Friday, January 23, 2026
Homeព័ត៌មានជាតិអ្នកស្រុកអង្គរ ប្រារព្ធពិធីបុណ្យឡើងអ្នកតា

អ្នកស្រុកអង្គរ ប្រារព្ធពិធីបុណ្យឡើងអ្នកតា

ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋរស់នៅតំបន់អង្គរ តែប្រារព្ធពិធីបុណ្យឡើងមាឃ (ឡើងអ្នកតា) តាមទំនៀមទម្លាប់ នៅរៀងរាល់ថ្ងៃ ៣កើត ខែមាឃ ដែលនៅឆ្នាំនេះ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៦ ប្រជាពលរដ្ឋរស់នៅតំបន់អង្គរ បានរៀបចំប្រារព្ធពិធីបុណ្យឡើងមាឃ នៅតាមខ្ទមអ្នកតាក្នុងភូមិ តាមប្រាសាទ សាលាឆទាន ឬទីសក្ការបូជា នៅក្នុងភូមិនីមួយៗ។

ក្រុមការងារផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា បានចុះយកព័ត៌មាន ផ្តិតរូបភាពនិងវីដេអូ នៅភូមិនគរក្រៅ ប្រា សាទអង្គរវត្ត និងប្រាសាទវត្តអធ្វារ។ អ្នកស្រុកនៅភូមិនគរក្រៅ រៀបចំពិធីនេះ នៅទួលអ្នកតា គង់។ រីឯនៅប្រាសាទអង្គរវត្ត រៀបចំចំពោះតារាជ នៅបរិវេណ ទល់មុខគុកតារាជ។

ចំពោះប្រាសាទវត្តអធ្វារ អ្នកភូមិតែងប្រារព្ធកិច្ចពិធីនេះ នៅទីតាំងបី ផ្សេងគ្នា ទី១-នៅលើប្រាសាទ ទី២-នៅទួលដូនប៉ុក និងទី៣- នៅទួលតាមឿង។

គ្រឿងសំណែននៅក្នុងកិច្ចពិធីនេះ គឺក្នុងរូបភាពតូចឬធំ ទៅតាមសហគមន៍នីមួយៗ ក្នុងនោះមុខម្ហូបដែលគេមិនអាចចោលបាន មានដូចជា ក្បាលជ្រូក មាន់ នំបញ្ចុក បារី ស្រា ទៀន ធូប បាយសី ស្លាធម៌ ម្ហូបអាហារ បង្អែម ភេសជ្ជៈ ជាដើម។

សូមជម្រាបថា កិច្ចពិធីឡើងមាឃ មានប្រវត្តិយូរលង់មកហើយ ដែលអ្នកស្រុកអង្គរ តែងធ្វើជាទៀងទាត់ នៅរដូវក្រោយច្រូតកាត់ ដែលបញ្ជាក់ថា វដ្តរដូវកសិកម្ម បានបញ្ចប់ហើយ។ កិច្ចពិធីនេះ អ្នកស្រុកក៏បានស្នើសុំអ្នកតាដែលជាម្ចាស់ស្រុក សូមជួយថែរក្សាដល់អ្នកភូមិ ឱ្យសុខ សប្បាយ ចៀសឆ្ងាយពីជំងឺនានា និងសុំឱ្យមានភ្លៀងធ្លាក់គ្រប់គ្រាន់ នារដូវកសិកម្មបន្ទាប់៕

RELATED ARTICLES