ភ្នំពេញ ៖ ក្នុងយុទ្ធនាការបោសសម្អាតបទល្មើសបច្ចេកវិទ្យា ទូទាំងប្រទេស គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បានបន្តបើកប្រតិបត្តិការនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ ដោយបានឃាត់ខ្លួនជនបរទេស សរុបចំនួន៧៥នាក់ ដែលសង្ស័យមានការពាក់ព័ន្ធនឹងអំពើច្បាប់ហាមឃាត់ ក្នុងនោះសង្ស័យមានការលបលួចធ្វើ សកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងស្នាក់នៅដោយខុសច្បាប់ ។

ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានចុះអនុវត្តវិធានការរដ្ឋបាល ក្នុងភូមិសាស្ត្រខណ្ឌចំនួន២ គឺ១-ទីតាំងសណ្ឋាគារ សេវេន ហេវិន ស្ថិតក្នុងខណ្ឌ៧មករា ដោយឃាត់ខ្លួនបានមនុស្ស ចំនួន៣៩នាក់ (ជនជាតិប៉ាគីស្ថាន ២៦នាក់ ជនជាតិឥណ្ឌា ១១នាក់ និងជនជាតិបង់ក្លាដែស ២នាក់) និងទី២-ទីតាំងផ្ទះសំណាក់ C8 ស្ថិតនៅខណ្ឌសែនសុខ ឃាត់ខ្លួនបាន ៣៦នាក់ (ជនជាតិឥណ្ឌា ២៥នាក់ (ស្ត្រី៤នាក់) និងជនជាតិបង់ក្លាដែស ១១ នាក់)។
ការចុះបង្ក្រាបនេះ ធ្វើឡើងស្របតាមខ្លឹមសារនៃអនុក្រឹត្យលេខ ០៣ របស់រាជរដ្ឋាភិបាល ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាព តាមទីតាំងរស់នៅប្រមូលផ្តុំ និងជាផ្នែកមួយនៃយុទ្ធនាការថ្នាក់ជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។

គួររំលឹកថា ក្នុងប្រតិបត្តិការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅទូទាំងប្រទេស ក្នុងរយៈពេលមួយសប្តាហ៍ចុងក្រោយនេះ ចាប់ពីចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ សមត្ថកិច្ចបានចុះប្រតិបត្តិការបង្ក្រាប បាន៤ទីតាំង នៅរាជធានីភ្នំពេញ ចំនួន២កន្លែង និងខេត្តបាត់ដំបង ២កន្លែង ឃាត់ខ្លួនជនសង្ស័យសរុប ១២៣នាក់ (ស្ត្រី៩នាក់) ក្នុងនោះជនជាតិចិន ៤៦នាក់ (ស្ត្រី៤នាក់) ស្ត្រីជនជាតិឡាវ ១នាក់ ឥណ្ឌា ៣៦នាក់ (ស្ត្រី៤នាក់) បង់ក្លាដែស ១៣នាក់ និងប៉ាគីស្ថាន ២៧នាក់។
លេខាធិការដ្ឋានបានលើកឡើងថា ចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប) បានបញ្ជាក់ថា គិតពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៦ បង្ក្រាបសរុបបាន ១៤ទីតាំង នៅរាជធានីភ្នំ ពេញ បាត់ដំបង សៀមរាប ដោយឃាត់ខ្លួនជនសង្ស័យ សរុប១៦២នាក់ ក្នុងនោះជនជាតិចិន ៥០នាក់ កូរ៉េខាង ត្បូង ៣២នាក់ ឡាវ ១នាក់ ឥណ្ឌា ៣៦នាក់ (ស្ត្រី៤នាក់) បង់ក្លាដែស ១៣នាក់ ប៉ាគីស្ថាន ២៧នាក់ និងនេប៉ាល់ ៣នាក់។ ដោយឡែក សំណុំរឿងជនជាតិនេប៉ាល់ ៣នាក់នេះ កំពុងស្ថិតក្នុងនីតិវិធីតុលាការ ដោយសាលាដំបូងខេត្តសៀមរាប បានចេញដីកាឃុំខ្លួនបណ្តោះអាសន្ន រង់ចាំការអនុវត្តនីតិវិធីតាមច្បាប់។

សូមបញ្ជាក់ថា ក្នុងក្របខ័ណ្ឌយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ សមត្ថកិច្ចចម្រុះ ទូ ទាំងប្រទេស នឹងចាត់វិធានការតាមផ្លូវច្បាប់ យ៉ាងតឹងរ៉ឹងបំផុតចំពោះមេខ្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ដោយគ្មាន ការលើកលែងឡើយ៕