមួយ ប្រកបដោយមោទនភាព និងកិត្យានុភាពខ្ពស់ត្រដែតលើឆាកអន្តរជាតិ ។

  ជាចុងបញ្ចប់, ខ្ញុំព្រះករុណា ទូលព្រះបង្គំ ខ្ញុំ សូមប្រសិទ្ធពរជូនដល់ព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិជាទីស្រឡាញ់ សមប្រកបដោយពុទ្ធពរ និងពរទាំង ៥ ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ“ ៕ កុលបុត្រ

RELATED ARTICLES