ខេត្តកំពង់ស្ពឺ ៖ យុវសិស្ស ចំនួន២ក្រុម បាននាំគ្នាធ្វើសកម្មភាពជិះម៉ូតូបង្ហោះ តាមដងផ្លូវ យ៉ាងអនាធិបតេយ្យ និងថែមទាំងបានថតវីដេអូ បង្ហោះតាមបណ្តាញសង្គម អួតគេឯងទៀត ទីបំផុត ត្រូវកម្លាំងសមត្ថកិច្ចស្រាវជ្រាវ ឃាត់ខ្លួន ចំនួន៥នាក់ យកមកធ្វើការអប់រំណែនាំ និងកោរសក់ជាការព្រមាន។

យោងតាមប្រភពស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹង កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ថា លោក វរសេនីយ៍ឯក ចន សុភីត អធិការនគរបាលស្រុកបសេដ្ឋ បានឱ្យផ្នែកព្រហ្មទណ្ឌស្រុក សហការចុះស្រាវជ្រាវករណីក្រុមក្មេងទំនើងដែលធ្វើសកម្មភាពជិះម៉ូតូបង្ហោះតាមបណ្តោយផ្លូវជាតិលេខ៣ រួចបានថតយកមកបង្ហោះក្នុងបណ្តាញសង្គម ហ្វេសប៊ុក ជាសាធារណៈ ដែលធ្វើឱ្យមហាជនមានការងឿងឆ្ងល់ថា តើពួកគេ ជាសិស្សសាលាដែលទទួលបានការសិក្សាអប់រំដែរឬទេ? ឬមួយឪពុកម្តាយបានប្រៀនប្រដៅអប់រំទូន្មានដែរឬទេ? ដែលខំរកស៊ី ធ្វើការ យកប្រាក់មកទិញម៉ូតូ ឲ្យកូនជិះ ដើម្បីធ្វើសកម្មភាពបង្កអនាធិបតេយ្យតាមដងផ្លូវសាធារណៈ និងទីកន្លែងផ្សេងទៀត។

ដើម្បីដោះស្រាយបញ្ហាចម្ងល់ទាំងនេះ កម្លាំងអធិការស្រុកបសេដ្ឋ បានឃាត់ក្រុមក្មេងទំនើងបង្ហោះម៉ូតូ តាមផ្លូវសាធារណៈ ផ្លូវជាតិលេខ៣ ចន្លោះបង្គោលគីឡូម៉ែត្រលេខ៥៨-៥៩ ក្នុងភូមិព្រៃស្រឡែង និងភូមិត្រពាំងទន្លាប់ ស្ថិតក្នុងឃុំទួលអម្ពិល ស្រុកបសេដ្ឋ បានចំនួន ២ក្រុម មានចំនួន៥នាក់ រួមមាន ៖
-ក្រុមទី១ មានគ្នា២នាក់ ១-ឈ្មោះសូ សុងលី ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិទឹកថ្លា ឃុំភារីមានជ័យ ស្រុក បសេដ្ឋ (ជាអ្នក បង្ហោះម៉ូតូ) និង២-ឈ្មោះអ៊ូ គង្គារស្មីសូរិយា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិទឹកថ្លា ឃុំភារីមានជ័យ ស្រុកបសេដ្ឋ (ជាអ្នកជួយលើកកាងម៉ូតូ ជំនួយក្នុងការបង្ហោះ)។
-ក្រុមទី២ មានគ្នា៣នាក់ ១-ឈ្មោះឃី សុខថេត ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិទឹកថ្លា ឃុំភារីមានជ័យ ស្រុកបសេដ្ឋ (ជាអ្នក បង្ហោះម៉ូតូ)។ ២-ឈ្មោះហួង ផានិត ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិទឹកថ្លា ឃុំភារីមានជ័យ ស្រុកបសេដ្ឋ (ជាអ្នកជួយលើកកាងម៉ូតូជំនួយក្នុងកាបង្ហោះ) និង៣-ឈ្មោះហឿង ប៊ុនថៃ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិទឹកថ្លា ឃុំភារីមានជ័យ ស្រុកបសេដ្ឋ (ជាម្ចាស់ម៉ូតូ ឱ្យគេយកទៅបង្ហោះ)។

យោងតាមចម្លើយ ក្រុមក្មេងទំនើង ទាំង២ក្រុម បានបញ្ជាក់ថា មកពីពួកគេមានឱកាសក្នុងការបញ្ចេញ សមត្ថភាពដ៏អស្ចារ្យ សមនឹងមធ្យោបាយទំនើបដែលជាលុយកាក់ញើសឈាមផ្ទាល់ខ្លួនរបស់ឪពុកម្តាយ ដែលបានខំខ្ចីបុលពីធនាគារឯកជន មកទិញ ដើម្បីលម្អបេះដូងកូន ទើបកូនសងគុណលោកវិញ។
ជាក់ស្តែងសមត្ថកិច្ចបានដកហូតម៉ូតូធ្វើសកម្មភាព ចំនួន៣គ្រឿង រួមមាន ១-ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ឆ្នាំផលិត២០២៥ ពាក់ស្លាកលេខ ភ្នំពេញ 1AA-7485។ ២-ម៉ាកហុងដា ឌ្រីម សេ១២៥ ឆ្នាំផលិត២០២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1LL-0663។ ៣-ម៉ាកហុងដា ឌ្រីម សេ១២៥ ពណ៌ខ្មៅ ឆ្នាំផលិត២០២៦ ពាក់ស្លាកលេខ ភ្នំពេញ 1LX-2054។

គោលការណ៍អភិបាលខេត្តកំពង់ស្ពឺ ករណីក្មេងទំនើងដែលសមត្ថកិច្ចឃាត់ខ្លួនបាន (១) អញ្ជើញឪពុកម្តាយ ឬអាណាព្យាបាលមក ធ្វើកិច្ចសន្យាអប់រំចំពោះមុខកូន (២) កោរសក់ក្បាល និងឱ្យធ្វើពលកម្មអនាម័យនៅអង្គភាព និងផ្លូវសាធារណៈ (៣) ដកហូតយកមធ្យោបាយ ម៉ូតូ មករក្សាទុករយៈពេល ៩០ថ្ងៃ ឬ១៨០ថ្ងៃ បើមិនពាក់ព័ន្ធនឹងករណីព្រហ្មទណ្ឌ ឬករណីអ្វីមួយក្រៅពីករណីខាងលើ៕