Saturday, January 24, 2026
Homeសន្ដិសុខសង្គមសន្តិសុខសង្គមអត់លុយបង់រំលស់ម៉ូតូ ធ្វើចោរ ជាប់ខ្នោះ

អត់លុយបង់រំលស់ម៉ូតូ ធ្វើចោរ ជាប់ខ្នោះ

ខេត្តកណ្តាល ៖ បុគ្គលិករោងចក្រម្នាក់ អត់មានលុយបង់រំលស់ម៉ូតូ បែកគំនិតលួច Tablet និងកុំព្យូទ័រយួរដៃ ឬឡែបថប (Laptop) របស់ក្រុមហ៊ុន ជាបន្តបន្ទាប់ ចុងក្រោយត្រូវក្រុមហ៊ុនស្រាវជ្រាវដឹង តាមរយៈកាមេរ៉ាសុវត្ថិភាព ក៏ប្តឹងសមត្ថកិច្ច ចាប់វាយខ្នោះ នាំយកទៅចាត់ការតាមច្បាប់។

ការឃាត់ខ្លួនជនសង្ស័យនេះ បានធ្វើឡើងកាលពីវេលាម៉ោង ៩ព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ នៅចំណុចរោងចក្រ EVERLURS CO.LTD ស្ថិតក្នុងភូមិអន្លង់រមៀតខាងលិច ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង។

ជនសង្ស័យដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន មានឈ្មោះ ហម រស្មី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបុគ្គលិករោងចក្រ EVERLURS CO.LTD ស្នាក់នៅផ្ទះជួលភូមិក្រាំងទ្រា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ចំណែកតំណាងក្រុមហ៊ុន ដែលជាដើមបណ្តឹង មានឈ្មោះ ខន គឹមហួរ ភេទប្រុស អាយុ២៨ឆ្នាំ។ ចំពោះវត្ថុតាងដែលដកហូតបាន រួមមាន កុំព្យូទ័រយួរដៃ (Laptop) ១គ្រឿង ម៉ាក Lenovo (ជារបស់ក្រុមហ៊ុន) និងទូរស័ព្ទដៃ ១គ្រឿង ម៉ាក iPhone X (ជារបស់ជនសង្ស័យ)។ រីឯសម្ភារៈដែលបាត់បង់ រួមមាន  Tablet  ម៉ាក Lenovo ចំនួន៤គ្រឿង។

តាមប្រភពសមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៦ ជនរងគ្រោះបានរាយការណ៍ប្រាប់សមត្ថកិច្ចថា មានគេលួចសម្ភារៈនៅក្នុងឃ្លាំងរោងចក្រ EVERLURS CO.LTD ស្ថិតក្នុងភូមិអន្លង់រមៀតខាងលិច ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង។ ក្រោយមក កម្លាំងជំនាញបានសហការស្រាវជ្រាវតាមរយៈកាមេរ៉ាសុវត្ថិ ភាព រហូតដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ ក៏កំណត់មុខសញ្ញាបាន និងឈានដល់ការឃាត់ខ្លួនជនសង្ស័យយកមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ ហម រស្មី បានឆ្លើយសារភាពថា កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៥ ខ្លួនបានលួចយក Tablet ចំនួន៤គ្រឿង ពីក្នុងឃ្លាំង យកទៅលក់នៅម្តុំស្ពានអាកាសចោមចៅ បានប្រាក់២០០ ដុល្លារ ដើម្បីយកទៅបង់រំលស់ម៉ូតូ។ លុះដល់ថ្ងៃទី១៤ មករា ២០២៦ ខ្លួនបានយក Laptop របស់ក្រុមហ៊ុន ១ គ្រឿងទៀត ទៅដាក់បញ្ចាំនៅផ្សារកំពង់កន្ទួតបានប្រាក់ ៣០ដុល្លារ។

ជនសង្ស័យខាងលើ រួមនិងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

RELATED ARTICLES