Monday, January 19, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមប្តីប្រពន្ធឈ្លោះគ្នា ដុតផ្ទះគេចោល

ប្តីប្រពន្ធឈ្លោះគ្នា ដុតផ្ទះគេចោល

ភ្នំពេញ ៖ ជនអនាថា ២នាក់ប្តីប្រពន្ធ បានចូលមកស្នាក់នៅក្នុងផ្ទះទុកចោល ១កន្លែង លុះក្រោយមក ពេលកើតមានជម្លោះពាក្យសម្តី ស្រាប់តែបែកគំនិតដុតផ្ទះចោល រួចនាំគ្នារត់គេចខ្លួនបាត់អស់ ទុកឱ្យភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្បែរខាង រាយការណ៍ប្រាប់សមត្ថកិច្ច ទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យ ចេញជួយអន្តរាគមន៍ភ្លាមៗ។

ហេតុការណ៍នេះ បានកើតឡើងកាលពីនៅវេលាម៉ោង ៨និង៥០នាទីយប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៦ ស្ថិតនៅចំណុចដីឡូត៍ លេខ៧២ ផ្លូវលេខ៦៦២ ក្រុម០១ ភូមិ០១ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការ ពន្លត់អគ្គិភ័យនិងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា លោកបានដឹកនាំបញ្ជាផ្ទាល់ ដល់កងកម្លាំងសមត្ថកិច្ចជំនាញ ឱ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗ។លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន២គ្រឿង របស់ការិយាល័យរាជធានីភ្នំពេញ ប្រើប្រាស់ទឹកអស់ ០៣ឡាន ស្មើនឹង ១២ម៉ែត្រគូប។

ចំពោះសំណង់រងគ្រោះ គឺជាប្រភេទថ្មបេតុង ៣ល្វែង ទំហំ ១៥ម៉ែត្រ គុណនឹង ២៥ម៉ែត្រ ឆេះខូចខាតសម្ភារៈ គំនរសំរាមដែលទុកចោល តែពុំបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។ ករណីខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញពន្លត់ចប់ នៅវេលាម៉ោង ៩និង៣០នាទីយប់ ថ្ងៃដដែល។

លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានឱ្យដឹងថា ហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថ កិច្ចជំនាញ បានធ្វើការស្រាវជ្រាវរកឃើញថា មូលហេតុបណ្តាលមកពីជនអនាថា ២នាក់ប្តីប្រពន្ធ ឈ្លោះប្រកែកគ្នា ហើយដុតផ្ទះខាងលើចោល ធ្វើឱ្យកើតជាអគ្គិភ័យតែម្តង។ ករណីខាងលើនេះ មិនបានបណ្តាលឱ្យមានអ្នក ណាម្នាក់រងរបួសនោះឡើយ៕

RELATED ARTICLES