ភ្នំពេញ ៖ វីរកងទ័ពជួររមុខម្នាក់ ឈរជើងនៅទិសព្រះវិហារ អំឡុងពេលប្រយុទ្ធជាមួយកងទ័ពថៃ កាលពីថ្ងៃទី៧ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ កន្លងទៅនេះ មិនមានរបួសអ្វីទេ តែដោយគាត់សារមានជំងឺទឹកនោមផ្អែម ធ្វើទុក្ខខ្លាំង ព្រមទាំងត្រូវផ្សែងពុលរបស់ថៃ ផង ពេលនេះ គាត់ត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ ក្នុងរាជធានីភ្នំពេញ ហើយកូនស្រីបានប្រកាសសុំជំនួយបន្ទាន់ ដើម្បីដោះស្រាយការខ្វះខាតក្នុងជីវភាព ព្រោះគ្រូពេទ្យ បា្រប់ថា ជើងស្ដាំរបស់អ្នកជំងឺ ហើមខ្លាំង ក្លាយជាដំបៅ ទោះបីបានវះចៀរយកសាច់ដែលហើមនោះចេញហើយក៏ដោយ ក៏ត្រូវការពិនិត្យតាមដាន និងព្យាបាល រយៈពេលយូរ ។

វីរកងទ័ពដែលកំពុងឈឺធ្ងន់ ដេកពេទ្យនេះ មានឈ្មោះ ហ៊ាន សម្បត្តិ អាយុ៦១ឆ្នាំ ឋានន្តរស័ក្ដិវរសេនីយ៍ឯក (ស័ក្ដិ៥) ប្រចាំការនៅអង្គភាពទីចាត់ការបច្ចេកទេស ផ្នែកបច្ចេកទេសអាវុធគ្រាប់ មានបទពិសោធន៍បម្រើការជាយោធាផ្នែកជំនាញនេះ អស់រយៈពេលជាង៣០ឆ្នាំ ។ នៅពេលមានសង្រ្គាមជាមូយថៃ ទាំងពីរលើក គាត់ត្រូវអង្គភាពបញ្ជូនទៅសមរភូមិមុខ ភូមិភាគ៤ ទិសព្រះវិហារ ។ គាត់មានលំនៅសព្វថ្ងៃ ភូមិរោងដំរី ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង ។ មានភរិយា ឈ្មោះ ឆាវ សាវឿន អាយុ៥៨ឆ្នាំ មានជំងឺសន្លាក់ និងរោគស្រ្តី ។ គាត់មានកូន ចំនួន៤នាក់ (សុទ្ធតែស្រី និងមានគ្រួសារអស់ហើយ) ។
អ្នកស្រី ហ៊ាន ស្រីណា អាយុ២៥ឆ្នាំ ត្រូវជាកូនស្រីពៅ របស់លោកស័ក្ដិ៥ ហ៊ាន សម្បតិ្ត បានបា្រប់ «នគរធំ» នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ ថា ក្រោយបទឈប់បាញ់ ចូលជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ឪពុករបស់នាង ជាវីរកងទ័ពជួរមុខ ប្រចាំការនៅទិសសមរភូមិខេត្តព្រះវិហារ មិនបានមកវិលត្រលប់មកលេងផ្ទះ ជួបជុំប្រពន្ធកូន ក្រុមគ្រួសារទេ ហើយក៏មិនបានទៅមន្ទីរពេទ្យ ដើម្បីពិនិត្យសុខភាពភ្លាមៗដែរ គឺនៅគាត់បន្តឈរជើងនៅសមរភូមិ ជាមួយយុទ្ធមិត្តដទៃទៀត ហើយគាត់គិតថា ខ្លួនឯងមិនកើតអីនោះទេ បើទោះបីគាត់មានជំងឺប្រចាំកាយ (ជំងឺទឹកនោមផ្អែម) អស់រយៈពេលជិត ១០ឆ្នាំហើយក៏ដោយ ក៏គាត់នៅមានកម្លាំងមាំមួន និងស្មារតីរឹងប៉ឹង នឹងន អាចចូលសមរភូមិប្រយុទ្ធបាន ។ ប៉ុន្តែទើបតែរយៈពេល ១០ថ្ងៃចុងក្រោយនេះ ជំងឺទឹកនោមផ្អែម របស់គាត់ ធ្វើទុក្ខខ្លាំង ដោយបណ្ដាលទៅជាហើម និងមានដំបៅនៅជើងខាងឆ្វេង ទើបនៅថ្ងៃអាទិត្យ ទី១៨ ខែមករា ឆ្នាំ២០២៦ គាត់បានសុំច្បាប់មេបញ្ជាការ មកផ្ទះ ហើយក៏ឡើងមកសម្រាកព្យាបាលនៅមន្ទីរពេទ្យ ១៧៩ ភ្នំពេញ (មន្ទីរពេទ្យព្រះកេតុមាលា) នៅថ្ងៃចន្ទ ទី១៩ ខែមករា ឆ្នាំ២០២៦ ។ មកទល់ពេលនេះ គាត់សម្រាកនៅក្នុងមន្ទីរពេទ្យ បានរយៈពេល ៥ថ្ងៃហើយ ដោយមានប្រពន្ធរបស់គាត់ នៅមើលថែដិតដល់ និងកូនៗបានទៅសួរសុខទុក្ខ ព្រមទាំងស្វែងរកជំនួយផងដែរ ។

ស្រ្តីជាកូន បន្តថា ក្នុងរយៈពេល ៥ថ្ងៃ នៃការព្យាបាលនេះ ក្រុមវេជ្ជបណ្ឌិតជំនាញ បានឆ្វៀលកាត់ស្បែកនិងសាច់ដែលផុយរលួយនៅជើងខាងឆ្វេងដែលហើម ដំបៅរលួយនោះចេញ ដោយមិនទាន់ដល់ថ្នាក់កាត់ជើង ដូចអ្នកជំងឺទឹកនោមផ្អែមកម្រិតធ្ងន់មួយចំនួនទេ ប៉ុន្តែគ្រូពេទ្យប្រាប់ថា ត្រូវការសម្រាកព្យាបាលនៅមន្ទីរពេទ្យ រយៈពេលយូរ ព្រោះដំបៅហើមនេះ មិនងាយបានជាសះស្បើយភ្លាមទេ ខណៈដែលជើងគាត់ នៅកម្រើកបានធម្មតា នៅដឹងជើង ។ ម្យ៉ាងទៀត ក្រៅពីមានជំងឺទឹកនោមផ្អែម រហូតដល់ហើមដំបៅជើងនេះ គាត់ក៏មានជំងឺសួត និងត្រូវផ្សែងពុលរបស់ទាហានថៃ ផងដែរ ដែលសុទ្ធសឹងជាធ្ងន់ធ្ងរ ត្រូវការព្យាបាលព្រមទៅជាមួយគ្នា ។
ចំពោះមូលហេតុដែលធ្វើឲ្យជំងឺទឹកផ្អែម របស់ឪពុក ដល់ថ្នាក់ហើមដំបៅជើងម្ខាងនេះ ស្រ្តីជាកូន បញ្ជាក់ថា ក្នុងពេលប្រយុទ្ធគ្នា រយៈពេល២១ថ្ងៃ ជាមួយកងទ័ពថៃ នៅសមរភូមិខេត្តព្រះវិហារ នោះ ឪពុករបស់នាង មានតួនាទីជាអ្នកពិនិត្យនិងចែកគ្រាប់ ឲ្យពលទាហាន ហើយគាត់ក៏ជំពប់ជើងដួលនៅក្នុងព្រៃ តែភ្លាមៗ គាត់មិនចាប់អារម្មណ៍ និងមិនឈឺចាប់អ្វីខ្លាំងទេ ហើយក៏មិនស្មានដល់ថា វាហើមខ្លាំង និងក្លាយទៅជាដំបៅ ស្មានតែវាមិនអី ក៏ចេះតែបន្តប្រយុទ្ធជាមួយសត្រូវ នៅក្នុងគ្រានោះ ។ លុះចប់ការបាញ់គ្នាហើយ គាត់ក៏មិនព្រមទៅពេទ្យ ចេះតែនៅបំពេញភារកិច្ចនៅសមរភូមិ ដោយការប្រុងប្រយ័ត្នខ្ពស់ សូម្បីតែប្រពន្ធកូន នៅឯកស្រុក ក៏គាត់មិនប្រាប់ឲ្យដឹងពីស្ថានភាពជំងឺគាត់ ធ្វើឲ្យក្រុមគ្រួសារមិនចាប់អារម្មណ៍នឹកភ្នកដល់រឿងនេះ ក្រៅតែពីសួរសុខទុក្ខគាត់ធម្មតា តាមទូរស័ព្ទ ។ ប៉ុន្តែពេលនេះ ក្រោយរូបគាត់ត្រូវបានបញ្ជូនមកដល់មន្ទីរពេទ្យ នៅរាជធានីភ្នំពេញ ទាំងម្ដាយដែលត្រូវជាភរិយារបស់គាត់ និងពួកនាងជាកូនៗ មានក្ដីបារម្ភពីសុខភាពរបស់គាត់ណាស់ ខំបន់ស្រន់សុំឲ្យគាត់បានជាសះស្បើយ ។

អ្នកស្រី ហ៊ាន ស្រីណា បញ្ជាក់បន្ថែមថា ជាមួយនឹងការបន់ស្រន់ ពួកនាងនិងម្ដាយ មានការជឿជាក់ថា ក្រុមគ្រូពេទ្យ នឹងជួយព្យាបាលឪពុករបស់នាងឲ្យបានជាសះស្បើយឡើងវិញ បើទោះបីត្រូវចំណាយពេលយូរក៏ដោយ ហើយនៅក្នុងការព្យាបាលនេះ ក្រៅពីគ្រូពេទ្យយកចិត្តទុកដាក់ និងមានក្រមសីលធម៌ខ្ពស់ តាមវិជ្ជាជីវៈ ខាងមន្ទីរពេទ្យ មិនយកថ្លៃសេវាទេ គឺព្យាបាលដោយឥតគិតថ្លៃ ក្នុងនាមគាត់ជាវីរកងទ័ពដែលបានលះបង់ អាយុជីវិតដើម្បីជាតិមាតុភូមិ ។ ប៉ុន្តែអ្វីដែលជាកត្តាប្រឈមនោះ គឺខ្វះខាតលុយកាក់ក្នុងការដោះស្រាយទិញសម្ភារៈ ចាយវាយប្រចាំថ្ងៃ ព្រោះជីវភាពគ្រួសារមិនសូវធូរធារ ការចាយវាយផ្សេងៗពិតជាត្រូវចំណាយច្រើន ក្នុងរយៈពេលដែលគាត់ត្រូវបន្តការព្យាបាលយូរ ហើយបើសុខភាពគាត់លែងអំណោយផល លែងឲ្យគាត់មានឱកាសបានទៅបម្រើការនៅអង្គភាព និងនៅសមរភូមិនោះ រឹតតែជាការពិបាកមួយកម្រិតទៀតសម្រាប់គាត់ ។ ដូច្នេះក្នុងនាមជាកូន នាងសូមអំពាវនាវសប្បុរសជន បងប្អូនជនរួមជាតិខ្មែរ មេត្តាជួយបរិច្ចាគថវិកា ផ្គត់ផ្គង់ជីវភាព និងការហូបចុករបស់ឪពុកនាង នៅមន្ទីរពេទ្យ តាមកម្លាំងសទ្ធាជ្រះថ្លា និងលទ្ធភាពរៀងៗខ្លួនផង ។

អ្នកស្រី ហ៊ាន ស្រីណា បានអំពាវនាវថា “ចា! ក្រុមគ្រួសារខ្វះខាតក្នុងការទិញអីឲ្យគាត់ (ឪពុក) ហូបចុក ព្រោះអីពេទ្យថា ដេករយៈពេទ្យ យូរអង្វែង ហើយគាត់មិនមែនមានតែទឹកនោមផ្អែម គាត់មានពុលថ្លើម ទឹកដក់ក្នុងសួតទៀត គឺមានជំងឺពីរបីមុខ មិនមែនតែទឹកនោមផ្អែម មួយមុខទេ ។ ក្នុងនោះ គាត់មានជាតិពុលក្នុងថ្លើម ដោយសារអាសៀមហ្នឹង វាបាញ់ផ្សែងពុល ។ រីឯការព្យាបាលនៅមន្ទីរពេទ្យនេះ មិនអស់ថវិកាទេ តែយើងត្រូវការទិញសម្ភារៈប្រើប្រាស់ ការហូបចុកប្រចាំថ្ងៃ ដែលត្រូវចំណាយលុយខ្លួនឯង ។ ដូច្នេះខ្ញុំចង់ឲ្យប្រជាពលរដ្ឋខ្មែរយើង ជួយឧបត្ថម្ភថវិកាម្នាក់បន្តិចបន្តួច ដើម្បីផ្គត់ផ្គង់ការហូបចុកក្នុងអំឡុងពេលព្យាបាលគាត់ គាត់ត្រូវប្រើពេលព្យាបាលយូរអង្វែង ដោយមិនដឹងថា ប៉ុន្មានខែ ទៅមុខទេ ហើយក៏មិនដឹងថា គាត់បានវិលទៅសមរភូមិវិញ ឬយ៉ាងណាទេ ៕ កុលបុត្រ