Sunday, January 11, 2026
Homeសង្គម និងជីវិតរត់តាមសង្សារ  សង្សាររត់ចោល ដើរតែលតោល៣ខែ យំសុំទោសម៉ែ

រត់តាមសង្សារ  សង្សាររត់ចោល ដើរតែលតោល៣ខែ យំសុំទោសម៉ែ

ភ្នំពេញ ៖ នារីម្នាក់ បានលង់ស្នេហ៍បុរសម្នាក់ រហូតដល់ដាច់ចិត្តចុះចោលផ្ទះ ចោលម្តាយមេម៉ាយ ទៅតាមសង្សារ រួមរស់ជាមួយគ្នាបានមួយរយៈ ត្រូវសង្សារដោះដៃ រត់ចោលបាត់ ទើបធ្វើឱ្យនារីរូបនេះ ត្រូវដើរតែលតោលនៅភ្នំពេញ អស់រយៈពេល ៣ខែ រកគោលដៅមិនឃើញ ក៏នឹកឃើញកំហុសខ្លួន បានសុំឲ្យអ្នកសារព័ត៌ មានជួយផ្សាយដំណឹងពីនាង ទួញយំសុំទោសម្តាយ  និងផ្តាំឲ្យម្តាយមកទទួលនាងទៅផ្ទះវិញផង…។

នារីដែលត្រូវសង្សាររត់ចោល ដើរតែលតោលនោះ មានឈ្មោះ យ៉ាន ចិត្រា អាយុ២៥ឆ្នាំ មានស្រុកកំណើតនៅស្រុកបាធាយ ខេត្តកំពង់ចាម បច្ចុប្បន្នស្នាក់នៅមិនពិតប្រាកដ តែនៅយប់ថ្ងៃទី៨ ឃែមករា ឆ្នាំ២០២៥ នាងបានប្រាប់អ្នកសារព័ត៌មានថា កំពុងស្នាក់នៅសាលារៀនបឋមសិក្សាកន្ទោក ស្ថិតក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ចំណែកបុរសជាសង្សារ  មានឈ្មោះពុធ ធ្វើការនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

តាមសម្តីនារីខាងលើ បានរៀបរាប់ប្រាប់ថា នាងជាកូនកំព្រាឪពុក មានម្តាយឈ្មោះ ឃឹម វ៉ន សព្វថ្ងៃរស់នៅជាមួយអ៊ំស្រី ឈ្មោះគីម ម៉ុន នៅឯស្រុកបាធាយ ខេត្តកំពង់ចាម។ ដំបូងឡើយ នាងបានចេញពីស្រុកកំណើត ឯខេត្តកំពង់ចាម ដើម្បីមកធ្វើការនៅរោងចក្រកាត់ដេរ មួយកន្លែង នៅម្តុំវត្តស្ងួនពេជ្រ ខណ្ឌកំបូល រាជធានីភ្នំពេញ តែធ្វើការមិនបានប៉ុន្មាន ក៏ឈប់  ដោយសារតែនាងមានជំងឺដុះសាច់បំពង់ក មិនអាចធ្វើការឱ្យគេបានពេញដៃពេញជើង។

នាងយ៉ាន ចិត្រា បានបន្តថា ក្រោយមក នាងបានជួបស្គាល់បុរសម្នាក់ ឈ្មោះពុធ លួងលោមសុំស្នេហ៍នាង រហូតដល់នាងបាក់ចិត្ត ដកមិនរួច សម្រេចចិត្តចុះចោលផ្ទះ ជម្នះពាក្យម្តាយ រត់តាមសង្សារ ទៅរួមរស់ជាមួយគេ នឹកស្មានថា មានសុភមង្គល ស្រាប់តែមួយរយៈចុងក្រោយ សង្សាររបស់នាង បានចេញទៅធ្វើការនៅខេត្តព្រះសីហនុ ដោយប្រាប់ថា ចាំគេផ្តល់លុយកាក់ឱ្យចាយវាយ ដឹងអីសង្សារហេងស៊យ ដោះដៃ ផ្តាច់ទំនាក់ទំនងជាមួយនាង សូម្បីតែនាងទូរស័ព្ទទៅសួរនាំ ក៏មិនព្រមលើក ហើយចុងក្រោយប្តូរលេខទូរស័ព្ទបាត់។

នារីខាងលើ បានបន្តថា តាំងពីត្រូវសង្សាររត់ចោលមក នាងត្រូវធ្លាក់ខ្លួនដើរតែលតោល គ្មានគោលដៅ ឥតទីពឹង គិតមកដល់សព្វថ្ងៃ មានរយៈពេល ៣ខែមកហើយ ដោយពេលខ្លះដើរសុំលុយគេ បាន ១ពាន់-២ពាន់រៀល គ្រាន់ទិញបាយទឹកហូប ជួនដាច់បាយក៏មាន។ សូម្បីតែទីជម្រកស្នាក់នៅ ក៏គ្មានពិតប្រាកដដែរ ដោយរាល់ថ្ងៃ នាងតែងដើរស្នាក់នៅឯនេះបន្តិច ឯនោះបន្តិច តែពេលចុងក្រោយនេះ នាងកំពុងស្នាក់នៅក្នុងសាលាបឋមសិ ក្សាកន្ទោក ស្ថិតនៅសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

នារីខាងលើ បានបន្ថែមថា ពេលនេះ នាងគ្មានលុយកាក់ ១រៀល ជាប់ខ្លួននោះទេ សូម្បីតែទូរស័ព្ទ ក៏គ្មានប្រើ និងថែមទាំងបាត់លេខទំនាក់ទំនងទៅម្តាយ និងអ៊ំស្រីរបស់នាងទៀត ហើយពេលនេះ ទើបនាងភ្ញាក់ខ្លួនដឹងកំហុស និងចង់សុំទោសម្តាយ និងអ៊ំស្រីរបស់នាង ដែលកន្លងមក នាងរឹងរូស មិនស្តាប់សម្តីម្តាយដែលណែនាំតម្រង់ផ្លូវ ទើបចុងក្រោយនាងដើរផ្លូវខុស មានតែទឹកភ្នែកជូតក្បាលជង្គង់ ព្រោះតែលង់ខ្លួនចាញ់បោកសង្សារ។នាង យ៉ាន ចិត្រា បានទួញយំផ្តាំទៅម្តាយថា “កូនសុំទោស កូនខុសហើយម៉ែ! កូនខុសហើយអ៊ំ សូមម៉ែ និងអ៊ំ មកយកកូនត្រឡប់ទៅផ្ទះវិញផង កូននឹកម៉ែណាស់…”៕ ដារិទ្ធ

RELATED ARTICLES