ខេត្តកំពង់ស្ពឺ ៖ ស្ត្រីជាអ្នកប្រកបរបរច្រៀងភ្លេងប្រពៃណីខ្មែរ តាមពិធីមង្គលការម្នាក់ បានចាក់សោផ្ទះចោល ចេញទៅច្រៀងភ្លេងការ ស្រាប់តែអកុសលត្រូវភ្លើងឆាបឆេះផ្ទះ ១ខ្នង អស់ទាំងស្រុង។

ករណីអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង ២និង៣៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ នៅត្រង់ចំណុចភូមិព្រៃវាវ ឃុំធម្មតាអរ ស្រុកសំរោងទង។
ផ្ទះដែលត្រូវអគ្គិភ័យឆាបឆេះអស់ទាំងស្រុង ជាប្រភេទផ្ទះតៀមសង់ផ្ទាល់ដី មានទំហំ ៤ម៉ែត្រ គុណនឹង ៥ម៉ែត្រ ធ្វើអំពីឈើ ដំបូលប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី មានម្ចាស់ឈ្មោះសាំង រដ្ឋា ភេទស្រី អាយុ៣១ឆ្នាំ មុខរបរជាអ្នក ច្រៀងភ្លេងខ្មែរ តាមកម្មវិធីមង្គលការ រស់នៅក្នុងភូមិព្រៃវាវ ឃុំធម្មតាអរ ស្រុកសំរោងទង។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ ស្ត្រីជាម្ចាស់ផ្ទះ បានចាក់សោផ្ទះចោល រួចចាកចេញទៅច្រៀងភ្លេងការ នៅឯពិធីមង្គលការមួយ ស្រាប់តែមកដល់វេលាម៉ោងកើតហេតុខាងលើ កើតមានអគ្គិភ័យឆាបឆេះផ្ទះ យ៉ាងសន្ធោសន្ធៅតែម្តង ដែលបង្កឱ្យខូចខាតសម្ភារៈនិងទ្រព្យសម្បត្តិ រួមមាន ផ្ទះ ១ខ្នងទាំងស្រុង សំបុត្រកំណើត ចំនួន៤សន្លឹក បង្កាន់ដៃដីធ្លី ចំនួន១សន្លឹក ប័ណ្ណសមធម៌ ចំនួន១សន្លឹក ខោអាវ មុងភួយ គ្រែ ទូ និងសម្ភារៈប្រើប្រាស់ក្នុងផ្ទះទាំងស្រុង។

សមត្ថកិច្ច បានបញ្ជាក់ថា ករណីអគ្គិភ័យឆាបឆេះផ្ទះនេះ កម្លាំងសមត្ថកិច្ចមិនបានចេញជួយអន្តរាគមន៍ទាន់ ពេលនោះទេ ដោយសារមិនទទួលបានព័ត៌មាន ហើយម្ចាស់មិននៅផ្ទះទៀត រវល់ទៅច្រៀងភ្លេងប្រពៃណីខ្មែរ នៅភូមិក្រាំងគគីរ ឃុំហោងសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ចំពោះមូលហេតុដែលបណ្តាលឱ្យឆេះផ្ទះ ខាង លើនេះ គឺមកពីឆ្លងចរន្តអគ្គិសនី៕
