
ភ្នំពេញ ៖ អ្នកនយោបាយដែលមានប្រភពពីអតីតគណបក្សប្រឆាំង (អតីតគណបក្សសង្រ្គោះជាតិ) ដែលបច្ចុប្បន្នបានចូលរួមក្នុងគណបក្សថ្មី ឈ្មោះគណបក្សប្រជាធិបតេយ្យជឿនលឿន បានលើកឡើងថា ដើម្បីឱ្យមានតុល្យភាពនយោបាយ ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ នៅឆ្នាំ២០២៧ និងការបោះឆ្នោតថ្នាក់ជាតិ ជ្រើសតាំងតំណាងរាស្រ្ត នៅឆ្នាំ២០២៨ ខាងមុខ អ្នកប្រជាធិបតេយ្យ ត្រូវតែរួបរួមគ្នាឱ្យបាន ដើម្បីប្រកួតប្រជែងជាមួយគណបក្សកាន់អំណាច (គណបក្សប្រជាជនកម្ពុជា) ពោលគឺ «សាមគ្គីរស់ សាមគ្គីខ្លាំង» ហើយគណបក្សប្រជាធិបតេយ្យជឿនលឿន សង្ឃឹមជំនួសគណបក្សសង្គ្រោះជាតិ ដែលមានសំឡេងគាំទ្រប្រដមប្រសងនឹងគណបក្សកាន់អំណាច ក្នុងការបោះឆ្នោតកាលពីឆ្នាំ២០១៣។
លោក សួន សូរីដា អតីតតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ស្ពឺ នៃអតីតគណបក្សសង្រ្គោះជាតិ បច្ចុប្បន្នជាប្រធានក្រុមការងាររាជធានីភ្នំពេញ នៃគណបក្សប្រជាធិបតេយ្យជឿនលឿន ដែលមានលោកយ៉ែម បុញ្ញឫទ្ធិ ជាប្រធាន បានសរសេរនៅក្នុងគណនីនិងទំព័របណ្ដាញសង្គម ហ្វេសប៊ុក របស់លោក នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ថា “សាមគ្គីរស់ សាមគ្គីខ្លាំង! ដើម្បីឱ្យមានតុល្យភាពនយោបាយ ក្នុងការបោះឆ្នោត នៅឆ្នាំ២០២៧-២០២៨ខាងមុខ អ្នកប្រជាធិបតេយ្យ ត្រូវតែរួបរួមគ្នាឱ្យបាន“ ។

បន្ថែមលើសំណេរតាមបណ្ដាញសង្គម ខាងលើនេះ លោក សួន សូរីដា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៦ ថា ការរួបរួមនៃអ្នកប្រជាធិបតេយ្យ នាពេលបច្ចុប្បន្ននេះ ទោះបីជាមិនអាចឈ្នះគណបក្សប្រជាជនកម្ពុជា ក៏អាចទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋខ្មែរ មិនចាញ់គណបក្សសង្រ្គោះជាតិ កាលពីឆ្នាំ២០១៣ និង២០១៧ នោះទេ ។ ដូច្នេះលោកសង្ឃឹមថា ថ្នាក់ដឹកនាំនៃគណបក្សដែលបានបែកចេញពីអតីតគណបក្សសង្រ្គោះជាតិ អាចរួមគ្នាបាន នៅក្នុងការបោះឆ្នោត ឆ្នាំ២០២៧-២០២៨ ខាងមុខនេះ ។
លោក សួន សូរីដា បានមានប្រសាសន៍ថា “ហ្នឹងហើយ! អ្វីដែលជារឿងសំខាន់សម្រាប់អ្នកនយោបាយ ជាពិសេសគឺអ្នកប្រជាធិបតេយ្យហ្នឹង គឺការរួបរួមគ្នា ជាកម្លាំងនយោបាយមួយធំ ដែលអាចបង្កើតជាប៉ូលនយោបាយមួយ នៅក្នុងការប្រកួតប្រជែងក្នុងការបោះឆ្នោត នៅឆ្នាំ២០២៧-២០២៨ ខាងមុខនេះ ។ យើងដឹងហើយថា នៅក្នុងឆ្នាំ២០១៣ មានការរួបរួមនៃគណបក្សសិទ្ធិមនុស្ស និងគណបក្សសម រង្ស៊ី បង្កើតបានទៅជាគណបក្សសង្រ្គោះជាតិ ហ្នឹង មានការទទួលស្គាល់និងគាំទ្រយ៉ាងច្រើន ពីប្រជាពលរដ្ឋខ្មែរ ហើយនៅក្នុងការបោះឆ្នោត នៅឆ្នាំ២០១៣ នោះ គណបក្សសង្រ្គោះជាតិ បានទទួលនូវអាសនៈរដ្ឋសភា រហូតទៅដល់ ៥៥អាសនៈ ដែលជាចំនួនមួយដែលអាចប្រហាក់ប្រហែល កៀកទៅនឹងគណបក្សកាន់អំណាច ផងដែរ ហើយនៅឆ្នាំ២០១៧ ការបោះឆ្នោតឃុំ-សង្កាត់ នៅពេលនោះ គណបក្សសង្រ្គោះជាតិ ក៏បានមេឃុំនិងចៅសង្កាត់ រហូតដល់៤៩៨ ហើយយើងគិតថា ប្រសិនបើការរួបរួមនៃអ្នកប្រជាធិបតេយ្យ នាពេលបច្ចុប្បន្ននេះ ទោះបីជាមិនអាចឈ្នះគណបក្សប្រជាជន ក៏ពិតមែន ប៉ុន្តែខ្ញុំទទួលស្គាល់ថា នឹងអាចទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋខ្មែរ មិនឲ្យចាញ់នឹងសង្រ្គោះជាតិ កាលពីឆ្នាំ២០១៣ និង២០១៧ នោះទេ“ ។
លោកសួន សូរីដា បានមានប្រសាសន៍បន្តថា “សង្ឃឹមថា អ្នកប្រជាធិបតេយ្យ នៃគណបក្សដែលអតីតបងប្អូននៅក្នុងគណបក្សសង្រ្គោះជាតិ នេះ អាចនិយាយគ្នា អាចរកឲ្យមានការរួបរួមគ្នាបាន ពីព្រោះយើងម្នាក់ៗ សុទ្ធតែទទួលស្គាល់ថា ប្រសិនបើយើងនៅបែកគ្នា យើងមិនអាចទទួលបានការគាំទ្រពីសំណាក់ប្រជាពលរដ្ឋបានទេ ហើយក៏យើងមិនអាចក្លាយទៅជាប៉ូលនយោបាយមួយ នៅក្នុងការប្រកួតប្រជែងជាមួយគណបក្សកាន់អំណាច ក្នុងពេលសព្វថ្ងៃ ។ ដូច្នេះថ្នាក់ដឹកនាំនៃគណបក្សដែលបានបែកចេញពីគណបក្សសង្រ្គោះជាតិ ដែលជាអតីតបងប្អូនគ្នានេះ យើងឃើញដូច្នេះ ខ្ញុំមានក្ដីសង្ឃឹមថា ពួកយើងអាចរួមគ្នាបាន នៅក្នុងការបោះឆ្នោត ២០២៧-២០២៨ ខាងមុខនេះ“ ។

បន្ថែមពីលើការលើកឡើងរបស់លោក សួន សូរីដា ប្រធានក្រុមការងាររាជធានីភ្នំពេញ នៃគណបក្សប្រជាធិបតេយ្យជឿនលឿន ខាងលើនេះ លោក ប៉ោ មករា អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យជឿនលឿន បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ ថា បើនិយាយអំពីការធ្វើម៉េចឲ្យមានតុល្យភាពក្នុងការចូលរួមសកម្មភាពនយោបាយ វាហាក់ដូចជាមិនមែនត្រូវការតែមួយភាគី ឬក៏មួយគណបក្សនយោបាយទេ គឺត្រូវការគណបក្សនយោបាយ ជាគណបក្សប្រឆាំងក្រៅរដ្ឋាភិបាល ច្រើន ។ ដូច្នេះបើសិនជាអ្នកប្រជាធិបតេយ្យ គណបក្សប្រឆាំង ក្រៅរដ្ឋាភិបាលទាំងអស់ មិនមានការរួបរួម សហការគ្នាទេ អ្វីដែលជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ ហាក់ដូចជានៅឆ្ងាយ ពីព្រោះពួកគាត់មិនអាចទុកចិត្តទៅលើគណបក្សណាមួយដែលមើលទៅមានភាពរឹងមាំ ដែលអាចទៅប្រកួតប្រជែងជាមួយនឹងបក្សកាន់អំណាចបាន ។ មានន័យថា ការរួបរួមគ្នារឹងមាំ ការយល់អំពីចិត្តពលរដ្ឋម្ចាស់ឆ្នោត ជារឿងសំខាន់ណាស់ សម្រាប់អ្នកនយោបាយប្រជាធិបតេយ្យ ។
លោក ប៉ោ មករា បានមានប្រសាសន៍ថា “បាទ! ពាក់ព័ន្ធទៅនឹងបញ្ហាតុល្យភាពនយោបាយ តុល្យភាពនៃការចូលរួមសកម្មភាពនយោបាយ គ្រប់និន្នាការគណបក្សនយោបាយ គ្រប់គណបក្សនយោបាយនៅក្នុងសង្គមប្រជាធិបតេយ្យ ទៅបានហ្នឹង គឺយើងមើលទិដ្ឋភាពពាក់ព័ន្ធទៅនឹងបញ្ហាសង្គមរបស់យើង ។ នៅក្នុងវប្បធម៌នយោបាយរបស់សង្គមយើង យើងឃើញហើយថា អ្វីដែលជាការប្រឈមហ្នឹង ពាក់ព័ន្ធនឹងបញ្ហារឹតត្បិតនៃសកម្មភាពនៃការចូលរួមពាក់ព័ន្ធទៅនឹងបញ្ហានយោបាយ ការចូលរួមជីវភាពនយោបាយជាមួយនឹងគណបក្សប្រឆាំង ជាមួយនឹងសកម្មភាពពាក់ព័ន្ធទៅនឹងរឿងការពារធនធានធម្មជាតិ ក៏ដូចជាសកម្មជនសង្គមផ្សេងៗ សុទ្ធសឹងតែមានការរឹតត្បិត ។ ដូច្នេះខ្ញុំគិតថា បើយើងនិយាយអំពីពាក់ព័ន្ធទៅនឹងការធ្វើម៉េចឲ្យមានតុល្យភាពក្នុងការចូលរួមសកម្មភាពនយោបាយហ្នឹង វាហាក់ដូចជាមិនមែនត្រូវការតែមួយភាគី ឬក៏មួយគណបក្សនយោបាយ តែប៉ុណ្ណឹងទេ ។ អ៊ីចឹងត្រូវការគណបក្សនយោបាយជាគណបក្សប្រឆាំងក្រៅរដ្ឋាភិបាលហ្នឹងច្រើន ជាពលរដ្ឋសកម្មទាំងឡាយដែលធ្វើការពាក់ព័ន្ធទៅនឹងផលប្រយោជន៍សង្គម ផលប្រយោជន៍ជាតិទាំងមូល“ ។
លោក ប៉ោ មករា បានមានប្រសាសន៍បន្តថា “ដូច្នេះកាលណាយើងនិយាយអំពីតុល្យភាពនៃសកម្មភាពនយោបាយ តុល្យភាពនយោបាយក្នុងការបោះឆ្នោតហ្នឹង យើងមើលទិដ្ឋភាពសង្គមរបស់យើងគ្រប់ជ្រុងជ្រោយ តើសិទ្ធិសេរីភាពនៃការបញ្ចេញមតិ សិទ្ធិសេរីភាពនៃការចូលរួមជីវភាពនយោបាយ សិទ្ធិសេរីភាពពាក់ព័ន្ធទៅនឹងបញ្ហាសារព័ត៌មានហ្នឹង តើស្ថានភាពបច្ចុប្បន្ន ស្ថិតនៅក្នុងកម្រិតណា? អ៊ីចឹងសង្កេតទូទៅ តាមរបាយការណ៍របស់អង្គការ NGO មួយចំនួនហ្នឹង យើងឃើញស្ថានភាពហាក់បីដូចជាមានការរឹតត្បិត ហាក់បីដូចជាតូចចង្អៀតសម្រាប់អ្នកធ្វើការងារពាក់ព័ន្ធនឹងបញ្ហាសង្គម ជាពិសេសគឺគណបក្សប្រឆាំង គណបក្សក្រៅរដ្ឋាភិបាលតែម្ដង ។ អ៊ីចឹងបើយើងនិយាយអំពីការធានាពាក់ព័ន្ធទៅនឹងតុល្យភាពនៃការចូលរួមគ្រប់បណ្ដាគណបក្សនយោបាយ ជាពិសេសគឺគណបក្សប្រឆាំង យើងមើលទិដ្ឋភាពជារួម អ្វីដែលជាកូនសោសំខាន់ហ្នឹង គឺយើងមើលទៅលើទិដ្ឋភាពរបស់រដ្ឋាភិបាលផ្ទាល់ បក្សកាន់អំណាច ថាតើនៅពេលដែលមុនបោះឆ្នោត នៅពេលក្នុងបោះឆ្នោត ក្រោយបោះឆ្នោត ជាពិសេសគឺនៅមុនពេលដែលរាល់គណបក្សនយោបាយ ឬក៏គណបក្សប្រឆាំងដែលគាត់ធ្វើសកម្មភាពហ្នឹង តើត្រូវបានរឹតត្បិតពាក់ព័ន្ធទៅនឹងការចូលរួម ពាក់ព័ន្ធទៅនឹងសកម្មភាពរបស់គាត់ពីរឿងការផ្សព្វផ្សាយ ពីរឿងធ្វើសកម្មភាពនៅមូលដ្ឋានហ្នឹង តើមានរឹតត្បិតឬអត់? អ៊ីចឹងបើសិនជាបញ្ហានេះ ជាបញ្ហាដែលមានការបើកលំហ មានការធ្វើម៉េចឲ្យមានការចូលរួមពេញលេញ ខ្ញុំគិតថា អាហ្នឹងវាអាចធានាទៅដល់តុល្យភាពនៃការចូលរួមរបស់និន្នាការនយោបាយ ពាក់ព័ន្ធនឹងបក្សប្រឆាំង ដែលធ្វើសកម្មភាពពីរឿងការឃោសនារបស់គាត់ផ្ទាល់ ។ ប៉ុន្តែបើយើងមើលត្រលប់មកវិញ វាហាក់ដូចជាផ្ទុយពីអ្វីដែលមានចែងនៅក្នុងច្បាប់ ច្បាប់គណបក្សនយោបាយ ច្បាប់ពាក់ព័ន្ធទៅនឹងសិទ្ធិសេរីភាពនៅក្នុងរដ្ឋធម្មនុញ្ញ ។ អ៊ីចឹងបញ្ហាទាំងអស់នេះ ហាក់បីដូចជាដើរធាក់ថយក្រោយវិញ ចំពោះដំណើរការនៃប្រជាធិបតេយ្យ ធ្វើឲ្យមានការរស់រវើក និងពេញលេញ“ ។

លោក ប៉ោ មករា បានមានប្រសាសន៍បន្តទៀតថា “ពាក់ព័ន្ធទៅនឹងសំណួរថា តើអ្នកប្រជាធិបតេយ្យហ្នឹង ត្រូវតែរួមគ្នាអត់? ហើយជាទិដ្ឋភាពយើងឃើញហើយ អ្វីដែលខ្ញុំកត់សម្គាល់ ការស្រេកឃ្លានរបស់ប្រជាពលរដ្ឋហ្នឹង គឺចង់ឃើញអ្នកនយោបាយ ចង់ឃើញអ្នកប្រជាធិបតេយ្យហ្នឹង មានការរួបរួមគ្នា ដើម្បីប្រកួតប្រជែងជាមួយគណបក្សកាន់អំណាចហ្នឹង ។ អ៊ីចឹងការធ្វើនយោបាយ យើងដឹងហើយថា យើងធ្វើដើម្បីយកប្រជាប្រិយភាព យើងធ្វើដើម្បីទាក់ទាញសន្ដានចិត្ត ក៏ដូចទាក់ទាញបេះដូងរបស់ប្រជាពលរដ្ឋ ។ អ៊ីចឹងទេ ខ្ញុំមើលឃើញថា បើសិនជាអ្នកប្រជាធិបតេយ្យ គណបក្សប្រឆាំង ក្រៅរដ្ឋាភិបាលទាំងអស់ មិនមានការរួបរួម មិនមានការសហការគ្នាទេ អ្វីដែលជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ ហាក់ដូចជានៅឆ្ងាយ ពីព្រោះពួកគាត់មិនអាចទុកចិត្តទៅលើគណបក្សណាមួយដែលមើលទៅមានភាពរឹងមាំ ដែលអាចទៅប្រកួតប្រជែងជាមួយនឹងបក្សកាន់អំណាចបាន ។ អ៊ីចឹងការរួបរួមគ្នា ការឈរឲ្យរឹងមាំ ការសហការជាមួយគ្នា ក៏ដូចជាយល់អំពីចិត្តបងប្អូនប្រជាពលរដ្ឋ អ្នកម្ចាស់ឆ្នោតហ្នឹង វាជារឿងសំខាន់ណាស់សម្រាប់អ្នកនយោបាយប្រជាធិបតេយ្យ“ ។
លោក ប៉ោ មករា បានមានប្រសាសន៍បន្ថែមថា “អ៊ីចឹងខ្ញុំមើលឃើញថា ទម្រង់នៃការរួបរួមគ្នា ទម្រង់នៃការស្រុះស្រួលរវាងអ្នកប្រជាធិបតេយ្យ បក្សក្រៅរដ្ឋាភិបាល ដែលមាននិន្នាការប្រជាធិបតេយ្យហ្នឹង ខ្ញុំគិតថា មានទម្រង់ច្រើន ប៉ុន្តែខ្ញុំឃើញចំណុចសំខាន់ពីរបី ។ ទី១ ពាក់ព័ន្ធនឹងការចងសម្ព័ន្ធគ្នារវាងគណបក្សអ្នកប្រជាធិបតេយ្យហ្នឹង អាហ្នឹងជាចំណុចសំខាន់ ហើយអ្វីដែលកន្លងមកហ្នឹង គឺក្នុងនាមជាគណបក្សប្រជាធិបតេយ្យជឿនលឿន បានអនុវត្តនិងបានធ្វើ និងបានកៀងគរក្នុងនាមជាគណបក្សក្រៅរដ្ឋាភិបាល ដើម្បីឲ្យអ្នកប្រជាធិបតេយ្យនៃគណបក្សប្រឆាំងទាំងអស់ហ្នឹង មានការរួបរួមគ្នា ចងសម្ព័ន្ធគ្នា ដើម្បីមានសំឡេងមួយ ដែលជាសំឡេងអាចប្រកួតប្រជែងនឹងបក្សកាន់អំណាចបាន ។ ទម្រង់មួយទៀត គឺរបៀបសហការគ្នា អ៊ីចឹងយ៉ាងហោចណាស់ក៏យើងមិនអាចទៅទិតៀនគ្នា យើងមិនអាចទៅលាបពណ៌គ្នា យើងមិនអាចទៅមួលបង្កាច់គ្នា ក្នុងទម្រង់ជាអ្នកប្រជាធិបតេយ្យ ។ អ៊ីចឹងយើងប្រកួតប្រជែង យើងធ្វើសហការគ្នា ដើម្បីធ្វើម៉េចឲ្យមានការទាក់ទាញគ្នា ការចាប់អារម្មណ៍របស់មហាជនទូទៅ ។ នេះអ្វីដែលជាគោលសំខាន់ និងជាចំណុចពិសេសរបស់គណបក្សប្រជាធិបតេយ្យជឿនលឿនហ្នឹង គឺពាក់ព័ន្ធទៅនឹងការមានគោលការណ៍ និងមានបាវចនារបស់ខ្លួនហ្នឹង គឺមានបី ។ ទី១ គឺពាក់ព័ន្ធទៅនឹងបញ្ហានីតិរដ្ឋ ការពង្រឹងនីតិរដ្ឋ ការស្ដារនីតិរដ្ឋ ការធ្វើឲ្យប្រព័ន្ធច្បាប់ហ្នឹងរឹង ។ ទី២ ពាក់ព័ន្ធទៅនឹងរឿងធ្វើឲ្យមានសាមគ្គីភាព មានន័យថា ភាតរភាពរវាងខ្មែរនិងខ្មែរ រវាងអ្នកនយោបាយ រវាងពលរដ្ឋទូទៅ ។ នេះជាចំណុចសំខាន់មួយដែរ ហើយមួយទៀតហ្នឹង ពាក់ព័ន្ធទៅនឹងការធានាទៅដល់វឌ្ឍនភាពនៃការអភិវឌ្ឍទាំងសេដ្ឋកិច្ច ទាំងវប្បធម៌ ប្រពៃណី ឲ្យមានវឌ្ឍនភាព ឲ្យមានការរីកចម្រើន កាន់តែស្ថិតស្ថេរ អមតៈ“ ៕ កុលបុត្រ